Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការបង្កើតអាស្រមយាយម៉ៅ ពិតជាផ្តល់ផលល្អចំពោះអ្នកដំណើរ និងពលរដ្ឋក្នុងតំបន់

Views: 4

ដោយ: បូកគោ / កំពត: មន្ត្រីទទួលបន្ទុកកិច្ចការងារសាសនា បានបញ្ជាក់ថាៈ ការបង្កើតអាស្រមយាយម៉ៅ នៅតាមបណ្តាផ្លូវនានាជាផ្នែកមួយ ដែលបានផ្តល់ក្តីសុខសាន្ត ចំពោះអ្នកធ្វើដំណើរ និងឱកាសបង្កើតមុខរបរ រកប្រាក់ចំណូល សម្រាប់ពលរដ្ឋក្នុងតំបន់។

សកម្មភាពនៃជំនឿលើ បារមីយាយម៉ៅ ក៏មានចំណែកសំខាន់ ក្នុងការជួយសង្គម តាមរយ:ការបរិច្ចាគធនធាន ពីអ្នកគោរពប្រណិប័តន៍ ដែលបានដាក់ចូលហិបសន្សំផ្សេងៗ ពេលបួងសួងប្រាថ្នាផ្សងអ្វីមួយនោះ។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពត បានមានប្រសាសន៍ថាៈជំនឿនៃការគោរពបូជា ចំពោះលោកយាយម៉ៅជាទំនៀមទម្លាប់ ដ៏ប្រពៃមួយ សម្រាប់សង្គមខ្មែរដែលបានសាបព្រោះ ក៏ដូចជាបណ្តុះគំនិតឱ្យមនុស្សចេះដឹង និងសាងអំពើល្អ។ ការគោរពប្រណិប័តន៍ លើជំនឿមួយផ្នែកនេះ បានជំរុញដល់ជនគ្រប់រូប បានស្គាល់ពីគុណទោស និងដាស់តឿនចិត្ត ឱ្យខ្លាចបាបកម្មទៀតផង។

លោកប្រធានមន្ទីរ បានបន្តថាៈ ជាទូទៅ គ្រប់អាស្រមលោកយាយម៉ៅ ត្រូវបានបង្កើតឡើងនៅចំណុចផ្លូវកោងខ្លាំង។ ជាមួយវត្តមាននៃទីសក្ការបូជានេះ អ្នកដំណើរដែលមានជំនឿតែងតែឈប់សំចត ដើម្បីចូលបួងសួង ឬយ៉ាងហោចណាស់ ក៏បង្អន់ល្បឿនយានយន្ត ជាកត្តាមួយ អាចកាត់បន្ថយករណីគ្រោះថ្នាក់ជាយថាហេតុផងដែរ។

លោក នាក់ យិតថូ បានបញ្ជាក់ថាៈ ចំពោះប្រជាពលរដ្ឋ ក្នុងតំបន់វិញ ក៏មានឱកាសបង្កើតមុខរបររកប្រាក់ចំណូល តាមរយ:ការលក់គ្រឿងដង្វាយផ្សេងៗ ជូនអ្នកដំណើរយកទៅថ្វាយាយម៉ៅនោះ។ អ្វីដែលពិសេសជាងនេះ ក្រៅពីហិបទទួលបច្ច័យ សម្រាប់កសាងសមិទ្ធផលបន្ថែម នៅបរិវេណសក្ការបូជាផ្ទាល់ គ្រប់អាស្រមលោកយាយម៉ៅ រមែងមានហិបផ្សេងៗ ដូចជាកេសមូលនិធិ កាកបាទក្រហម ហិបទទួលថវិកាជួយកុមារកំព្រា ចាស់ជរាគ្មានទីពឹង ជនក្រីក្រ និងជនងាយរងគ្រោះជាដើម។ ចំណូលដែលទទួលបាន ពីការបរិច្ចាគរបស់អ្នកគោរពប្រណិប័តន៍ទាំងនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយដល់សង្គម៕/V-PC

Post navigation