Views: 5
ដោយៈ គង់ហេង/ កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋចំនួន ៥៧ គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកស្ទឹងត្រង់ កាលពីពេលថ្មីៗនេះ។
ពិធីចែកអំណោយ និងសំណេះសំណាលសួរសុខទុក្ខខាងលើបានប្រព្រឹត្តទៅនៅក្នុងសាលាស្រុកស្ទឹងត្រង់ កាលពីរសៀលថ្ងៃទី ៣១ មីនា។ ក្នុងនោះគ្រួសាររងគ្រោះចំនួន ៥៧ គ្រួសារក្នុងឃុំព្រែកក់ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម,មី មួយ កេស,ទឹកត្រីមួយយួរ និងតង់ មួយ។ ដោយឡែកសម្រាប់គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរចំនួន ប្រាំ គ្រួសារ មួយគ្រួសារទទួលបានថវិកាចំនួន ២០ម៉ឺន រៀល និងគ្រួសាររងគ្រោះមធ្យមចំនួន ៥២ គ្រួសារទទួលបានចំនួន ១០ម៉ឺន រៀល។
សូមរំលឹកថា កាលពីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ខ្យល់កន្ត្រាក់ បានបោកបក់ លាយឡំនឹងភ្លៀងរន្ទះបានគ្របដណ្តប់លើស្រុកស្ទឹងត្រង់ និងស្រុកបាធាយបណ្តាលឱ្យរងគ្រោះរលំផ្ទះ និងរបើកដំបូល ផ្ទះ សាលារៀនប៉ះពាលគ្រួសារប្រជាពលរដ្ឋសរុបចំនួន ៩៣ គ្រួសារ គឺស្រុកស្ទឹងត្រង់ចំនួន ៥៧ គ្រួសារ និងស្រុកបាធាយចំនួន ៣៦ គ្រួសារ៕







