Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក.ប.ប. គ្រោងលើកសំណើរទៅកាន់រាជរដ្ឋាភិបាល ដើម្បីស្នើសុំការកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង

Views: 1

ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបង្ហាញឆន្ទៈក្នុងសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ព្រមទាំងសមាគមនានា ដើម្បីស្នើទៅរាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើងនូវលិខិតបទដ្ឋានគតិយុត្តមួយដែល​កំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង។

លោក ផាន អូន គ្រោងស្នើរដ្ឋាភិបាលលើការកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង(រូបភាពក.ប.ប.)

ការលើកឡើងខាងលើនេះរបស់លោក ផាន អូន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី “ការផ្សព្វផ្សាយ​លទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចទិញគ្រឿងស្រវឹងបាននៅកម្ពុជា” កាលពី​ព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ។

ថ្លែងទៅកាន់អ្នកចូលរួម លោកបានបញ្ជាក់ថា “បញ្ហាជាច្រើនបានលេចចេញឡើងតាមរយៈការបរិភោគគ្រឿងស្រវឹងពីសំណាក់អនីតិជន ដែលរួមមានដូចជាការប៉ះពាល់ដល់សុខភាព និងបង្អាក់ការលូតលាស់នៃខួរក្បាលរបស់ជនដែលបរិភោគគ្រឿងស្រវឹងនោះផងដែរ។ ដោយសារតែផលប៉ះពាល់យ៉ាងច្រើនខាងលើ បទប្បញ្ញត្តិដែលកម្រិតអំពីអាយុស្របច្បាប់នៃការអាចទិញគ្រឿងស្រវឹង ជាតម្រូវការដ៏ចាំ​បាច់ក្នុងការការពារដល់យុវជនដែលជាទំពាំងស្នងឬស្សី ព្រមទាំងរក្សានូវនិរន្តភាពនៃការពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ជាតិ​ផងដែរ។

លោកបន្តថា ការកំណត់កម្រិតអាយុក្នុងការទិញគ្រឿងស្រវឹង នឹងក្លាយទៅជាបទប្បញ្ញត្តិយ៉ាងសំខាន់ដែល​ផ្តល់នូវការការពារ​ជូនដល់​ទំពាំងស្នងឬស្សី ពីការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
លោកបានបន្ថែមថា បទប្បញ្ញត្តិនេះ នឹងដើរតួជាឧបករណ៍មួយដែលអាចកាត់បន្ថយ នឹងទប់ស្កាត់អនីតិជនពីការបរិភោគគ្រឿងស្រវឹង ព្រមទាំងធានាឱ្យបានថាអនីតិជននឹងមិនត្រូវបានផ្តល់សេវាកម្មទាក់ទិននឹងគ្រឿងស្រវឹង ក៏ដូចជាការផ្សាយពាណិជ្ជកម្មទាក់ទាញឱ្យ​មានការប្រើប្រាស់នូវគ្រឿងស្រវឹងក្នុងវ័យមួយដែលមិនទាន់ស្របច្បាប់។

សូមជម្រាបជូនថា សិក្ខាសាលាបច្ចេកទេសខាងលើនេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានា​ទាក់​ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធី​សាស្រ្តសក្តានុពលដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការទិញគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រង​គ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។

សូមបញ្ជាក់ទៀតថា សិក្ខាសាលានេះដែរ ត្រូវបានប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវលើការកំណត់អាយុស្របច្បាប់​អប្បរមាដែលអាចទិញគ្រឿងស្រវឹងបានក្នុងព្រះរាជាណាចក្រ ដែលការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A ព្រមទាំងមានការចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងអង្គការជាតិ-អន្តរជាតិ ព្រមទាំងតំណាងរបស់វិស័យឯកជនប្រមាណ ១០០នាក់៕

ចំណងជើងរូបភាព៖ លោក ផាន អូន គ្រោងស្នើរដ្ឋាភិបាលលើការកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង
(រូបភាពក្រសួង)

Post navigation