Views: 2
ដោយៈ សុខុម / ស្ទឹងត្រែងៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ស.ប.ប ឡាវ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ថាមន្ត្រីឡាវ បានជួយសង្គ្រោះស្ត្រីខ្មែរសរុបចំនួន ៧ នាក់ ។ ស្ត្រីខ្មែរទាំងនេះ ត្រូវបានជនខិលខូច បោកប្រាស់មកធ្វើការ នៅខេត្តបូរកែវ (តំបន់ត្រីកោណមាស) នៃស.ប.ប ឡាវហើយបានរត់គេចចេញពីកន្លែងធ្វើការងារ និងបានផ្សព្វផ្សាយ តាមបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យ សមត្ថកិច្ច ជួយកាលពីព្រឹក ថ្ងៃដដែលនេះ។
បន្ទាប់ពីបានទទួលដំណឹងខាងលើភ្លាម នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានទូតខ្មែរ បានទំនាក់ទំនងជាមួយមន្រ្តីប៉ូលិសឡាវនៅតំបន់នោះ ប៉ុន្មានម៉ោងក្រោយពីស្ត្រីរងគ្រោះឡាយក្នុងវីដេអូ គឺនៅម៉ោង ៣និង៣០ រសៀល នៅថ្ងៃដដែល កម្លាំងប៉ូលិសឡាវ បានរកឃើញទីតាំង និងជួយសង្រ្គោះពលរដ្ឋខ្មែរ បាន ៦ នាក់ហើយបញ្ជូនទៅទីកន្លែងសុវត្ថិភាព។
ដោយឡែក ក្នុងនោះ នៅមានពលរដ្ឋខ្មែរ ១នាក់ទៀត ដែលមិនបានរត់គេចចេញ ដោយគាត់មានអាការៈមិនស្រួលខ្លួន និងងើបមិនរួច ហើយបន្តស្នាក់នៅកន្លែងធ្វើការ នោះ ដដែល។ មន្រ្តីប៉ូលិសឡាវ នឹងបន្តខិតខំជួយសង្រ្គោះ នៅពេលឆាប់ៗនេះ ដែលស្ថានទូតខ្មែរ នឹងបន្តធ្វើការយ៉ាងជិតស្និត ជាមួយអាជ្ញាធរឡាវដើម្បីឲ្យពួកគេមានសេរីភាពឡើងវិញ៕/V-PC
