ចែករម្លែក

ដោយៈ​សន ប៊ុន​ស៊ីម/ភ្នំពេញៈឆាន់ វុត្ថា គឺជា​ម្ចាស់​ជ័យលាភី​វ័យ​២៧​ឆ្នាំ មកពី​ខេត្តព្រៃវែង​។ សាច់រឿង​របស់ វុត្ថា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ស្ទួន ក្នុងចំណោម​ជ័យលាភី​ទាំង​៩​រូប​ផ្សេងទៀត នៅក្នុង​កម្មវិធី​អក្សរ​សិ​ល្បិ៍​ស្លឹករឹត​លើក​ទី​១ ឆ្នាំ​២០២០ រៀបចំ​ដោយ​សមគម​អ្នកនិពន្ធ​ខ្មែរ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាលពី​ខែកក្កដា​កន្លងទៅ​។
​វុត្ថា បាន​រៀបរាប់ថា​”​កត្តា​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​សរសេរ​រឿងនេះ​ដល់​ចប់​ព្រោះ​ខ្ញុំ​ចង់​បង្ហាញថា ជីវិត​យើង​រស់នៅ​មិនត្រូវ​អស់សង្ឃឹម​ឡើយ​។ យើង​ត្រូវ​រស់នៅ​ប្រឈមមុខ​ចំពោះ​ការពិត បើ​ដួល​យើង​ត្រូវ​ហ៊ាន​ក្រោក​ដើរ​បន្តទៀត​។ ពេល​ខ្ញុំ​សរសេរ​សាច់​រឿងនេះ ខ្ញុំ​បាន​ស្វែងយល់​អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅក្នុង​របប​ខ្មែរក្រហម តាមរយៈ​ការនិទាន​ប្រាប់​ពី​លោកយាយ និង​ម្តាយ​ខ្ញុំ​។ ឪពុកម្តាយ​ខ្ញុំ សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​របប​នេះ​។ គាត់​ប្រាប់ថា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​នៅពេលនោះ​លំបាក​ណាស់ ពោលគឺ​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​ត្រូវ​ធ្វើការ​ហួសកម្លាំង​ជាដើម​។ ខ្ញុំ​យល់ថា ការសរសេរ​រឿង​អំពី​របប​ខ្មែរក្រហម អាច​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ និង​ជួយ​ឲ្យ​អ្នក​ដែល​បាន​រួច​រស់​ជីវិត​ពីរ​បប​នេះ​ធូរស្បើយ​ក្នុង​ចិត្ត​”។​

លោកជំទាវ ទន់ សា​អ៊ី​ម (​ឆ្វេង​), ឆាន់ វុត្ថា (​កណ្ដាល​), និង លោកស្រី សូ ហ្វា​រី​ណា (​ស្តាំ​) នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ជូន​ជ័យលាភី​ទាំង​៩​រូប នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត នៅ​ថ្ងៃទី ២៧ ខែ​កក្ដ​ដា ឆ្នាំ​២០២០ (​សន ប៊ុន​ស៊ីម​/​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​


​ជើងមេឃ​ពណ៌​ក្រហម គឺជា​កំណត់ត្រា​ដែល​និយាយ​អំពី​មនោសញ្ចេតនា​សោកសៅ​នៅ​អតីតកាល​។ រស្មី គឺជា​នាម​តួអង្គ​នៅក្នុង​រឿង ដែល​កាលនោះ​មាន​អាយុ​១០​ឆ្នាំ​នៅឡើយ​។ រស្មី និង​គ្រួសារ ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញ​ទៅ​ខេត្តព្រៃវែង​។ ការចងចាំ​របស់​តួអង្គ​គឺជា​អារម្មណ៍​ជ្រាលជ្រៅ និង​ភក្តីភាព ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​ដែល​បាន​ចែក​ឋាន​ទៅ ដោយ​សង្ឃឹមថា​ពួកគាត់​នឹង​បាន​សេចក្តីសុខ​ជា​រៀងរហូត​។ អ្នកនិពន្ធ​ប្រើប្រាស់​សោ​ភ័​ណ្ឌ​ធម្មជាតិ​នាពេល​សូរិយា​អស្ដង្គត ដោយ​បន្សល់ទុក​នូវ​ពណ៌​ក្រហមឆ្អិនឆ្អៅ​ក្រាល​គ្រប​ជើងមេឃ ជា​ចំណងជើង​រឿង​។​
​ព្រះអាទិត្យ​លិច ប្រៀបបាន​នឹង​មនុស្ស​ជាទី​ស្រលាញ់​ដែល​បាត់បង់​ទៅដោយ​អ​យុត្ដិធម៌​នៅក្នុង​សម័យ ប៉ុល ពត​។ ចំណែក​រស្មី​ពណ៌​ក្រហម ប្រៀបបាន​នឹង​អនុស្សាវរីយ៍​ដែល​ហាក់ដូចជា​នៅ​ថ្មីៗ ទោះជា​ពេលវេលា​កន្លងផុតទៅ​ជាង​៤០​ឆ្នាំ​ហើយ​ក្តី​។ អនុស្សាវរីយ៍​ជាច្រើន​មិនអាច​លុប​ចេញពី​ជម្រៅ​ដួងចិត្ត​របស់ រស្មី​។​


​ការហូបចុក ការ​រំឭក​ឈ្មោះ​ឪពុក​ដែល​ស្លាប់ទៅ ការមើល​ថែកូន​ពេល​ឈឺ និង​ការបើក​ភ្លើង​ពេលយប់​ជ្រៅ​ជាដើម សុទ្ធសឹង​ជា​អំពើ​ឧក្រិដ្ឋកម្ម ដោយ​ចោទថា​ខ្មាំង​ប្រឆាំងនឹង​ប​ដិ​វត្ដ​ន៍ ហើយ​សុទ្ធតែ​អាច​បាត់បង់​អាយុជីវិត​។ មួយវិញទៀត អ្នក​ដែល​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម បាន​យក​អ្នកដទៃ​ធ្វើជា​ម្ដាយ ជា​ឪពុក និង​ជា​ញា​ត្តិ​សណ្ដាន នៅពេល​សមាជិកគ្រួសារ​និង​បងប្អូន​របស់​ពួកគេ បែកបាក់​និង​ព្រាត់ប្រាស់​គ្នា ដោយ​មិនដឹងថា​នៅរស់ ឬ​ស្លាប់​នោះទេ​។​
​ប្រហែលជា​អ្នកនិពន្ធ​យល់ថា ជើងមេឃ​ពណ៌​ក្រហម​ដ៏​ស្រស់ស្អាត​នាពេល​សូរិយា​អស្ដង្គត អាចជួយ​ព្យាបាល​និង​ផ្សះផ្សា​របួស​ដួងចិត្ត​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ឲ្យ​បាន​ធូរស្រាល​មួយកម្រិត​ពី​សំណល់​អតីតកាល​ដ៏​សែន​សោកសៅ​។​
​គួររំឭកថា នៅក្រោម​ការដឹកនាំ​រប​ស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ប្រជាជន​កម្ពុជា​ប្រមាណ​២​លាន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង ការ​បង្អត់អាហារ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​។
​ម្យ៉ាងទៀត បុគ្គល​ដែលមាន​ការចេះដឹង​ទាំងឡាយ រួមទាំង​អ្នកនិពន្ធ​ផង សុទ្ធតែជា​មុខសញ្ញា​ដែល​អង្គការ​ត្រូវកំទេច​ចោល​ដោយ​ចោទថា​ជា​ខ្មាំង​។ កវីនិពន្ធ អ្នកចម្រៀង តួ​សម្ដែង និង​សិល្បៈករ​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត​នៅ​សម័យ​នោះ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម