Views: 1
ដោយៈស្រីនាថ,មុនីរ័ត្ន/ភ្នំពេញ៖លោក ហ្សង់-ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ដោយបញ្ជាក់អំពីជោគជ័យបីចំណុចក្នុងជំហានដំបូងលើឆាកអន្តរជាតិរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានសរសេរថា ១. កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបិទបញ្ចប់កាលពីយប់ថ្ងៃទី៧កញ្ញា ម្សិលម្ង៉ៃ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងរយៈពេល៤ថ្ងៃពេញ(ពី៤ដល់៧ ខែកញ្ញា),សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិតស្វាញក្នុងជំនួបកំពូល(ក្របខ័ណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី(ដោយឡែកពីក្របខ័ណ្ឌអាស៊ាន), ព្រមទាំងកិច្ចប្រជុំផ្សេងៗដទៃទៀត សរុបទាំងអស់ជាង៣០។ ជារួម, សម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ, ជួបជាផ្លូវការឬក្រៅផ្លូវការ, ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ព្រមទាំងមេដឹកនាំកំពូលៗនៃបណ្តាស្ថាប័នតំបន់និងអន្តរជាតិផ្សេងៗ សរុបទាំងអស់មិនតិចជាង២០នាក់នោះទេ ដែលមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក, ពីអាស៊ីអាគ្នេយ៍,ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី, និង នូវែលសេឡង់…។ ទាំងអស់នេះស្តែងឱ្យឃើញប្រកែកមិនបាន នូវជោគជ័យផ្នែកការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសបេសកកម្មលើកទីមួយបង្អស់របស់សម្តេច លើឆាកអន្តរជាតិ ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ក្រោយពីសម្តេចទទួលបានតំណែងដ៏ខ្ពង់ខ្ពស់និងដ៏ថ្លៃថ្លាមួយនេះ កាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅ។

ចំណុចទី២ ដែលលោករដ្ឋមន្រ្តីប្រតិភូរំលេចឱ្យឃើញ គឺជោគជ័យផ្នែកការទូតនេះ ក្លាយជាជោគជ័យនយោបាយ, ពិសេសចាប់ពីពេលដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមថ្លែងសុន្ទរកថា(លើកទីមួយក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី៤កញ្ញា) និងបន្តថ្លែងសុន្ទរកថាជាហូរហែនាថ្ងៃបន្តបន្ទាប់។ ហេតុអ្វី? ពីព្រោះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារសំខាន់មួយទៅកាន់ថ្នាក់ដឹកនាំបរទេសទាំងជាង២០នាក់ដែលមានវត្តមាននៅទីក្រុងហ្សាការតាថា សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក ។ជាការពិត, សារមួយនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែពោរពេញទៅដោយអត្ថន័យសម្រាប់បណ្តាប្រទេសតូចនិងនៅខ្សត់ខ្សោយក្នុងលោកដូចប្រទេសកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់សោកនាដកម្មមួយពាន់ជំពូក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន ម៉ាណែត ថ្លែងហើយថ្លែងទៀតថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាពទេនោះ។ គឺសារនយោបាយនេះហើយ(មេរៀនដកស្រង់ចេញពីប្រវត្តិសាស្ត្រនៃកម្ពុជាដ៏អភ័ព្វរបស់យើង) ដែលបណ្តាប្រទេសជាច្រើនក្នុងតំបន់និងក្នុងលោកចង់ឮ ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែន នៅបន្តអូសបន្លាយ និង ខណៈដែលនៅអាស៊ី-ប៉ាស៊ីហ្វិក ស្ថានភាពភូមិសាស្ត្រនយោបាយមានលក្ខណៈកាន់តែតានតឹងឡើងជាលំដាប់។
ចំណែកចំណុចទី៣ គឺ បន្ថែមពីលើជោគជ័យការទូតនិងជោគជ័យនយោបាយ មានជោគជ័យសេដ្ឋកិច្ចដែលគួរតែត្រូវលើកឡើង។ ក្នុងអំឡុងពេល៤ថ្ងៃពេញ នៅទីក្រុងហ្សាការតា, សម្តេចធិបតី ហ៊ុន មាណែត ប្រឹងប្រែងណាស់ (ពិសេសក្នុងក្របខ័ណ្ឌនៃជំនួបទ្វេភាគី), ប្រឹងប្រែងស្វែងរកប្រយោជន៍សេដ្ឋកិច្ចជូនកម្ពុជា។ ជាក់ស្តែងពីឥណ្ឌូណេស៊ី, នាយករដ្ឋមន្ត្រីកម្ពុជាទទួលបានការប្តេជ្ញា ថានឹងនាំចូលអង្ករខ្មែរឱ្យបាន២៥០,000 តោនក្នុងមួយឆ្នាំ, ហើយនឹងផ្គត់ផ្គង់ជីព្រមទាំងការបណ្តុះបណ្តាលដល់កសិករខ្មែរ។ ជាក់ស្តែងដូចគ្នា កម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយហ្វីលីពីន ដើម្បីអភិវឌ្ឍក្នុងភាពជាដៃគូ វិស័យកសិកម្ម និង វិស័យសហគ្រាសតូចនិងមធ្យម។ មិនតែប៉ុណ្ណោះ ហ្វីលីពីន សន្យាថានឹងសិក្សាលទ្ធភាពនៃការបង្កើតនិងបង្កើនជើងហោះហើរផ្លូវត្រង់ ពីទីក្រុងទេសចរណ៍របស់ខ្លួនឆ្ពោះមកកាន់សៀមរាប។ រីឯកូរ៉េខាងត្បូងនិងម៉ាឡេស៊ីវិញ យល់ព្រមជាគោលការណ៍ក្នុងការបង្កើនកូតាពលករខ្មែរ និងក្នុងការចាត់វិធានការបន្ថែមដើម្បីពង្រឹងកិច្ចគាំពាពលករខ្មែរដែលរស់និងធ្វើការនៅក្នុងប្រទេសរបស់ពួកគេ ៕សរន
