Views: 1
ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ អ្នកគាំទ្របក្សភៀថៃមួយក្រុមកំពុងអំពាវនាវអោយគណបក្សចែកផ្លូវពីគណបក្សមានសម្លេងនាំមុខគេ គឺកាវក្លៃ(MFP)ដោយសារតែការចរចាគ្នាមិនត្រូវអំពីមុខតំណែងប្រធានសភា។
ទោះជាយ៉ាងណា ក្រុមនេះនៅតែគាំទ្រការសន្យារបស់ភឿថៃថានឹងបោះឆ្នោតគាំទ្រលោក ភិតា លីមចារឺន ប្រធានគណបក្សMFPជានាយករដ្ឋមន្ត្រីបន្ទាប់និងអនុញ្ញាតអោយMFPដឹកនាំការបង្កើតក្រុមចំរុះមួយ នេះបើតាមលោក នីយ៉ុម ណូបផារ៉ាត មេដឹកនាំក្រុមនេះ។
ក្រុមនេះក៏អំពាវនាវអោយភឿថៃគាំទ្រកិច្ចខិតខំដឹកនាំដោយMFPដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញសំរាប់ប្រជាជន។


កាលពីថ្ងៃអាទិត្យ សមាជិកបក្សភឿថៃជាច្រើនបានជួបជុំគ្នានៅក្រៅទីស្នាក់ការបក្សភឿថៃក្នុងទីក្រុងបាងកកនិងដាក់លិខិតចំហមួយរួមមានការអំពាវនាវទាំងនេះ។
លោកនីយ៉ុម បាននិយាយថា បើសិនជាMFPមិនអាចរកសម្លឹងបានគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ នោះក្រុមនេះជឿថា បក្សភឿថៃដែលទទួលបានសម្លេងឆ្នោតលំដាប់ទីពីរ គួរមានសិទ្ធិដឹកនាំការបង្កើតក្រុមចំរុះថ្មីមួយ។
ក្នុងពេលជាមួយគ្នា អ្នកទម្លាយព័ត៌មានម្នាក់លោក ជូវីត កាម៉ុលវីហ្សីត(Chuvit Kamolvisit)បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកអំពីអ្វីដែលលោកពណ៌នាថាជា«កិច្ចព្រមព្រៀងសម្ងាត់ថ្មីមួយដែលមិនមានគណបក្សMFP»។
យោងតាមលោក ជូវីត ការចរចាដោយសម្ងាត់ត្រូវបានធ្វើឡើងដើម្បីអោយMFPក្លាយជាបក្សប្រឆាំងមួយនៅពេលគណបក្សនេះមិនអាចប្រមូលបានសម្លេងគាំទ្រពីសមាជិកសភាជាងពាក់កណ្តាលសំរាប់បង្កើតរដ្ឋាភិបាលមួយ។
លោកបាននិយាយថា បក្សភឿថៃ បក្សភូមចៃថៃ បក្សផាឡាង ប្រាចារ៉ាត គណបក្សប្រជាធិបតេយ្យនិងបក្សឆាតថៃផាតតាណា បន្ទាប់ទៅនឹងបង្កើតក្រុមចំរុះមួយនៅក្រោមកិច្ចព្រមព្រៀងសម្ងាត់មួយដែលគេហៅថា« វិលត្រឡប់មកស្រុក» ដោយចង់និយាយទៅកាន់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរង់ចាំនៅសិង្ហបុរី។
តែលោកថាក់ស៊ីនបាននិយាយថា លោកមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែការចោទប្រកាន់របស់លោក ជូវីត អំពីកិច្ចព្រមព្រៀងសម្ងាត់សំរាប់បក្សភឿថៃបង្កើតរដ្ឋាភិបាលចំរុះមួយជាមួយបណ្តាគណបក្សក្នុងប្លុករដ្ឋាភិបាលបច្ចុប្បន្ន។
លោកបានសរសេរបង្ហោះក្នុងទ្វីតធឺថា ភឿថៃមិនបានងាកទៅបង្កើតក្រុមចំរុះថ្មីណាមួយ ដូចការអះអាងរបស់លោក ជូវីតទេ។
ការទម្លាយអំពីកិច្ចព្រមព្រៀងសម្ងាត់នេះលេចឡើងចំពេលបក្សភឿថៃកំពុងមានការខ្វែងគំនិតគ្នាអំពីតំណែងប្រធានសភាជាមួយកាវក្លៃ ដោយកាវក្លៃចង់បានតំណែងនាយករដ្ឋមន្ត្រីផងនិងប្រធានសភាផង តែភឿថៃ និយាយថាតំណែងប្រធានសភាសមតែខ្លួនកាន់កាប់៕