Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្យល់មូសុងឦសានចាប់ផ្តើមមកដល់តែធាតុអាកាសមិនទាន់ត្រជាក់ទេ ហើយភ្លៀងក៏នៅមានបន្ត

Views: 14

ដោយៈប.ខុន/ភ្នំពេញៈ ខ្យល់មូសុងឦសានចាប់ផ្តើមមកដល់ តែអាកាសធាតុនៅមិនទាន់ចុះត្រជាក់ដោយសារភ្លៀងខុសប្រក្រតីមិនទាន់អស់ ខណៈដែល អាកាសធាតុត្រជាក់ខ្លាំងអាចនឹង មកដល់នៅពាក់កណ្តាលខែធ្នូ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២២ថា ខ្យល់មូសុងឦសាន ចាប់ផ្តើមមានមកហើយនឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងចាប់ពីថ្ងៃទី០២ខែធ្នូតែអាកាសធាតុមិនទាន់ចុះត្រជាក់នៅឡើយទេដោយសារនៅមានសម្ពាធទាបតូចៗរុញមកពីសមុទ្រចិនខាងត្បូងហើយភ្លៀងក៏មិនទាន់អស់នៅឡើយដែរ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថា នៅថ្ងៃទី៧និងទី៨ខែធ្នូអាចនឹងមានភ្លៀងធ្លាក់បន្ថែមមកទៀតតែមានបរិមាណមិនច្រើនទេ។ នៅថ្ងៃទី៩និង ទី១០ខែធ្នូ អាចមានភ្លៀងលើផ្ទៃសមុទ្រក្រៅ តែនៅតាមឆ្នេរមិនមានខ្យល់បក់បោកខ្លាំងឡើយ។
លោកចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាខ្យល់មូសុងឦសានបានរុញចុះមកជាបន្តបន្ទាប់ តែសីតុណ្ហភាពនៅមិនទាន់ចុះត្រជាក់នៅឡើយទេ។អាកាសធាតុត្រ
ជាក់ខ្លាំងអាចនឹងមកដល់នៅពាក់កណ្តាលខែធ្នូ បន្ទាប់ពីលែងមានភ្លៀងធ្លាក់។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២​ បានជូនដំណឹងស្តីពីការព្យាករធាតុអាកាស សម្រាប់ពីពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី៦ខែធ្នូថាចាប់
ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់។ពីថ្ងៃទី៣ដល់ថ្ងៃទី៦ខែធ្នូទទួលរងឥទ្ធិពលពីការប្រសព្វគ្នារវាងជ្រលងនៃសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសានបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុដូចខាងលើធ្វើឱ្យតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូ អាចមានភ្លៀងធ្លាក់តិចតួចនិងពីថ្ងៃទី៣ដលើ់ថ្ងៃទី៦ខែធ្នូអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អអ្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣១អង្សាសេ ។ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូ អាចមានភ្លៀងតិចតួចនិងពីថ្ងៃទី៣ដល់៦ខែធ្នូ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៣ទៅ២៥អអ្សាសេ សីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ៕/PC

Post navigation