ដោយ: គ្រញូង / បាត់ដំបង: ជនជាតិវៀតណាមចំនួន៤នាក់ ដែលចូលមករស់នៅដោយខុសច្បាប់នៅចំណុច ផ្ទះជួលស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួចបញ្ជូនទៅស្រុកកំណើតវិញ កាលពីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ខេត្តបាត់ដំបង បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់នេះ ត្រូវកម្លាំងផ្នែកសន្តិសុខដឹកនាំដោយលោកវរសេនីយត្រី ទឹម វិឆ័យ បានចុះធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលភាពស្របច្បាប់ទៅលើជនបរទេស(ជនជាតិវៀតណាម) នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ហើយក៍ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋានគរបាលខេត្តដោយជនទាំងនេះគ្មានឯកសារអ្វីទាំងអស់។
លោកស្នងការរងបានបញ្ជាក់ថា ជនជាតិវៀតណាមចំនួន៤នាក់មាន: ១.ឈ្មោះ វីង វាំងដូង (Ving Vangdong) ភេទប្រុស អាយុ ៣៥ឆ្នាំ ២.ឈ្មោះ វិន វ៉ា (Vin Ra) ភេទស្រី អាយុ ៣១ឆ្នាំ ៣.ឈ្មោះ វីង ទីងដាក (Ving Tingdak) ភេទប្រុស អាយុ ១៤ឆ្នាំ និង៤.ឈ្មោះ វីង ធី ធិនទែង (Ving Thytindeng) ភេទស្រី អាយុ ២ឆ្នាំមកស្នាក់នៅដោយគ្មានឯកសារស្របច្បាប់៕