ចែករម្លែក

ដោយ:បូកគោ/កំពតៈ ជាមួយនឹងការប្រែក្លាយ ជីវភាពគ្រួសារផ្ទាល់ខ្លួន ឱ្យកាន់ តែ ធូរធារ ពីមួយថ្ងៃ ទៅមួយថ្ងៃនោះ ជាងដំដែកម្នាក់ កំពុងមានមោទនភាពខ្ពស់ ដោយបានផ្តល់ចំណេះដឹងបន្ត ដល់កូនចៅអ្នកស្រុក ដើម្បីរកប្រាក់ចំណូល តាមរយៈជំនាញសិប្បកម្ម បែបបុរាណនេះ។

លោក អ៊ិត ម៉ូហាំម៉ាត់ អាយុ ៣៨ឆ្នាំ ជាងដំដែក រស់នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថាៈ តាំងពីកុមារភាពមក លោកដិតដាម និងប្រឡូកការងារដំដែក ជាមួយលោកឪពុក នៅខេត្តកណ្តាល ដែលជាស្រុកកំណើត។ ក្រោយរៀបអាពាហ៍ពិពាហ៍ លោកក៏បានមករស់នៅ ទីតាំងសព្វថ្ងៃ ជាមួយជីវភាពភាពគ្រួសារ យ៉ាងលំបាក។ ដោយមានចំណេះដឹង ផ្នែកដំដែក ដែលទទួលបានពី លោកឪពុកនោះ ក្នុងឆ្នាំ២០០៩ លោកក៏សង់ខ្ទមស្លឹកតូចមួយ ដើម្បីប្រកបរបរ ដំកាំបិត ពូថៅ លក់។

ជាងស្មិតដដែល បានបន្តថាៈ កាលគ្រាចាប់ផ្តើមដំបូង លោកមានតែកូនអ្នកស្រុកម្នាក់ មកជួយជាកម្លាំង សម្រាប់អាជីវកម្ម ដ៏ហត់នឿយនោះ។ ប៉ុន្តែបន្តបន្ទាប់មក កូនចៅអ្នកភូមិ មានការចាប់អារម្មណ៍ បានមកសុំចូលរួមធ្វើការងារ ដើម្បីទទួលបានចំណេះដឹង ផ្នែកដំដែកនេះ។ បច្ចុប្បន្ន លោកមានលទ្ធភាព សង់រោងសិប្បកម្ម ធំទូលាយ និងមានកម្លាំងកម្មករ ចំនួន ១២ នាក់ កំពុងធ្វើការងារ បន្ទាប់ពីកូនជាង មួយចំនួន បានចាកចេញ ទៅបើកសិប្បកម្ម ដោយខ្លួនឯង។ ទោះបីប្រាក់ចំណូល ប្រចាំខែ គិតជាមធ្យម ត្រឹមប្រមាណ ពីរលានរៀល ព្រោះតែការចំណាយច្រើនក្តី អ្វីដែលមោទនភាពបំផុត គឺលោកបានផ្តល់ចំណេះដឹង បែបបុរាណនេះ ដល់កូនចៅអ្នកភូមិ រហូតអាចឈានទៅបើកអាជីវកម្ម ដោយខ្លួនឯងនោះ។

ពាក់ព័ន្ធនឹងផលិតផល នៅកន្លែងសិប្បកម្មនេះ លោក អ៊ិត មូហាំម៉ាត់ បានបញ្ជាក់ថាៈ សម្រាប់រោងដំដែក របស់លោក មានផលិតប្រដាប់ប្រដារប្រើប្រាស់ ធ្វើពីដែក ស្ទើរគ្រប់ប្រភេទ គ្រប់ធុន ដូចជា កាំបិត ផ្លែពូថៅ ចបកាប់ ចបជីក កណ្ឌៀវ និងឧបករណ៍ផ្សេងៗទៀត។ ដោយឡែក វត្ថុធាតុដើម ដែលយកមកផលិត ជារបស់របរទាំងនោះ គឺលោកទទួលទិញ តែប្រភេទដែកថែប ប៉ុណ្ណោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម