Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់ទឹកស្ទឹងលើក្រុងរបស់ខេត្តចំនួនបីនៅជុំវិញបឹងទន្លេសាបចាប់ផ្តើមធូរស្រាល

Views: 3

ដោយៈប.ខុន/ ភ្នំពេញៈជំនន់ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបងបានស្រកចុះផុតកម្រិតត្រូវប្រុងប្រយ័ត្ន ជំនន់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ក៏បានចាប់ផ្តើមស្រកចុះដែរ តែនៅខ្ពស់ជាងកម្រិតត្រូវប្រុងប្រយ័ត្ននិងជំនន់ទឹកស្ទឹងសែននៅក្រុងកំពង់ធំចាប់ផ្តើមនៅនឹងក្នុងកម្រិតកម្ពស់លើសពីការប្រុងប្រយ័ត្ន តែវានឹងធូរស្រលវិញនៅពេលពីរបីថ្ងៃខាងមុខ។


លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ថា ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបងទឹកបានចាប់ផ្តើមស្រកហូរចូលស្ទឹងវិញ ជំនន់ទឹកស្ទឹងពោធិ៍សាត់ក៏បានចាប់ផ្តើមស្រកចុះនិងជំនន់ទឹកស្ទឹងសែននៅក្រុងកំពង់ធំនៅនឹងហើយអាចនឹង ចាប់ផ្តើមស្រកយឺតៗ បន្ទាប់ពីទ្វារអាងទឹករក្សានៅក្នុងខេត្តព្រះវិហារត្រូវបានបិទរួចមក។


អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថាទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបងអាចនឹងធូរស្រាលទៅវិញនៅរសៀលថ្ងៃនេះ(៣០កញ្ញា)ដោយពេលនេះទឹកកំពុង ត្រូវបានហូរចូលស្ទឹងវិញបន្ទាប់ពីបិទទ្វារអាងទឹកពហុបំណងសេកសកបានបិទកាលពីយប់ម្សិលមិញរួចមក។ ឯទឹកស្ទឹងពោធិសាត់ក៏បានចាប់ផ្តើមស្រកចុះនិងទឹកនៅក្រវាញបានស្រកអស់ហើយ។ដោយឡែកនៅក្រុងកំពង់ធំទឹកនៅនឹងត្រឹមកម្ពស់១៣.៧០ម៉ែត្រ(កម្ពស់ប្រុងប្រយ័ត្ន១៣.៥០ម៉ែត្រ)  ទឹកអាចនឹងចាប់ផ្តើមស្រកនៅរសៀលថ្ងៃនេះហើយពីរថ្ងៃទៀតនៅកំពង់ធំអាចធូរស្រលវិញហើយ។
លោកចាន់ យុត្ថាក៏បានប្រាប់ឱ្យដឹងផងដែរអំពីស្ថានភាពទឹកស្ទឹងបវេលដែលកំពុងជន់ឡើងលើសកម្រិតឱ្យមានការប្រុងប្រយ័ត្នរហូតដល់ពីរម៉ែត្រនៅសំណង់ស្ទាក់ តាហែន ដោយសារទឹកជំនន់មកពីស្ទឹងគំរៀងបន្ទាប់ពីមានភ្លៀងធ្លាក់ច្រើននៅតាមព្រំដែនកម្ពុជាថៃ។ជំនន់ទឹកស្ទឹងបវេលមានអំណោយផលល្អដល់ការទាញយកទឹកបញ្ចូល អាងកំពីងពួយដែលអាចទទួលយកទឹកបានដល់កម្ពស់ពីរម៉ែត្រទៀត។ ចំណែកស្ថានភាពធាតុអាកាសវិញក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះនិងពីរបីថ្ងៃខាងមុខសម្រាប់តំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ និង ស្ទឹងពោធិ៍សាត់មិនឃើញមានភ្លៀងធ្លាក់ថែមមកទៀតនោះទេ។
លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ខែកញ្ញាថា ទឹកស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះវិញបន្ទាប់ពីបានឡើងដល់កម្ពស់១៤.០៨ម៉ែត្រ(កម្ពស់ប្រុងប្រយ័ត្ន១៤.៥០ម៉ែត្រ)នៅម៉ោងជាង៩យប់ថ្ងៃទី២៩ខែកញ្ញានិងនៅព្រឹកថ្ងៃទី៣០ខែកញ្ញាទឹកបានស្រកមកនៅក្នុងរង្វង់១៣ ម៉ែត្រនិងបន្តស្រកចុះហើយទឹកដែលបានហូរចេញពីស្ទឹងតាមលូរទឹកភ្លៀងទៅលិចតំបន់ទំនាបក្នុងក្រុងបានចាប់ផ្តើមហូរចូលស្ទឹងវិញហើយ។


លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ខែកញ្ញាដែរថាទឹកស្ទឹងនៅក្រុងពោធិ៍សាត់ ដែលបាន ឡើងដល់កម្រិតខ្ពស់បំផុត៥.៦៤ម៉ែត្រ(កម្ពស់ត្រូវប្រុងប្រយ័ត្ន៥ម៉ែត្រ)កាលពីម៉ោង១០យប់ថ្ងៃទី២៩ខែកញ្ញា នៅព្រឹកថ្ងៃទី៣០ខែកញ្ញាទឹកបានស្រកចុះទៅវិញ០.០៥ម៉ែត្រហើយ នឹងកំពុងបន្តស្រកចុះ បន្ទាប់ពីនៅផ្នែកខាងលើនៃស្ទឹងពោធិ៍សាត់ទឹកបានស្រកអស់រួចមក៕

Post navigation