
ដោយ: សុផល / សៀមរាប: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញអមដំណើរសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបើកការ ដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប នាថ្ងៃ៣០វិច្ឆិកានេះ បានមានប្រសាសន៍ថា៖ខ្សែផ្លូវសរុបទាំង៣៨ នេះមានប្រវែង១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅ ក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា៖ ដើម្បីធានាគុណភាពនៃការសាងសង់ផ្លូវទាំង៣៨ ខ្សែនេះឱ្យស្របនឹង បទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកទទួលការ និងមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន៩ទៀត ជាសេនាធិការដែលមានភារកិច្ចប្រចាំការនៅតាមការដ្ឋាននីមួយៗ ផងដែរ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ បើទោះបីកម្ពុជាបាននិងកំពុងជួបប្រទះបញ្ហាធំៗ ដូចជា៖ បញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ការកាត់ផ្តាច់ផ្នែកខ្លះនៃការអនុគ្រោះពន្ធEBA បញ្ហាគ្រោះ មហន្តរាយ ធម្មជាតិ ទឹកជំនន់ ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចឈរក្នុងភាពជាម្ចាស់ការដោយខ្លួនឯង បាន និងបានកសាងនូវសមិទ្ធផលជាច្រើនពាសពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យនិងបានបន្ថែមថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ ដែលបាននិងកំពុងស្ថាបនាសាងសង់ឡើង ត្រៀមនឹងបញ្ចប់ ការសាងសង់នាពេលដ៏ខ្លីខាងមុខ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពទទួលការងារអនុវត្តគម្រោងទាំងអស់ ត្រូវប្រកាន់គោលជំហរនិងការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ និងការងាររៀបចំសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានកម្មករ គ្រឿងចក្រ និងឧបករណ៍សាងសង់ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចការងារនេះឱ្យបានឆាប់រហ័សតាមការគ្រោងទុក។
គួរកត់សម្គាល់ផងដែរថា៖ ទីក្រុងសៀមរាប បាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោល ដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច សម្បូរបែប និងអាច ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ ចូលមកទស្សនា ក្នុងមួយឆ្នាំៗ លើកលែងតែក្នុង អំឡុងពេលនៃការរីករាលនៃវីរុសកូវីដ-១៩ ជាសកលទូទាំងពិភពលោកនាពេលបច្ចុប្បន្នតែប៉ុណ្ណោះ។
គម្រោងនេះដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅ កាន់ តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុង ទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិនធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ទាំងអស់នេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលយើង ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកសៀមរាប ឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិបន្ថែមទៀតផងដែរ៕