Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់​ទឹក​ស្ទឹងសែន អាច​លិច​ត្រាំ តំបន់​ជុំវិញ ក្រុង​កំពង់ធំ ច្រើន​ថ្ងៃ​ទៀត​

Views: 11

ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន​នៅ​ក្រុង​កំពង់ធំ បាន​ជន់​លិច​វាលស្រែ និង​តំបន់​ទំនាប នៅ​ជុំវិញ​ក្រុង​នេះ​អស់ហើយ បន្ទាប់ពី​ទឹកបាន​ឡើងដល់​កម្រិត ១៣,៥៨ ម៉ែត្រ លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ នៅ​ថ្ងៃទី​១៨ ខែសីហា រួចមក ហើយ​ការ​លិច​នេះ អាចមាន​រយៈពេល​ច្រើន​ថ្ងៃ​ទៀត ដោយសារ​ទឹកស្ទឹង​នេះ នៅក្នុង​ខេត្តព្រះវិហារ មិនទាន់​ស្រក និង​មាន ភ្លៀង​បន្ថែម មកជា​បន្តបន្ទាប់ តែ​ការ​លិច​នេះ មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយសារ​ជាទូទៅ ប្រជាពលរដ្ឋ​ភាគច្រើន មានការ​អភិវឌ្ឍ​ភូមិដ្ឋាន ដោយ​ចាក់ដី​បន្ថែម ខ្ពស់ៗ មានតែ​សាលារៀន​ទេ ដែល​រង​ការលិចលង់​ខ្លះ​នោះ​។​

​លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុ​និ​យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​ថាៈ ទឹកស្ទឹង​សែន​នៅ​ក្រុង​កំពង់ធំ ថ្ងៃនេះ បន្ត​ឡើង​ថែម​បន្តិចទៀត ធ្វើឱ្យ​កម្ពស់​ទឹក នៅ​ស្ថានីយ​ជល​សាស្ត្រ​កំពង់ធំ ឡើងដល់​កម្ពស់ ១៣,៥៨ ម៉ែត្រ ដោយ​មួយថ្ងៃ ឡើង ០,០១ ម៉ែត្រ គឺ​ឡើង​លើសពី​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ តែ​វា​អាច​នៅ​នឹង ហើយ​ចាប់ផ្តើម​ស្រក​ចុះ​វិញ នៅ​ថ្ងៃស្អែក (១៩ សីហា​) ដោយសារ​ទឹកស្ទឹង​នេះ នៅ​ភាគ​ខាងលើ បាន​ស្រក​ចុះ​ជា​លំដាប់ និង​ពេលនេះ ទ្វារ​ទឹក​ប្រឡាយ នៅតាម​សងខាង​ស្ទឹង ក៏បាន​បើកទ្វារ​ឱ្យ​ទឹក​ហូរ​ចូល ទៅតាម​វាល បន្ទាប់ពី​ប្រជាពលរដ្ឋ បាន​រូតរះ​ច្រូតកាត់​ដំណាំ​ស្រូវ​ទុំ​រួចមក​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ឡើង​ខ្ពស់​នេះ ដោយសារ​នៅ​ភាគ​ខាងលើ មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ម្យ៉ាង នៅ​សងខាង​ដងស្ទឹង មាន​ស្រូវ​ទុំ កំពុង​ច្រូតកាត់ ទ្វារ​ទឹក​នានា នៅតាម​សង ខាង​ស្ទឹង បាន​បិទ មិនឱ្យ​ទឹក​ហូរ​ចូល​លិច​ស្រូវ កំពុង​ទុំ ទើប​ធ្វើឱ្យ​ទឹកស្ទឹង​ឡើង​ខ្ពស់ និង​ស្រក​ចុះ​យឺត​។ តែ​នៅពេលនេះ ទ្វារ​ទឹក​ប្រឡាយ នៅ​សងខាង​ស្ទឹង បាន​បើក​ធ្វើឱ្យ​ទឹក​ហូរ បែក​វាល នៅ​ចម្ងាយ​សងខាង​ស្ទឹង ពី ៥០០ ទៅ ១.០០០ ម៉ែត្រ ត្រូវ​ទឹក​ជន់​លិច​អស់ហើយ តែ​មិនបាន​លិច​ផ្ទះសម្បែង ដែល​គេ​បាន​លើក​ខ្ពស់ៗ​នោះទេ គឺ​លិច​តែ​សាលារៀន ដែល​បាន​សង់​នៅលើ​ទី​ទាប ពីមុនៗ មក​ប៉ុណ្ណោះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​ថាៈ ស្ថានភាព​ទឹកស្ទឹង​សែន នៅថ្ងៃនេះ (១ ៨​សីហា​) បាន​ស្រក​បន្តិច តែ​នៅ​សណ្តាន់ ក្នុង​ខេត្តកំពង់ធំ តែ​នៅក្នុង​ខេត្តព្រះវិហារ មិនទាន់​ស្រក​ចុះ​ច្រើន​ទេ ដោយសារ​មាន​ភ្លៀង​ធ្លាក់​បន្ថែម មក​រាល់ថ្ងៃ​។ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ​ដែល​ឡើង​លិច​តំបន់​ទំនាប​សងខាង​ស្ទឹង អស់ហើយ​នោះ អាច​នឹង​បន្ត​លិច​ត្រាំ រយៈពេល​យូរ​ទៀត ធ្វើឱ្យប៉ះពាល់​ដំណាំ​ស្រូវវស្សា មួយចំនួន និង​សាលារៀន តែ​មិន​ប៉ះពាល់​ដល់ផ្ទះ​ប្រជា ពលរដ្ឋ​ទេ ព្រោះ​ជាទូទៅ ប្រជាពលរដ្ឋ បាន​ចាក់ដី​ឡើង​ខ្ពស់​អស់ហើយ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៣ ខែសីហា​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ វៀតណាម ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប សកម្ម Active Low មួយ នៅលើ​ភាគ​ខាងជើង នៃ​សមុទ្រ​ចិន​ខាងត្បូង រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី បក់​ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

​ក្នុង​សេចក្តីជូនដំណឹង សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ ក៏មាន​ច្រើន​ដោយ​អន្លើ និង​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ បរិមាណ​ទឹកភ្លៀង ធ្លាក់​ច្រើន​បន្តបន្ទាប់ អាច​នឹងធ្វើ​ឲ្យ​ភូមិសាស្ត្រ មួយចំនួន នៃ​ខេត្តកំពង់ធំ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង សារជាថ្មី​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច​ទៅ​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ អាច​បង្ក​មាន​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន នៃ​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕/V​

Post navigation