Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការងារជាងមួយពាន់កន្លែង ត្រៀមបង្ហាញក្នុងវេទិកាការងារនាថ្ងៃទី៣០ ខែមីនាខាងមុខ

Views: 9

ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារសរុបចំនួន ១.១១០កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខ នៅក្នុងបរិវេណក្រសួងការងារ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅរសៀលថ្ងៃទី២៨ ខែមីនានេះ បានឲ្យដឹងថា ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន BS Land & home, ក្រុមហ៊ុន ONLINE, ធនាគារ ស្ថាបនា, ក្រុមហ៊ុន KERRY World Bridge Logistics, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ មហានគរ , ក្រុមហ៊ុន MJQ Mengly.J.Quach Education, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក , ក្រុមហ៊ុន Mekongnet , ក្រុមហ៊ុន Manulife Cambodia , និង ក្រុមហ៊ុន RMA Cambodia។ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ទាំងនោះបាន។

លោក មោន យីម ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ បានលើកឡើងថាកន្លង មហានគរ បានចូលរួមជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាច្រើនលើកច្រើនសារមកហើយ។ ជាលទ្ធផល មហានគរ ក៏ទទួលបានបេក្ខជនជាច្រើនរូបពី ការសម្ភាសក្នុងវេទិកាកន្លងមក ក៏ដូចជាពិព័រណ៍ការងារ ថ្នាក់ជាតិផងដែរ។ លោកបន្ថែមថា ការចូលរួមសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុង ការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័នរបស់លោកផងដែរ។
តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគររូបនេះ បានបញ្ជាក់បន្តថាសម្រាប់ការចូលរួមលើកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ មានតម្រូវការបុគ្គលិកជាច្រើនរូប និងជាច្រើនមុខតំណែង។

លោកបានបញ្ជាក់ថា យើងត្រូវការទាំងអ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍ ដោយ សម្រាប់អ្នកដែលគ្មានបទពិសោធន៍ មហានគរ នឹងធ្វើការបណ្តុះបណ្តាលដល់ពួកគាត់មុននឹងចូលបម្រើការងារផងដែរ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕ P / N

Post navigation