Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់ទឹកស្ទឹងពោធិ៍សាត់ឡើងខ្ពស់ជាងឆ្នាំមុនៗចាប់ផ្តើមហូរចូលក្រុងតាមមាត់លូ

Views: 3

ដោយៈប.ខុន/ភ្នំពេញៈទឹកស្ទឹងពោធិ៍សាត់នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានជន់ឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ ដោយទឹកនៅក្រុងពោធិ៍សាត់បានឡើងដល់កម្ពស់ ៥.៥៤ម៉ែត្រ គឺលើសកម្រិតកម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នរហូតដល់កម្ពស់០.៥៤ម៉ែត្រ។ ទឹកស្ទឹកកំពុងហូរចូលក្រុងតាមមាត់លូដែលអាជ្ញាធរបាននឹងកំពុងមានវិធានការទប់ស្កាត់ដោយបិទមាត់លូនិងតម្លើងបាវខ្សាច់នៅតាមទំនប់មាត់ស្ទឹង។

លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថា ទឹកស្ទឹងនៅក្រុងពោធិ៍សាត់នាព្រឹកថ្ងៃ២៩ កញ្ញានេះបានជន់ឡើងដល់កម្ពស់៥.៥៤ម៉ែត្រ ហើយទឹកនៅបន្តកើនឡើង គឺបានឡើងលើសកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នរហូតដល់កម្ពស់០.៥៤ម៉ែត្រហើយ។


ទឹកស្ទឹងពោធិ៍សាត់ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន លោកកែវ វ័យ បានបញ្ជាក់នៅពេលទឹកឡើងដល់កម្ពស់៥ម៉ែត្រ ពេលនេះទឹកបានហូរចូលក្រុងតាម ប្រព័ន្ធលូយ៉ាងខ្លាំង។ អាជ្ញាធរបាននិងកំពុងមានវិធានការទប់មាត់លូនិងតម្លើងបាវខ្សាច់តាមទំនប់មាត់ស្ទឹង។ លោកកែវ វ័យបាននិយាយឱ្យដឹងទៀតថាជំនន់ទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងខ្លាំងខ្ពស់ជាងបណ្តាឆ្នាំមុនៗ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនជាប់គ្នាបីបួនថ្ងៃនៅតំបន់ភ្នំរួចមក។

ស្ថានភាពទឹកស្ទឹងព្រឹកនេះនៅវាលវែងមានកម្ពស់២ម៉ែត្រ នៅក្រវាញមានកម្ពស់៦.៦៣ម៉ែត្រ នៅក្រុងពោធិ៍សាត់មានកម្ពស់៥.៥៤ម៉ែត្រ នៅទន្លេកំពង់លួងមានកម្ពស់៥.៩៩ម៉ែត្រ។ ពាក់ព័ន្ធនឹបញ្ហាជំនន់ទឹកភ្លៀងខាងលើនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចេញចេសក្តីជូនដំណឹងស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលបានហក់ឡើងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបបានកើតឡើងនិងអូសកាត់លើប្រទេសកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយសងខាងស្ទឹងពោធិ៍សាត់បានជ្រាបជាដំណឹងនិងបង្កើនការប្រុងប្រយ័ត្ន។

ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី២៤ ខែកញ្ញា បានជូនដំណឹងថាប្រព័ន្ធសម្ពាធទាបមួយបានកើតឡើងនឹងអូសកាត់លើព្រះរាជាណាចក្រកម្ពុជាព្រមពេលជាមួយគ្នានេះនៅក្នុងសមុទ្រចិនខាងត្បូងមានសម្ពាធទាបសកម្មមួយនឹងរំកឹលចូលមកតំបន់ព្រំប្រទល់កម្ពុជា ឡាវរួចបន្តដំណើរពីកើតមកលិចស្របជួរភ្នំដងរែក។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាសម្ពាធទាបសកម្មនេះនឹងបង្កឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្តាលភាគពាយព្យ អាចមានភ្លៀងពីបង្គួរទៅច្រើននៅអំឡុងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា។ ឯនៅតំបន់មាត់សមុទ្រនាអំឡុងពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ៕/R

Post navigation