ដោយ: ប.ខុន / ភ្នំពេញ: សកម្មភាពកាប់ទន្ទ្រានដីព្រៃនៅតំបន់អភិរក្សធនធានធម្មជាតិឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ មានសភាពស្ងប់ស្ងាត់បន្តិចទៅវិញ បន្ទាប់ពីក្រុមការងាររបស់ខេត្តបានចែកជាក្រុមចុះធ្វើការទប់ស្កាត់ជាបន្តបន្ទាប់រួចមក។ នេះបើតាមលោក គិត សុផា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានគណកម្មការបង្កបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃតំបន់អភិរក្សធនធានធម្មជាតិ ទទួលមុខព្រួញឃុំអន្លង់រាប ស្រុកវាលវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០។
លោក គិត សុផា និយាយឱ្យដឹងថា ដីព្រៃនៅតំបន់ភ្នំខ្មោច(ភ្នំសំកូស) ត្រូវបានរងការកាប់ទន្ទ្រានយ៉ាងធ្ងន់ធ្ងរមានចម្ងាយរហូតដល់៣០គីឡូម៉ែត្រពីផ្លូវលេខ៥៥ ហើយអ្នកទន្ទ្រានជាជនចំណូលថ្មីស៊ីឈ្នួលកាប់រានព្រៃឱ្យគេ។ នៅក្នុងយុទ្ធនាការមួយសប្តាហ៍បីថ្ងៃនេះ ចុះបង្ក្រាបតាមព្រៃនេះ គឺធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យឈប់ធ្វើការឆ្ការព្រៃដើម្បីដី និងបញ្ឈប់ការដាំដុះនៅលើដីដែលបានកាប់ឆ្ការរួច តែមិនបានធ្វើការកាប់បំផ្លាញដំណាំដែលជិតទទួលបានផលហើយនោះទេ។ រោងខ្ទមសង់ថ្មីត្រូវបានបំផ្លាញចោល ដោយមិនមានអ្នកណាចេញមកអះអាងជា របស់ខ្លួននោះទេ។ ទន្ទឹមពេលជាមួយគ្នានេះ ក្រុមការងារបានធ្វើការស្រាវជ្រាវរកមេខ្យល់ដើម្បីនាំខ្លួនមកសាកសួរ។
ប្រភពខាងលើនិយាយឱ្យដឹងទៀតថា តំបន់ព្រៃនៅក្បែរៗផ្លូវជាតិដែលទើបសាងសង់រួចពេលនេះ មានម្ចាស់អស់ហើយ តែមិនមែនជារបស់ប្រជាជននៅមូលដ្ឋាននេះទេ។ ដីព្រៃឈើនៅក្នុងឃុំទាំង៥ស្រុកវាលវែង ដែលជាតំបន់មានទេស ភាពល្អត្រូវ រងការកាប់ទន្ទ្រានយ៉ាងធ្ងន់ធ្ងរ ដោយពេលនេះកំពុងត្រូវបានធ្វើទប់ ស្កាត់ដោយអនុគណកម្មការចំនួន៥ ដោយគណកម្មការនីមួយៗដឹកនាំដោយ អភិ បាលរងខេត្តមួយរូប។ តំបន់ព្រៃដែលគេបានកាប់ទន្ទ្រាន ជាតំបន់ជ្រៅពិបាកក្នុង ការចុះធ្វើការទប់ស្កាត់៕