ចែករម្លែក

ដោយៈ ពៅ​និមល / ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថាៈ ក្រោយពី​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព ការខូចខាត ដំណាំ​ស្រូវ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង កន្លងមក ខេត្ត​ចំនួន​៣ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ មាន​ទីតាំង​មួយចំនួន អាចមាន​លទ្ធភាព ចាប់ផ្តើម​ធ្វើការ​ស្តារ ការដាំដុះ​ដំណាំ​ស្រូវ​បាន ជាមួយនឹង​លទ្ធភាព ប្រភពទឹក​គ្រប់គ្រាន់ សម្រាប់​ស្រូវស្រាល​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ល្ងាច ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ បានឱ្យដឹងថាៈ យោងតាម​លទ្ធផល នៃ​ការចុះ​ត្រួតពិនិត្យ លើ​ការងារ​នេះ ជាក់ស្តែង ក្រសួងកសិកម្ម នឹង​សហការ​ជាមួយ មន្ទីរ​ខេត្ត​ទាំង ៣ នេះ រួម​ជាមួយនឹង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ នឹង​បើក​យុទ្ធនាការ ធ្វើការ​ស្តារ​ជាបឋម លើ​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ តាម​កម្មវិធី​ដូចជាៈ សម្រាប់​ខេត្តបាត់ដំបង នឹងធ្វើ​នៅ​ថ្ងៃទី​២៩ ខែតុលា ខាងមុខ ស្ថិតនៅ​ភូមិ​ព្រៃ​ក្លូត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី​, ខេត្តពោធិសាត់ នឹងធ្វើ​នៅ​ថ្ងៃទី​៣០ ខែតុលា នៅ​ភូមិ​របោះ​រាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។ ដោយឡែក ខេត្តបន្ទាយមានជ័យ នឹងធ្វើ​នៅ​សប្តាហ៍​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី​។​

​លោក​រដ្ឋមន្ត្រីក្រសួង បានលើកឡើង​បន្តថាៈ ទាក់ទិន​នឹង​ការចាប់ផ្តើម យុទ្ធនាការ​អន្តរាគមន៍ ជាបឋម​នេះ ក្រសួង នឹង​រៀបចំ​ឱ្យមាន​ត្រាក់ទ័រ យ៉ាងតិច ៥ គ្រឿង គោយន្ត​ពង្រាបដី​ចំនួន ៥ គ្រឿង និង​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ ចំនួន ៣ ទៅ ៤ គ្រឿង នៅលើ​ទីតាំង​ភូមិ​នីមួយៗ ដែល​បានកំណត់ ខាងលើ ក្នុង​ខេត្ត​នីមួយៗ រួមជាមួយ​ការផ្តល់​ពូជស្រូវ​ស្រាល រយៈពេល​ខ្លី រួម​ជាមួយនឹង​ការផ្តល់​គ្រឿង ឧបភោគបរិភោគ​មួយចំនួន សម្រាប់​គ្រួសារ​រងគ្រោះ​នីមួយៗ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម