Views: 24
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសនិងមន្ត្រីសុខាភិបាលបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកម្ទេចវិហារអ៊ីស្លាមចំនួនពីរក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧ នាក់ក្នុងនោះមានកុមារ៧នាក់ ខណៈដែលអ្នកជឿសាសនានាំគ្នាប្រារព្ធពិធីខួបកំណើតរបស់ព្យាការីម៉ូហាម៉ាត់ (Mohammad)។
ភ្លាមៗនោះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ដោយមនុស្សជាច្រើននាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយអ្នកផ្សេងទៀតបានជាប់នៅក្រោមគំនរបាក់បែក ខណៈអ្នកស្លាប់អាចនៅមានជាបន្តទៀត។
មន្ត្រីប៉ូលិសជាន់ខ្ពស់លោក មូនៀ អាម៉េដ (Munir Ahmed) បាននិយាយថា នៅក្នុងការបំផ្ទុះលើកដំបូងនៅទីក្រុងម៉ាស្តាំង (Mastung) ក្នុងខេត្តបាឡូគីស្ថាន (Balochistan) ភាគនិរតី ជនបំផ្ទុះគ្រាប់បែកបានបំផ្ទុះគ្រឿងផ្ទុះរបស់គេនៅជិតរថយន្តប៉ូលិស ដែលមនុស្សកំពុងប្រមូលផ្តុំសម្រាប់ការដង្ហែមួយ។
យោងតាមមន្ត្រីសុខាភិបាលស្រុក លោក អាប់ឌុល រ៉ាស៊ីដ (Abdul Rasheed) យ៉ាងហោចណាស់មនុស្ស ៥២ នាក់បានស្លាប់ រួមទាំងកុមារដែលមានអាយុពី ៩ ទៅ ១១ ឆ្នាំផងដែរ។ យ៉ាងហោចណាស់មនុស្ស ៥៨ នាក់បានរងរបួស។
សាក្សី ឈ្មោះ មូនៀ អាម៉េដ សាវ៉ានី (Munir Ahmed Shahwani) បាននិយាយថា “អ្នករបួសបានស្រែកឱ្យគេជួយ”។
លោកបាននិយាយថា “ខ្ញុំបានឃើញសាកសពយ៉ាងហោចណាស់ ២៥ នាក់នៅនឹងកន្លែងដែលរួមមានកុមារតូចៗ” ដោយបន្ថែមថាមនុស្សម្នាកំពុងស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ប៉ូលិសបាននិយាយថា ស្នងការរងប៉ូលិសម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈដែលគាត់មើលការខុសត្រូវផ្នែកសន្តិសុខក្នុងតំបន់។
លោក ចាវ៉េដ ឡេរី (Javed Lehri) មន្ត្រីប៉ូលិសជាន់ខ្ពស់បាននិយាយថា “លោក ណាវ៉ាស ហ្គីសកូរី (Nawaz Gishkori) បានព្យាយាមបញ្ឈប់ជនបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែរូបគេបានបំផ្ទុះខ្លួនឯងបន្ទាប់ពីចូលទៅជិតគាត់”។
ការជួបជុំគ្នា ដែលមនុស្សកាន់ទង់ជាតិនិងបដា គឺនៅវិហារអ៊ីស្លាមដែលជាកម្មសិទ្ធិរបស់និកាយបារែលវី (Barelvi)ដែលជាទូទៅត្រូវគេចាត់ទុកថាមានកម្រិតមធ្យមជាងនិកាយអ៊ីស្លាមរឹងរូសដូចជា និកាយសាឡាហ្វីសឹម (Salafism)។
និកាយរឹងរូសខ្លះចាត់ទុកការថ្វាយបង្គំព្យាការីម៉ូហាម៉េដថាជាសាសនាគ្រិស្ត។
ការវាយប្រហារលើកទី២ នៅខេត្តឃីបឺ ប៉ាក់ទុនខ្វា (Khyber Pakhtunkhwa) ដែលនៅជិតខាងនោះ បានសម្លាប់មនុស្ស៥នាក់នៅឯវិហារអ៊ីស្លាម នេះបើយោងតាមមន្ត្រីជួយសង្គ្រោះ។ ទូរទស្សន៍ Geo News បាននិយាយថា ដំបូលបានបាក់សង្កត់មនុស្សពី ៣០ ទៅ ៤០ នាក់នៅក្រោមគំនរបាក់បែក។
មន្ត្រីម្នាក់បាននិយាយថា ការវាយប្រហារនេះគឺទាក់ទងនឹងការបំផ្ទុះចំនួនពីរ ដែលមួយនៅច្រកទ្វារវិហារអ៊ីស្លាម និងមួយទៀតនៅក្នុងបរិវេណវិហារ។
ការកើនឡើងនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅក្នុងខេត្តភាគខាងលិចរបស់ប៉ាគីស្ថានបានជះស្រមោលស្រអាប់លើការរៀបចំការបោះឆ្នោត និងយុទ្ធនាការសាធារណៈនៅក្នុងដំណើរការមុនឈានដល់ការបោះឆ្នោតជាតិក្នុងខែមករា ប៉ុន្តែរហូតមកទល់ពេលនេះ ការវាយប្រហារភាគច្រើនបានផ្តោតគោលដៅលើកងកម្លាំងសន្តិសុខ។
ខេត្តទាំងពីរមានព្រំប្រទល់ជាប់អាហ្វហ្គានីស្ថាន ហើយបានរងការវាយប្រហារក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលប៉ាគីស្ថាន និងដាក់អនុវត្តច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងរបស់ពួកគេ។
នាយករដ្ឋមន្ត្រីចាំផ្ទះ លោក អាន់វ៉ា អ៊ុល ហាក់ កាកា (Anwar ul Haq Kakar) ដែលកំពុងនៅប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់ធម្មយាត្រាបែបសាសនាហៅថា អ៊ុមរ៉ា (Umrah) បានថ្កោលទោសការបំផ្ទុះគ្រាប់បែកនេះនិងបានអំពាវនាវឱ្យមានការគាំទ្រពេញទំហឹងសម្រាប់ជនរងគ្រោះ។
លោកកាកាដឹកនាំរដ្ឋាភិបាលចាំផ្ទះ ដើម្បីត្រួតពិនិត្យការបោះឆ្នោតជាតិ ដែលគ្រោងធ្វើនៅសប្តាហ៍ចុងក្រោយនៃខែមករា៕

មនុស្ស ៥៧ នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារចំនួន២ក្នុងខេត្តចំនួន២របស់ប៉ាគីស្ថានកាលពីថ្ងៃសុក្រ