Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់ទឹកភ្លៀង ធ្វើឱ្យលិចក្រុងពោធិ៍សាត់ និងតំបន់មួយចំនួនក្នុងខេត្ត៖ អាជ្ញាធរមានសមត្ថកិច្ច កំពុងជួយប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់នេះ

Views: 1

ដោយៈ សុក្ខារិន / ពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ច កំពុងជួយប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាប្រមាណជាពីរថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់ជនលិចនៅតំបន់មួយចំនួនក្នុងស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ផងដែរ។

ដោយអនុវត្តន៍តាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អាជ្ញាធរពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានស្រាក់ដៃគ្នា ចុះជួយប្រជាពលរដ្ឋ និងដោះស្រាយផលប៉ះពាល់ បណ្តាលមកពីជំនន់ទឹកភ្លៀងនេះ។

ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំ នៅក្នុងរដូវវស្សា ពេលមានភ្លៀងធ្លាក់ខ្លាំង តែងបង្កទៅជាទឹកជំនន់ ជន់លិចនៅតាមតំបន់មួយចំនួន ស្ថិតតាមបណ្តោយមាត់ស្ទឹង ក្នុងខេត្តពោធិ៍សាត់។

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញ វិធានការនានា បង្ការគ្រោះមហន្តរាយ ដល់អាយុជីវិតពលរដ្ឋ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។

នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ បានចុះទៅដល់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាព ដោយផ្ទាល់ និងរួមគ្នាដាក់ចេញ វិធានការ ជួយពលរដ្ឋរងគ្រោះ។

លោក ខូយ រីដា បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពី ពីរថ្ងៃមុន ភ្លៀងបានធ្លាក់ខ្លាំង នៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិច នៅស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រក នៅផ្នែកខាងលើ ទឹកក៏ហូរទាក់មក ស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ ផ្នែកខាងលើ ទៀតទេនោះ ស្ថានភាពនៃការជន់លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាល ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ទោះបីយ៉ាងណា ក្រោមបទបញ្ជារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តតាមដានស្ថានការណ៍ ហើយដាក់ចេញវិធានការមួយចំនួន បញ្ចៀសផលប៉ះពាល់ កុំឱ្យធ្ងន់ធ្ងរ។ ជាពិសេស ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តន៍តាមបទបញ្ជា​ សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យបានម៉ឺងម៉ាត់ ជួយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងរដូវវស្សានេះ។

យោងតាមរបាយការណ៍របស់លោក កែវ វៃ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបង្កឱ្យប៉ះពាល់ ចំនួន៤ ក្រុង.ស្រុក រួមមាន ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, ប៉ះពាល់ដល់ឃុំ.សង្កាត់ ចំនួន ២១ និង ៦៩ ភូមិ។

បើតាមរបាយការណ៍ បានបន្ថែមថា ផលប៉ះពាល់បឋមរួមមាន ប្រជាពលរដ្ឋចំនួន ៣.៤១០ គ្រួសារ ស្មើនឹង ២.៧៨៥ ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិ ភាព ៥៩៨នាក់, ខូចខាតផ្លូវចំនួន ៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន ៥៤៤,២ ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤,៥ ហិកតា (ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន ៥៤៨ ហិកតា (ក្រូចពោធិ៍សាត់, ទុរេន, សាវម៉ាវ, តាង៉ែន និង ចេក), ជម្លៀសសត្វគោក្របី ចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈមួយចំនួន៕/V/r

Post navigation