Views: 1
ដោយ: បូកគោ / កំពតៈ ម៉ូតូ ២ គ្រឿង បានទាក់ដៃចង្កូតគ្នា ពេលកំពុងបើកបរ ក្នុងទិសដៅតែមួយ រួចម៉ូតូភាគីម្ខាង ខ្ទាតចូលក្រោមរថយន្ត មកពីខាងមុខ បណ្តាលឱ្យ យុវជនម្នាក់ រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹង ឃុំបឹងនិមល ស្រុកឈូក។

មន្ត្រីសមត្ថកិច្ចនគរបាល បានប្រាប់ឱ្យដឹងថាៈ ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះ អឿត រស្មី អាយុ ២៧ ឆ្នាំ មានទីលំនៅ ភូមិសែនរុងរឿង២ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពដដែល បានរៀបរាប់ថាៈ កាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៣-១១៤ ដោយម៉ូតូ ២ គ្រឿង បានទាក់ដៃចង្កូតគ្នា ពេលកំពុងបើកបរ ក្នុងទិសដៅតែមួយ។ គ្រានោះ ម៉ូតូ ១គ្រឿង បានខ្ទាតចូលក្រោមរថយន្ត ដែលកំពុងបើក មកពីខាងមុខ បណ្តាលឱ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់។ ក្នុងស្ដានភាពបែបនោះ រថយន្តពាក់ព័ន្ធហេតុការណ៍នេះ និងភាគីម៉ូតូម្ខាងទៀត បានបើកគេចបាត់តែម្តង។
សមត្ថកិច្ច បានបន្តថាៈ ភ្លាមៗ អ្នកជិតខាង បានហៅរថយន្តដឹកជនរងគ្រោះ ទៅកាន់ មន្ទីរពេទ្យ តែអកុសល យុវជនរងគ្រោះ បានស្លាប់ ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ សពជនរងគ្រោះ បានតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកស្រុកឈូក រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕ V / N