
ទីបំផុត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ លោក ជា មុនី ដែលគេស្គាល់ថាជាអតីតប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) និងត្រូវជាប្អូនប្រុសបង្កើតរបស់សពលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីឈ្មោះនោះបានសម្រេចចិត្តធ្វើលិខិតលាយលក្ខណ៍អក្សរសុំចូលរួមសុខរួមទុក្ខជាមួយគណបក្ស ភ្លើងទៀន (CandleLight Party) ជាផ្លូវការហើយ ។
ការណ៍ដែលលោក ជា មុនី ស្ម័គ្រចិត្តសុំចូលរួមសុខរួមទុក្ខជាមួយគណបក្ស ភ្លើងទៀន ដោយសាររូបលោកយល់ឃើញថា គណបក្ស ភ្លើងទៀន មានកម្មវិធីនយោបាយយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ក្រោមបាវចនា «សីលធម៌ សច្ចធម៌ យុត្តិធម៌» យ៉ាងពិតប្រាកដ ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ គណបក្ស ភ្លើងទៀន ក៏បានចូលរួមប្រកួតប្រជែងជាមួយគណបក្សនយោបាយចំនួន១៦ផ្សេងទៀតក្នុងចំណោមគណបក្សនយោបាយដែលបានដាក់បេក្ខជនចួលរួមបោះឆ្នោតសរុបចំនួន១៧ ខណៈគណបក្ស ភ្លើងទៀន ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋកត់សម្គាល់ឃើញថាជាគណបក្សនយោបាយមានរូបភាពលេចធ្លោលំដាប់ទី២បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ៕