Views: 2
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក យ៉ាស៊ូកាហ្ស៊ុយ ហាម៉ាដា(Yasukazu Hamada)កាលពីថ្ងៃព្រហស្បតិ៍ទី១មិថុនាបានប្រាប់សមភាគីអាម៉េរិក ឡយ អូស្ទីនថាប្រទេសលោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាម៉េរិកនិងកូរ៉េខាងត្បូងក្រោយកូរ៉េខាងជើងបាញ់បង្ហោះរ៉ុក្កែតបញ្ជូនផ្កាយរណបយោធាមួយតែបានបរាជ័យ។
លោកបានប្រាប់សមភាគីអាម៉េរិកក្នុងជំនួបមួយនៅក្រុងតូក្យូថា «យើងចាំបាច់ត្រូវពង្រឹងទំនាក់ទំនងរវាងជប៉ុននិងអាម៉េរិក និងក៏រវាងជប៉ុន អាម៉េរិកបូករួមទាំងសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅពេលកូរ៉េខាងជើងអាចនឹងបាញ់បង្ហោះផ្កាយរណបសាជាថ្មី»។
លោកអូស្ទីនបានស្ថិតនៅជប៉ុនក្នុងពេលលោកឈប់សំចតនៅទីនោះក្នុងដំណើរទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីShangri-La Dialogue នៅសិង្ហបុរី។លោកក៏នឹងទៅធ្វើទស្សនកិច្ចឥណ្ឌានិងបារាំងផងដែរ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក យ៉ាស៊ូកាហ្ស៊ុយ ហាម៉ាដា(ឆ្វេង) និងសមភាគីអាម៉េរិក ឡយ អូស្ទីន
លោកអូស្ទីន បានប្រាប់លោក ហាម៉ាដាថា លោកក៏ចង់ជំរុញកិច្ចសហការរវាងសម្ពន្ធមិត្ត រួមទាំងអូស្ត្រាលី នៅពេលសម្ពន្ធភាពនេះប្រឈមការប្រជែងកាន់តែខ្លាំងឡើងពីចិននិងរុស្ស៊ី។
ជុំវិញការបាញ់បង្ហោះផ្កាយរណបនេះដែរ ប្អូនដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចោទប្រកាន់អាម៉េរិកថាលាក់ពុត«ដូចក្រុមបងធំ»ចំពោះការរិះគន់ការបាញ់បង្ហោះផ្កាយរណបយោធារបស់ប្រទេសលោកស្រី និងថាការបាញ់បង្ហោះដ៏ជោគជ័យមួយនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ។

លោកស្រី គីម យ៉ូចុង
លោកស្រី គីម យ៉ូចុង បាននិយាយថា កិច្ចខិតខំរបស់កូរ៉េខាងជើងដើម្បីសំរេចបានសមត្ថភាពយកការណ៍ពីអាកាស ជាការអនុវត្តស្របច្បាប់នៃសិទ្ធិអធិបតេយ្យរបស់ខ្លួន និងបានប្រកាសការប្រឆាំងជំទាស់ជាថ្មីអំពីសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមកូរ៉េខាងជើងមិនអោយបាញ់បង្ហោះអ្វីមួយពាក់ព័ន្ធនឹងបច្ចេកវិទ្យាកាំជ្រួចផ្លោង។លោកស្រីបាននិយាយដូច្នេះថា«អាម៉េរិកតាមដានកូរ៉េខាងជើងយ៉ាងដិតដល់ដោយប្រើផ្កាយរណបយោធារបស់ខ្លួននិងទ្រព្យក្នុងអាកាសរបស់ខ្លួនជាច្រើន។ក្រុមបងធំអាម៉េរិកនេះរំលោភសិទ្ធិរបស់កូរ៉េខាងជើងក្នុងការប្រើប្រាស់ទីអវកាស និងគាបសង្កត់កូរ៉េខាងជើងដោយខុសច្បាប់»។
សម្តីរបស់លោកស្រីនៅក្នុងបណ្តាញផ្សព្វផ្សាយរដ្ឋបានកើតឡើងមួយថ្ងៃក្រោយពីរ៉ុក្កែតផ្ទុកផ្កាយរណបមួយបានបរាជ័យក្នុងការនាំផ្កាយរណបយោធាលើកដំបូងរបស់កូរ៉េខាងជើងចូលក្នុងតារាវិថី។កូរ៉េខាងជើងបាននិយាយថា រ៉ុក្កែកបានបាត់បង់កម្លាំងរុញនិងបានធ្លាក់ចូលក្នុងសមុទ្រនៅឯនាយឆ្នេរខាងលិចនៃឧបទ្វីបកូរ៉េ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តូក្យូនិងសេអ៊ូលបានធ្វើការរិះគន់ភ្លាមៗចំពោះការបាញ់បង្ហោះនេះ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកបាននិយាយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនធ្វើការថ្កោលទោសការបាញ់បង្ហោះរបស់កូរ៉េខាងជើង ដោយសារប្រទេសនេះបានប្រើបច្ចេកវិទ្យាកាំជ្រួចផ្លោង បង្កើនភាពតានតឹងនិងបង្កើនហានិភ័យនៃការធ្វើអោយបាត់បង់ស្ថិរភាពក្នុងតំបន់និងហួសពីនេះ៕


រូបភាពផ្តល់ដោយរដ្ឋាភិបាលកូរ៉េខាជើង បង្ហាញរ៉ុក្កែតChollima-1 ទើបផលិតថ្មីនាំផ្កាយរណបMalligyong-1ចូលក្នុងតារាវិថីកាលពីថ្ងៃពុធ តែជួបបរាជ័យ