Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនួបរវាងប្រធាន គ.ជ.ប. ជាមួយគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភា ប្រើភាសាបារាំង

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) បានទទួលជួបសវនាការជាមួយលោក គ្រីសស្តុហ្វ អង់ដ្រេ ហ្រា្វសា (Christophe- André Frassa) សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋបារាំង និងជាប្រធានគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង រួមជាមួយសហការី នៅទីស្ដីការ គ.ជ.ប. ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងការបោះឆ្នោត នៅប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. បានមានប្រសាសន៍ថាៈ បន្ទាប់ពីការ បោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្ដោះ អាសន្ន នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា “UNTAC” រួចមក ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះ ឆ្នោត ដោយខ្លួនឯង ទាំងសកល ទាំងអសកល យ៉ាងទៀងទាត់ តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត បានចំនួន ១៦ លើក រួចមកហើយ។

លោក ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូន អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តដោយជោគជ័យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានតម្លាភាព។ ការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយ មានការចូលរួមតាមដាន និងឃ្លាំមើលពី សំណាក់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ភ្ញៀវពិសេសដែលជាប្រតិភូនៃបណ្តាស្ថានទូត និងស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការ សង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍ កោតសរសើរ និងគាំទ្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថា បានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយជោគជ័យ គួរឱ្យកត់សម្គាល់។

លោកប្រធាន គ.ជ.ប. បានបន្តថាៈ ការកែលម្អ និងធ្វើឱ្យប្រសើរឡើង ទាំងក្នុងក្របខ័ណ្ឌ ច្បាប់ និងបច្ចេកទេស ពិសេសការពង្រឹង និងពង្រីកវិសាលភាព នៃការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ការគ្រប់គ្រង និងបច្ចេកទេសក្នុងការរៀបចំ ការបោះឆ្នោត បានបង្កើនប្រសិទ្ធភាពការងារ តម្លាភាព ភាពឆាប់រហ័ស និងជំនឿទុកចិត្ត លើការងារបោះឆ្នោត ជាលទ្ធផល ប្រជាពលរដ្ឋដ៏ច្រើនកុះករ ចំនួន ៨០,៣២% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតដោយសេរី ដោយរីករាយ និងទំនុកចិត្ត ដោយគ្មានការភ័យខ្លាច និងការគាបសង្កត់។

ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោកប្រធាន គ.ជ.ប. បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន គ.ជ.ប. បាននិងកំពុងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហើយការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកប្រធាន គ.ជ.ប. ក៏បានជម្រាបជូនប្រតិភូអំពី សេចក្តីព្រាងបទបញ្ជា​ និងនីតិវិធី នៃការបោះឆ្នោត សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់ ក្នុងការប្រតិបត្តិការការងារបច្ចេកទេសបោះឆ្នោតជាក់ស្ដែង និងបានផ្ញើជូនគ្រប់ ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់ ជាជំហានដំបូង ហើយពេលនេះ គ.ជ.ប. កំពុងធ្វើការពិនិត្យសិក្សា និងពិចារណាលើរាល់មតិយោបល់ របស់ភាគីពាក់ព័ន្ធ ដែលបានលើកឡើង ដោយផ្អែកលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជាធរមាន និងសម្រេចអនុម័តជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូបេសកកម្មសុឆន្ទៈ លោក គ្រីសស្តុហ្វ អង់ដ្រេ ហ្រា្វសា (Christophe- André Frassa) សមាជិកព្រឹទ្ធសភានៃ សាធារណរដ្ឋបារាំង និងជាប្រធានគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង និងសហការី បានលើកជាសំណួរទៅលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. ។

ឆ្លើយតបនឹងសំណួររបស់ប្រតិភូ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. បានជម្រាបជូន ដូចតទៅ ៖ – គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋប្រមាណ ៨៨.៧៦% បានចុះឈ្មោះ បោះឆ្នោត និងគម្រោងការិយាល័យបោះឆ្នោតមានប្រមាណ ២៣.៧៦០ ការិយាល័យ។ – ចំពោះប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជាគឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ។ – ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានរយៈពេល ២១ថ្ងៃ។ និងគ្មានហិរញ្ញប្បទានរបស់រដ្ឋ ផ្តល់ជូនគណបក្សនយោបាយទេ ហើយការឃោសនា ប្រព្រឹត្តទៅតាមគ្រប់រូបភាព និងមានការបែងចែកម៉ោងឃោសនាស្មើគ្នា នៅតាមបណ្តាញ ផ្សព្វផ្សាយរបស់រដ្ឋ។ – បេក្ខជនត្រូវឈរឈ្មោះបោះឆ្នោតតាមបញ្ជីគណបក្សនយោបាយ មិនមែនតាម ប្រព័ន្ធឯកត្តនាមនោះទេ។ – នៅគ្រប់ការិយាល័យរាប់សន្លឹកឆ្នោតមានមន្ត្រីបោះឆ្នោត អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ (ភ្នាក់ងារគណបក្សមានសិទ្ធិតវ៉ា និងប្តឹង)។ – ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសិទ្ធិបោះឆ្នោត និងត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ អ្នកផ្លាស់ប្តូរទីលំនៅ ត្រូវចុះឈ្មោះថ្មី និងត្រូវលុបឈ្មោះនៅឃុំ សង្កាត់ចាស់។

ឆ្លើយតបទៅនឹងសំណួរ អំពីសមាសភាព គ.ជ.ប. លោក ប្រាជ្ញ ចន្ទ ជម្រាបជូនថាៈ ក្រោយគណបក្សមួយ ត្រូវបានរំសាយនៅឆ្នាំ២០១៧ មានសមាជិក គ.ជ.ប. មួយចំនួន សុំលាឈប់។ បន្ទាប់មក សមាសភាព គ.ជ.ប. ត្រូវបានរដ្ឋសភាជ្រើសរើសបំពេញ តាមរូបមន្ត បួន បួន បូក ១។ ប្រធាន អនុប្រធាន សមាជិក គ.ជ.ប. ត្រូវលាឈប់ពី គណបក្សនយោបាយ ហើយអាចចូលជាសមាជិកគណបក្សនយោបាយវិញបាន ក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីបញ្ចប់អាណត្តិការងារ ឬបាត់បង់តំណែង។ ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប. មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតអាណត្តិ នៅពេលសមាជិកថ្មី ចូលកាន់តំណែង។

នៅទីបញ្ចប់ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃជំនួបពិភាក្សា រយៈពេល ជិតពីរម៉ោង ដ៏មានសារប្រយោជន៍ និងមានការជូនកាដូ ជាអនុស្សាវរីយ៍ទៅវិញទៅមក ដោយភាពស្និទ្ធស្នាល និងរីករាយ៕/V

Post navigation