Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជម្រុះ​យូរ៉ូ​២០២៤ ៖ បែលហ្ស៊ិក​និង​អង់គ្លេស​រំពឹង​ឈ្នះ​ងាយៗ​លើ​គូប្រកួត​

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ខាងក្រោម​នេះ​ជា​ការប្រកួត ២ គូ​សម្រាំង​សម្រាប់​ការប្រកួត​ជម្រុះ​យូរ៉ូ ២០២៤ សម្រាប់​ថ្ងៃ​សៅរ៍​។

* បែលហ្ស៊ិក​ស៊ុត​ចូល​ជា​មធ្យម ៣ គ្រាប់​ក្នុង ៣ ប្រកួត​នៃ​ការប្រកួត ៤ លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ឈ្នះ ៣-០ ពីរដង​។​
* អា​ហ្សែ​បៃ​ហ្សង់​បាន​របូត ១០ គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ Euro 2024 ចំនួន​៣​លើ​ក​របស់​ពួកគេ​មកទល់ពេលនេះ​។​
* Romelu Lukaku រកបាន​៧​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៤​លើកចុងក្រោយ​សម្រាប់​បែ​ល​ហ្ស៊ិ​ក​។​

​អា​ហ្សែ​បៃ​ហ្សង់​រក​បាន​ត្រឹមតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ជម្រុះ Euro 2024 ចំនួន​៣​លើក​មក​ទល់​ពេល​នេះ ហើយ​ពួកគេ​អាច​ចាញ់​ទក់​សាច់​ទៀត​នៅពេល​ដែល​ក្រុម​បែលហ្ស៊ិក​ដែល​ស៊ុត​បំប៉ោង​សំណាញ់​គ្មាន​ត្រា​ប្រណី​ធ្វើដំណើរ​មក​កាន់​ទីក្រុង Baku ។​

​ក្រុម​ម្ចាស់ផ្ទះ ដែល​គេ​ចាត់ទុក​ជា​ក្រុម​ខ្សោយ​សម្រាប់​ការប្រកួត​ថ្ងៃ​សៅរ៍​នេះ បាន​របូត ១០ គ្រាប់​ក្នុង​ការប្រកួត​ចំនួន ៣ លើក​មក​ទល់​ពេល​នេះ ហើយរ​ក​បាន​តែ​១​ពិន្ទុ​គត់​ក្នុងផ្ទះ​ទល់​នឹង​អេ​ស្តូ​នីក្នុង​ខែមិថុនា​។ ពួកគេ​បាន​ចាញ់​អូទ្រីស ៤-១ និង ចាញ់​ស៊ុយអែត ៥-០ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ដែល​មាន​ប្រយុទ្ធ​គុណភាព​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ការទទួល​ជ័យជម្នះ ៣-០ របស់​បែលហ្ស៊ិក​នៅ​ទឹកដី​អេ​ស្តូ​នីក្នុង​ខែ​មិថុនា បាន​ធ្វើឱ្យ​ប្រទេស​នេះ​មាន ៧ ពិន្ទុ​ពី​លទ្ធភាព ៩ ពិន្ទុ​ពេញ​ក្នុង​វគ្គ​ជម្រុះ​។​

​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​ជា​មធ្យម ៣ គ្រាប់​ក្នុង ៣ ប្រកួត​នៃ​ការប្រកួត​៤​លើក​ចុងក្រោយ​របស់​ពួកគេ​។ ដោយ​គិត​ពី​របៀប​ដែល​អា​ហ្សែ​បៃ​ហ្សង់​ចាប់ផ្តើម ក្រុម​ភ្ញៀវ​គួរតែ​អាច​ស៊ុត​ចូល​ពួកគេ​ចាប់ពី​៣​គ្រាប់​ឡើងទៅ​។​

Romelu Lukaku ត្បិត​លេង​កម្រិត​ក្លិប​មិនល្អ ប៉ុន្តែ​កម្រិត​ជម្រើសជាតិ​រូបគេ​នៅតែ​អាច​រក​គ្រាប់​បាល់​បាន​ងាយៗ​ដដែល​។ រូបគេ​រកបាន ៧៥ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១០៨ ប្រកួត​សម្រាប់​ប្រទេស​របស់​ខ្លួន ហើយ​នៅតែ​ជា​ការគំរាមកំហែង​ដ៏​ធំ​។ កីឡាក​រវ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​នៅក្នុង​ការបង្ហាញ​ខ្លួន​ទាំង ៤ លើ​ក​របស់​បែលហ្ស៊ិក​ចាប់តាំងពី​ការប្រកួត World Cup ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៧ គ្រាប់​សរុប​។​

​លទ្ធផល​ទស្សនទាយ បែលហ្ស៊ិក​ឈ្នះ ៣-០​។​

* អង់គ្លេស​ឈ្នះ​៤​ប្រកួត​ចុងក្រោយ​ដោយ​គ្រាប់​បាល់​សរុប ១៥-១​។​
* អ៊ុយ​ក្រែន​រកបាន ៧ គ្រាប់​ក្នុង ៣ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* Harry Kane រកបាន ៣ គ្រាប់​ក្នុង ៣ ប្រកួត​សម្រាប់​ក្រុម​ថ្មី Bayern Munich​។​

​អង់គ្លេស​ក្នុង​វគ្គ​ជម្រុះ​ក្រោម​ការដឹកនាំ​របស់​លោក Gareth Southgate គឺ​ពិតជា​ខ្លាំងក្លា​ណាស់ ហើយ​ពួកគេ​បានបង្ហាញ​វា​ម្តងទៀត​នៅក្នុង​យុទ្ធនាការ​ជម្រុះ Euro 2024 នេះ ដោយ​បាន​យក​ឈ្នះ​ការប្រកួត​ទាំង ៤ របស់​ពួកគេ​។​

​ក្រុម​តោ​កំណាច​ទាំងបី​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ជ័យជម្នះ ២-១ នៅ​ទឹកដី​អ៊ីតាលី មុន​ពេល​ឈ្នះ ២-០ ក្នុងផ្ទះ​ទល់នឹង​អ៊ុ​យក្រែន​។​

​អង់គ្លេស​បាន​ឈ្នះ​ពីរដង​ទៀត​លើ​ម៉ា​ល់តា​និង​ម៉ា​សេ​ដូនី​ខាងជើង ដោយ​ស៊ុត​ចូល​ទី​សរុប​ដល់​ទៅ ១១ គ្រាប់​។​

​កូនក្រុម​របស់លោក Southgate កំពុង​ឈរ​លើ​កំពូល​តារាង ប៉ុន្តែ​នឹង​មិន​ចង់​លេង​បន្ធូរដៃ​ឱ្យ​ម្ចាស់ផ្ទះ​អ៊ុយ​ក្រែន​នៅ​ថ្ងៃនេះ​ទេ ត្បិត​នឹង​បញ្ចូល​កីឡាករ​ថ្មីៗ​ច្រើន​នាក់​ក៏ដោយ​។​

​កីឡាករ​ដូចជា Levi Colwill នៅ​តំបន់​ការពារ Eberechi Eze នៅ​ខ្សែបម្រើ និង Eddie Nketiah នៅ​ខ្សែប្រយុទ្ធ ត្រូវបាន​ផ្តល់​ឱកាស​ក្នុង​ក្រុម​អង់គ្លេស បើទោះបីជា​អ្នកគាំទ្រ​មួយចំនួន​ខកចិត្ត​ចំពោះ​ការបន្ត​ដាក់ Jordan Henderson, Harry Maguire និង Kalvin Phillips នៅ​កៅអី​បម្រុង​ក៏ដោយ​។​

​ការដាក់បញ្ចូល​កីឡាករ​ក្មេងៗ​ទាំង​បី​នាក់​នោះ​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​លោក Southgate ចំពោះ​ក្រុម​ស្នូល​របស់​ជម្រើសជាតិ ហើយ​ប្រហែលជា​គួរឱ្យ​ភ្ញាក់ផ្អើល​ដែល​ពួកគេ​មិន​មាន​ឱកាស​ច្រើន ត្បិត​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២១ ឆ្នាំ​បាន​ឈ្នះ​ជើងឯក​អឺរ៉ុប​នៅ​រដូវក្តៅ​នេះ​ក្តី​។​

​ទោះយ៉ាងណា អង់គ្លេស​គួរតែ​អាច​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី​៥​ជាប់ៗ​គ្នា​នៅពេល​ដែល​ពួកគេ​ជួប​គូប្រកួត​មួយ​នេះ​។​

​អ៊ុយ​ក្រែន​បានងើបឡើង​វិញ​យ៉ាង​ល្អ​ពី​បរាជ័យ​ដ៏​ខកចិត្ត ២-០ របស់​ពួកគេ​លើ​ក្រុម​អង់គ្លេស ដោយ​ស្មើ ៣-៣ ជាមួយ​អាល្លឺម៉ង់ មុន​ពេល​ទទួល​ជ័យជម្នះ​លើ​ក្រុម​ម៉ា​សេ​ដូនី​ខាងជើង​និង​ម៉ា​ល់តា ហើយ​ពួកគេ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ ២ តាម​ពីក្រោយ​ក្រុម​អង់គ្លេស​ក្នុង​ពូ​ល​។​

​ក្រុម​ម្ចាស់ផ្ទះ ដែល​នឹង​លេង​ការប្រកួត​នេះ​ក្នុង​ទឹកដី​ប៉ូឡូញ ទំនងជា​នឹង​ត្រូវ​ប្រកួត​ជម្រុះ​២​លើ​ក​ជាប់ៗ​គ្នា​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​សម្រាប់​ក្រុម​លេខ ២ ក្នុង​ពូ​ល ហើយ​មើលទៅ​មានឱកាស​ខ្ពស់ជាង​អ៊ីតាលី​។​

​សមាជិក​ក្រុម​អ៊ុយ​ក្រែន​ភាគច្រើន​លេង​ក្នុង​លី​ក​កំពូល​ទាំង​ប្រាំ ដោយ Viktor Tsygankov និង Artem Dovbyk ទាំង​ពីរ​នាក់​កំពុង​លេង​ល្អ​នៅ​ក្លិប Girona ក្នុង La Liga ខណៈ​ខ្សែការពារ​កណ្តាល​វ័យក្មេង Illya Zabarnyi បាន​ជាប់​ឈុត​ធំ​របស់ Bournemouth នៅ​អាយុ ២១ ឆ្នាំ​រួច​ទៅ​ហើយ​។​

​ក្រុម​របស់​លោក Serhiy Rebrov កំពុងតែ​រីកចម្រើន និង​លេង​បាល់​បាន​ល្អ​ខ្លាំងណាស់ តែ​ទោះ​យ៉ាងណា កម្រិត​របស់​ពួកគេ​នៅ​មិនទាន់​អាច​យកឈ្នះ​លើ​អង់គ្លេស​បាន​ទេ តែ​អាច​ស៊ុត​ចូល​អង់គ្លេស​យ៉ាងហោច​១​គ្រាប់​ដែរ​។​

​លទ្ធផល​ទស្សនទាយ អង់គ្លេស​ឈ្នះ ៣-១៕

​អង់គ្លេស​កំពុង​ខ្លាំង មានសង្ឃឹម​ខ្ពស់​ថា​នឹង​បំបាក់​អ៊ុយ​ក្រែន​នៅ​ទឹកដី​ប៉ូឡូញ

Post navigation