Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកចំនួន ៥ លើកទី១ចាប់ផ្តើមនៅចុងខែមីនានេះ

Views: 1

ដោយ៖មុនីរ័ត្ន/ភ្នំពេញ៖គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាសបើកដំណើរការឃោសនាការបោះឆ្នោតលើកទី១ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៧ ខែមេសាដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកចំនួនប្រាំ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានបង្កើតថ្មីនៅក្នុងខេត្តចំនួនបី នាពេលកន្លងមកនេះ។ក្រុង ស្រុកទាំងប្រាំនោះ​រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀង​សែនជ័យ នៃខេត្តក្រចេះ ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៣០ ខែមីនា លោក ឯម សូផាត សមាជិក គ.ជ.ប បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកនេះ ការឃោសនាបោះឆ្នោតមានរយៈពេល ៨ ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៧ ខែមេសា។គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ត្រូវបញ្ឈប់ក្នុងរយៈពេល២៤ ម៉ោង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ និងត្រូវឈប់សម្រាកនៅចន្លោះ ពីម៉ោង ១០យប់ ដល់ម៉ោង ៦ ព្រឹក។ សកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ២រសៀល។
លោក ឯម សូផាត បានណែនាំថា ចំពោះការហែក្បួនឃោសនាបោះឆ្នោត ដោយក្រុមថ្មើរជើង ឬដោយយានជំនិះត្រូវបានកំណត់ទម្រង់ និងទំហំដោយអ្នកចូលរួមចាប់ពី ២០នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និងប្រើប្រាស់យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ ក្នុងការឃោសនាបោះឆ្នោតនេះ។
លោក ឯម សុផាត បានបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកពាក់ព័ន្ធអាចហែក្បួនព្យុហយាត្រាក្នុងអំឡុងពេលឃោសនាបោះឆ្នោតយ៉ាងច្រើនពីរដង នៅក្នុងមណ្ឌលក្រុង ស្រុក ដែលគណបក្សមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខណ្ឌឃុំ សង្កាត់ ចំណុះមណ្ឌលក្រុង ស្រុកពាក់ព័ន្ធ ដែលសាមីគណបក្សបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត៕សរន

(រូបថត គ.ជ.ប)

Post navigation