Views: 32
ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ មេដឹកនាំគណបក្សកាវក្លៃ(MFP)លោក ភិតា លីមចារឺនរ៉ាតនឹងប្រឈមឧបសគ្គមួយក្នុងការដឹកនាំប្រទេសក្រោយក្រុមចម្រុះរបស់លោកអាចបង្កើតរដ្ឋាភិបាលថ្មីមួយបាន នោះគឺភាពស្របច្បាប់នៃមុខតំណែងនាយករដ្ឋមន្ត្រីរបស់លោក និងសំណើសុំរំលាយចោលគណៈរដ្ឋមន្ត្រីឬរដ្ឋាភិបាលរបស់លោក នេះបើតាមដើមបណ្តឹងឈ្មោះ រឿងក្រៃ លីគិតវ៉ាតតាណា(Ruangkrai Leekitwattana)បានអះអាងកាលពីថ្ងៃចន្ទ។

មេដឹកនាំគណបក្សកាវក្លៃ(MFP)លោក ភិតា លីមចារឺនរ៉ាត រងបណ្តឹងមួយទៀតគឺមានភាគហ៊ុនក្នុងក្រុមហ៊ុនមួយក្នុងពេលខ្លួនឈរឈ្មោះសំរាប់មុខតំណែងនយោបាយ
លោក រឿងក្រៃ បាននិយាយនៅការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតថា បើសិនជាលោកភិតា ក្លាយជានាយករដ្ឋមន្ត្រីលោកនឹងដាក់បណ្តឹងដែលមានការចុះហត្ថលេខាដោយសមាជិកសភាយ៉ាងតិចមួយភាគដប់ដោយសុំអោយតុលាការពិចារណាភាពស្របច្បាប់របស់លោកភិតានិងគណៈរដ្ឋមន្ត្រីរបស់លោក។

រឿងក្រៃ លីគិតវ៉ាតតាណា ជាសមាជិកគណបក្សផាឡាង ប្រាចារ៉ាត(PPRP) ដែលកំពុងកាន់អំណាចនិងមានទំនាក់ទំនងជ្រាលជ្រៅជាមួយយោធាថៃ។
ក្នុងការបោះឆ្នោតកាលពីខែឧសភានេះគណបក្សPPRPទទួលបានសម្លេងគាំទ្រចំណាត់ថ្នាក់ទីបួន រីឯMFPនៅចំណាត់ថ្នាក់ទីមួយហើយប្រធានគណបក្សនេះលោកភិតា កំពុងកៀរគរសម្លេងភាគច្រើនក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ដោយមានរូបលោកជានាយករដ្ឋមន្ត្រី។
ឥឡូវMFPបានបង្កើតក្រុមអន្តរកាលមួយជាមួយដៃគូក្នុងក្រុមចម្រុះរបស់លោក ដើម្បីសម្រួលការងារផ្ទេរអំណាចពីរដ្ឋាភិបាលបច្ចុប្បន្ន ទោះជានៅមានការខ្វែងគំនិតគ្នាអំពីការបែងចែកអំណាចក្តីជាពិសេសតំណែងប្រធានសភា។
ប្លុកប្រាំបីគណបក្សនេះ បានគាំទ្រលោក ភិតា លីមចារឺនរ៉ាត ជានាយករដ្ឋមន្ត្រី ហើយបានបង្កើតក្រុមការងារជាច្រើនដើម្បីដោះស្រាយបញ្ហាបន្ទាន់ៗក្នុងអំឡុងពេលអន្តរកាល រួមមានថ្លៃថាមពល ចលាចលនៅភាគខាងត្បូងនិងបញ្ហាបរិស្ថាន។
ថ្លែងទៅកាន់សារព័ត៌មានក្រោយការប្រជុំកាលពីថ្ងៃអង្គារ លោកភិតាបាននិយាយថា «កម្មវត្ថុនៃជំនួបថ្ងៃនេះ គឺធ្វើអោយប្រាកដថា យើងមានផែនទីបង្ហាញផ្លូវមួយរហូតដល់ថ្ងៃខ្ញុំក្លាយជានាយករដ្ឋមន្ត្រី។ក្នុងអំឡុងអន្តរកាលនេះ មានមនុស្សជាច្រើនចង់បានចម្លើយ ដូច្នេះយើងបង្កើតគណៈកម្មាធិការការងារមួយចំនួន ដើម្បីផ្តល់ចម្លើយ»។
អំពីការដណ្តើមមុខតំណែងប្រធានសភារវាងMFPនិងបក្សភឿថៃ លោកភិតាបានអះអាងថាបញ្ហាហ្នឹងនឹងត្រូវដោះស្រាយចេញរវាងគណបក្សទាំងពីរ។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានព្រមានកុំអោយក្រុមលោកភិតា ឈានហួសខ្សែតបន្ទាត់ ដោយសារតែបង្កើតគណៈកម្មាធិការជាច្រើននិងសុំជួបតំណាងទីភ្នាក់ងាររដ្ឋាភិបាលដើម្បីពិភាក្សាបញ្ហារដ្ឋការ«ទាំងខ្លួនឯងមិនទាន់បង្កើតរដ្ឋាភិបាលបានផង»។
ប្រាយុទ្ធដែលជានាយករដ្ឋមន្ត្រីចាំផ្ទះកាលពីថ្ងៃអង្គារបានឆ្លើយតបទៅនឹងសំណួរអ្នកកាសែតអំពីផែនការរបស់MFPក្នុងការបង្កើតក្រុមអន្តរកាលមួយដើម្បីជួបពិភាក្សានិងសុំព័ត៌មានពីបណ្តាទីភ្នាក់ងាររដ្ឋនិងត្រៀមចូលជំនួសរដ្ឋាភិបាលបច្ចុប្បន្ន។
ប្រាយុទ្ធបាននិយាយថា«វាមិនសមស្របទេ។បណ្តាអង្គការរដ្ឋកំពុងស្ថិតនៅក្រោមរដ្ឋាភិបាលបច្ចុប្បន្ននៅឡើយ។ពួកគេគួរត្រៀមព័ត៌មានសំរាប់អន្តរកាលនៅពេលអនាគត»៕
លោកប្រាយុទ្ធ ថាលោកភិតាអាចជួបតំណាងឯកជន តែវាមិនសមទេដែលព្យាយាមជួបអង្គការរដ្ឋាភិបាកសំរាប់ពេលនេះ