Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការប្រកួត​ពានរង្វាន់​CamDEBATE ២០២៣ ទាក់ទាញ​អ្នក​ប្រកួត​ជាង​៥០០​នាក់​មកពី​អន្តរជាតិ​

Views: 30

ដោយៈ​សុផល​/​ភ្នំពេញ​៖​ពានរង្វាន់​ជើងឯក​ស៊ូ​មតិ និង​វោហារកោសល្យ​ជា​សាធារណៈ CamDEBATE Championship Series ដែល​បង្កើតឡើង​នៅ​ឆ្នាំ ២០១៩ ដោយ​ស្ថាប័ន​អប់រំ IDP Education ជា​ស្ថាប័ន​នាំមុខគេ​ជុំវិញ​ពិភពលោក​ក្នុងការ​ផ្តល់​ប្រឹក្សា​ព័ត៌មាន​ទៅ​សិក្សា​នៅ​បរទេស​បាន​ក្លាយជា​វេទិកា​ឆ្លុះបញ្ចាំង​ជា​លើកដំបូង​របស់​កម្ពុជា​សម្រាប់​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​ក្នុងការ​និយាយ និង​ជជែក​ពិភាក្សា​ជា​សាធារណៈ​។

​ការប្រកួត​នេះ​បង្កើត​នូវ​វប្បធម៌​សន្ទនា​ប្រកបដោយ​សុជីវធម៌ និង​ការចែករំលែក​នូវ​ទស្ស​នៈ​ផ្សេងៗ​ដើម្បី​លើកកម្ពស់ និង​ជំរុញ​ឲ្យ​មានការ​យល់ដឹង​រវាង​គ្នា មិត្តភាព និង​ចំណេះដឹង​ក្នុងចំណោម យុវជន និង​យុវនារី នៅ​កម្ពុជា​។​

CamDEBATE ២០២៣ បាន​ទាក់ទាញ​អ្នក​ប្រកួត​ប្រមាណ​ជា ៥២៥ នាក់​តំណាង​ឲ្យ ៨ សញ្ជាតិ (​ខ្មែរ​, ថៃ​, ហ្វីលីពីន​, ម៉ាឡេស៊ី​, ចិន​, បារាំង​, អាមេរិក និង​កា​ហ្សា​ក់​ស្ថាន​) ពី​សាលារៀន​និង​សាកលវិទ្យាល័យ​ជាង ១០០ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ខែឧសភា ឆ្នាំ ២០២៣ ដែលមាន​បេក្ខជន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន ១៦ នាក់​ឡើងមក​បង្ហាញ​សមត្ថភាព​ទៅកាន់​គណៈកម្មការ និង​ទស្សនិកជន​ដ៏​ច្រើន​កុះករ​ជាង ១០០០ នាក់​។​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​ជើងឯក​ស៊ូ​មតិ និង​វោហារកោសល្យ​ជា​សាធារណៈ (CamDEBATE) ឆ្នាំ​២០២៣​ដែល​ប្រព្រឹត្តិ​ទៅ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​លោក ម៉ៅ ស្រេង ស្ថាបនិក​ពានរង្វាន់​ជើងឯក CamDEBATE និង នាយក​ស្ថាប័ន​អប់រំ IDP Education ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើកឡើងថា “​ពានរង្វាន់​ជើងឯក CamDEBATE ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​វប្បធម៌​សន្ទនា និង​ជជែក​ពិភាក្សាគ្នា​រវាង​សិស្ស និស្សិត និង​បញ្ញវន្ត​កម្ពុជា​ព្រមទាំង​គាំទ្រ​និង​អបអរសាទ​លើ​ការផ្លាស់ប្តូរ​មតិយោបល់​ទៅវិញទៅមក និង​ដោយ​ក្តី​គោរព​។​”

“​បេក្ខជន និង​បេ​ក្ខ​នារី​ចូលរួម​ប្រកួត​នឹងត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​នានា​ដូចជា វគ្គ​បង្ហាញ​សមត្ថ​ភាពជា​លើកដំបូង រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ក្នុងនោះ​បេក្ខភាព​ប្រកួត​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី និង​ការពិភាក្សា​គំនិតល្អៗ​ពីមួយ​វគ្គ​ទៅមួយ​វគ្គ​។ ក្នុងនោះ​បេក្ខជន​នឹង​អាច​ពង្រីក​ចំណេះដឹង​បន្ថែម​លើ​ជុំវិញ​បញ្ហាសំខាន់ៗ ដែល​កើតមានឡើង​ទាំង​នៅក្នុង​ស្រុក និង​ជា​សាកល​។​”

​លោក Dominic Williams ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា និង​ក្នុងនាម​ជា​គណៈកម្មការ​សម្រាប់​វ​គ្គ​ផ្តាច់ព្រ័ត្រ​បាន​សរសើរ​ដល់​បេក្ខជន និង​បេ​ក្ខ​នារី​លើ​ការខិតខំ​ប្រឹងប្រែង និង​ការ​បេ្ត​ជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ពួកគេ​។

លោកDominic បាន​លើកឡើងថា“​ខ្ញុំ​ពិតជា​មានការ​ចាប់អារម្មណ៍​លើ​គុណភាព​នៃ​ការជជែក​ពិភាក្សា​នៅថ្ងៃនេះ​។យុវជន​ខ្មែរ​ពិត​ជាមាន​ជំនាញ​និង​សមត្ថភាព​ដ៏​អស្ចារ្យ​។ប្រាកដ​ណាស់ពួកគេ​ម្នាក់ៗ​បាន​ស្រាវជ្រាវ​ប្រធានបទ​រប​ស់​ពួកគេ​យ៉ាងច្បាស់ដោយហេតុថា​ពួកគេ​បាន​លើកយក​ហេតុ ផល​ដែល​សមស្រប​ការប្រើប្រាស់​ពាក្យ​បច្ចេកទេស​ក្នុង​ការជជែក​ពិភាក្សាបាន​យ៉ាង​ល្អ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និក​ជន​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត គឺ​ពួកគេ​ប្រកួតប្រជែង ឬ​បង្ហាញ​សមត្ថ​ភាពជា​ភាសា​អង់គ្លេស ដែល​នេះ​មិនមែនជា​ភាសា​កំណើត​របស់​ពួកគេ​ឡើយ​។ ខ្ញុំ​ពិតជា​រំភើប និង​ចាប់អារម្មណ៍​ជាខ្លាំង​លើ​សមត្ថភាព​របស់​យុវជន CamDEBATE ទាំងអស់​ដែល​បានបង្ហាញ​សមត្ថភាព​នៅក្នុង​ថ្ងៃនេះ​។​”

​បេក្ខជន​ប្រកួត​ទាំងអស់​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ត្រៀម​ប្រកួត​វគ្គ​ទាំង​បួន ពី​គ្រូ​ជំនាញ​មកពី​មជ្ឈមណ្ឌល អូស្ត្រាលី​សម្រាប់​ការបណ្តុះ​បណ្តាល ( ACE ) និង ស្ថាប័ន​អប់រំ​ជា​ដៃគូ​របស់ CamDEBATE ជាច្រើន​ទៀត​។ វគ្គប​ណ្តុះ​បណ្ត​ល​ទាំងនេះ​ពិតជា​បាន​ជួយ​ជំរុញ និង​លើកកម្ពស់​សមត្ថភាព​រា​ល់​បេក្ខជន​លើ​ជំនាញ​និយាយនិង​ជជែក​ពិភាក្សា​ជា​សាធារណៈព្រមទាំង​ពង្រឹង​នូវ​គំនិត​ត្រិះរិះ​ពិចារណានិង​សមត្ថភាព​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នានា​។​

​គណៈកម្មការ​កិត្តិយស​មួយរូប​ទៀត ឯកឧត្តម​បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា បាន​គូសបញ្ជាក់​ពី​សារៈសំខាន​នៃ​សិល្បៈ​នៃ​ការនិយាយ និង​ការជជែក​ពិភាក្សា​ជា​សាធារណៈ និង​មូលហេតុ​ចំបង​ដែលថា​ជំនាញ​និយាយ​និង​ជជែក​ពិភាក្សា​ជា​សាធារណៈ​នេះ​ពិត​ជា​សំខាន់​សម្រាប់​សង្គម​ជាតិ​។

​ឯកឧត្តម​បណ្ឌិត សោម រតនា បាន​លើកឡើងថា​៖ “​ពានរង្វាន់​ជើងឯក CamDEBATE ជា​វេទិកា​ផ្តល់ឱកាស​ដល់​បេក្ខជន​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់ខ្លួន​ជាមួយ​បេក្ខជន​ខ្លាំងៗ​ដទៃទៀត ហើយ​ការចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​ជើងឯក CamDEBATE ឬ​ការប្រកួត​ជជែក​ពិភាក្សា​ដទៃទៀត​ពិតជា​បាន​ពង្រឹងសមត្ថភាព និង​បង្កើន​ភាពក្លាហាន​ដល់​បេក្ខជន​រាល់គ្នា​។ អ្នកនឹង​អាច​អភិវឌ្ឍ​ជំនាញ​និយាយ និង​ជជែក​ពិភាក្សា​ជា​សាធារណៈ​នេះ​បាន​ដោយ​គ្រាន់តែ​ចំណាយពេល អនុវត្ត និង​ចូលរួម​ឲ្យ​បាន​ច្រើន បើទោះបីជា​ជំនាញ​ទាំងនេះ​លំបាក​សម្រាប់​មនុស្ស​រាល់​គ្នា​ក៏ដោយ​។​”

​លោក Travis Mitchell នាយក​ប្រតិបត្តិ​នៃ​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា (AmCham) និង ក្នុងនាម​ជា​គណៈកម្មការ បានបញ្ជាក់​ពី​អារម្មណ៍ និង​ការយល់ឃើញ​លើ​ពានរង្វាន់​និង​សមត្ថភាព​បេក្ខជន​ថា​៖ “​ខ្ញុំ​ពិតជា​រំភើប និង​ចាប់អារម្មណ៍​ជាខ្លាំង​នៅពេលដែល​ឃើញ​បេក្ខជន​និង​បេ​ក្ខ​នារី​ពោរពេញ​ដោយ​ភាពក្លាហាន មាន​សមត្ថភាព​ខ្ពស់ និង​និយាយ​បានល្អ ទៅកាន់​ទស្សនិកជន​រាប់ពាន់នាក់​នៅក្នុង​សាល​ដ៏​ធំ​រួម​ជាមួយនឹង​គណៈ​កម្មកា​ដែលមាន​ជំនាញ​ជាច្រើនរូប​ទៀត​។​”

​ក្នុងនាម​ជា​ជើងឯក CamDEBATE លើ​ជំនាញ​និយាយ​ជា​សាធារណៈ កម្រិត​វិទ្យាល័យ កញ្ញា អ៊ុង ស្រី​ពេជ្រ បាន​និយាយថា​៖”​ខ្ញុំ​ពិតជា​រំភើប​និង​អរគុណ​ដែល​បានទទួល​ពានរង្វាន់​ជើងឯក​ឆ្នាំនេះ​ដោយ​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ក្នុង​កម្មវិធី​។ បើទោះបីជា​ខ្ញុំ​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាច្រើន​ក្នុងការ​ប្រកួត​ប៉ុន្តែ​ចុងក្រោយ​វា​ពិតជា​មានតម្លៃ​ក្នុងការ​ប្រឹងប្រែង​។​”

​លោក កាំ​ង គាង​ប៊ូ ជា​ជើងឯក CamDEBATE លើ​ជំនាញ​ជជែក​ពិភាក្សា​ជា​សាធារណៈ កម្រិត​វិទ្យាល័យ បាន​លើកឡើងថា​៖“​វា​ជា​បទពិសោធន៍​រៀនសូត្រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពួកយើង ដែល​ក្នុងនោះ​ពួកយើង​ទទួលបាន​នូវ​មតិយោបល់ និង ការណែនាំ​ល្អៗ​ពី​អ្នកជំនាញ​។ ពួកយើង​មិនបាន​ផ្តោត​ទាំងស្រុង​លើ​ការ​ចាញ់ ឬ​ឈ្នះ​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើសពីនេះ​ពួកយើង​ទទួលបាន​នូវ​បទពិសោធន៍ និង​ជំនាញ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្រោយ​ពេល​ចូលរួម​ក្នុងការ​ប្រកួត​។​ពួកយើង​ពិតជា​មាន​មោទនភាព​ចំពោះ​ជ័យជំនះ​របស់​ពួកយើង ហើយ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ប្រឈម និង​យក​ឈ្នះ​លើ​ឧបសគ្គ​នាពេល អនាគត​។​”

​លោក គង់ បញ្ញា​វុ​ឌ្ឍ ជើងឯក​រង លើ​ជំនាញ​ជជែក​ពិភាក្សា​ជា​សាធារណៈ កម្រិត​វិទ្យាល័យ​បាន​ចែករំលែក​ពីបទ​ពិសោធន៍​ដោយ​លើកឡើងថា​៖ “​ពានរង្វាន់​ជើងឯក CamDEBATE បាន​ពង្រឹងសមត្ថភាព​និយាយ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ពេលដែល​ខ្ញុំ​ចូលរួម​ការប្រកួត​ជា​លើកដំបូង​ជាមួយ​ក្រុម​របស់ខ្ញុំ​ខ្ញុំ​មិនដែល​គិតថា​យើង​នឹងធ្វើ​វា​បាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះទេ ហេតុដូច្នេះ​វា​ពិតជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល​ពួកយើង​អាចធ្វើ​បាន​។​”

​ជើងឯក​ទាំង ៨ រូប ក្នុង​ពានរង្វាន់​ជើងឯក​ស៊ូ​មតិ និង​វោហារកោសល្យ​ជា​សាធារណៈ (CamDEBATE) ប្រចាំឆ្នាំ​២០២៣ នឹង​ទទួលបាន​ដំណើរ​ទស្សនកិច្ច​សិក្សា រយៈពេល ២ សប្ដាហ៍ ទៅកាន់​ចក្រភព​អង់គ្លេស ដែល​រៀបចំឡើង​ដោយ Stafford House (​ដែលជា​ផ្នែក CATS Global Schools)​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា អេ ស៊ី អ៉ី មួយឆ្នាំ​ពេញ ពានរង្វាន់ មេដាយ និង​រង្វាន់​ផ្សេងៗ​ទៀត រីឯ​ជើងឯក​រង​នឹង​ទទួលបាន​មេដាយប្រាក់ អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា អេ ស៊ី អ៉ី មួយឆ្នាំ​ពេញ ឧបករណ៍​អាន​ឌីជីថល កង់ និង​រង្វាន់​ជាច្រើន​ដទៃទៀត​។​

​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ជើងឯក​ស៊ូ​មតិ និង​វោហារកោសល្យ​ជា​សាធារណៈ (CamDEBATE) ប្រចាំឆ្នាំ​២០២៣ ក៏មាន​ការចូលរួម​ពី​អ្នកជំនាញ​និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាច្រើន​ទៀត​ជា​គណៈកម្មការ​ដែល​ក្នុងនោះ​រួមមាន លោកស្រី​បណ្ឌិត អេង នេត្រា នាយិកា​ប្រតិបត្តិ នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI), លោកស្រី Katherine McLean នាយិកា​ប្រតិបត្តិ​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​, លោក Kenneth TANG ប្រធានសភា​ពាណិជ្ជកម្ម​អូស្ត្រាលី​នៅ​កម្ពុជា​, លោក ធន់ ប៊ុនធឿន នាយក​ផ្នែក​ស្រាវជ្រាវ​និង​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល លោក Ashley Irving នាយក​សាលា​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (​អេ ស៊ី អ៊ី​), លោក ចាន់ សុផល អនុប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​អង់គ្លេស​ប្រចាំ​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​លោក​បណ្ឌិត Raymond Leos អនុប្រធាន​ផ្នែក​Academic and Student Affairs​នៃ​សាកលវិទ្យាល័យ​អាមេរិក​​ភ្នំពេញ​។​

​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ពានរង្វាន់​ជើងឯក​ស៊ូ​មតិ និង​វោហារកោសល្យ​ជា​សាធារណៈ (CamDEBATE) ទទួលបាន​ការគាំទ្រ​ពី​ស្ថាប័ន និង​ក្រសួង​ធំៗ​នានា​រួមមាន ស្ថាប័ន​អប់រំ IDP Education ស្ថាប័ន​ប្រលង​តេស្ត IELTS នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ព័ត៌មាន និង​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​៕Ph

Post navigation