Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡាជាតិលើកទី៣ ជាជោគជ័យ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

Views: 8

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់កម្ពុជា ធ្វើការវាស់ស្ទង់ និងតេស្ដ សាកល្បង លើកចុងក្រោយ ទាំងការងារបច្ចេកទេសរៀបចំ ការប្រកួត ការស្នាក់នៅ ហូបចុក ការដឹកជញ្ជូន ពិសេសពិធីបើក-បិទ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺបានបញ្ចប់ដោយជោគជ័យ។

បើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នោះថាៈ ព្រឹត្តិការណ៍នេះ បានបន្សល់នូវអនុស្សាវរីយ៍ និង បទពិសោធន៍ ល្អៗជាច្រើន គ្រាដែលមន្ដ្រីជំនាញកីឡាជាន់ខ្ពស់របស់កម្ពុជា បានចាត់ទុក ជោគជ័យខាងលើ គឺជាបទពិសោធន៍ដ៏ល្អ សម្រាប់កម្ពុជា ត្រៀមទទួលរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា ទន្ទឹងរង់ចាំ អស់រយៈពេល ៦៤ ឆ្នាំ។

កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ដែលបានបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឃើញថា ការរៀបចំមានទាំងក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាជាតិ ក៏ដូចជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលនូវលទ្ធផល ល្អ គួរជាទីគាប់ចិត្ត ជាពិសេសការប្រកួត ដែលបានប្រព្រឹត្តទៅដោយរលូន ហើយសហព័ន្ធ ទាំងអស់ ក៏មានការខិតខំប្រឹងប្រែង ការកែលម្អនូវរបៀបរបប នៃការរៀបចំការប្រកួត ផងដែរ។

ពិធីបើក-បិទការប្រកួត បានធ្វើឡើង ក្នុងលំនាំនៃពិធីបើកបិទកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ក៏ដូចជា ព្រឹត្តិការណ៍អន្ដរជាតិធំៗដែរ។ អ្វីដែលយើងរំពឹងទុក យើងឃើញមាន ការចូលរួម និងការទាក់ទាញប្រជាពលរដ្ឋ របៀបនៃការធ្វើការបង្ហាញ នូវទស្សនីយភាព ក៏ដូចជា បទចម្រៀង ពីសំណាក់តារាល្បីៗ ប្រចាំប្រទេសកម្ពុជា​ បានធ្វើឲ្យទិដ្ឋភាព ពិធីបើក-បិទរបស់យើង ក្លាយទៅជាអនុស្សវរីយ៍មួយ គួរឲ្យចងចាំ ក្នុងការរៀបចំរបស់ យើង។

លោកអគ្គលេខាធិការ បានបន្ដថាៈ «យើងវាយតម្លៃជារួមពិធីបើក-បិទរបស់យើង ក៏យើងធ្វើកម្រិតមួយដ៏អស្ចារ្យដែរ ពីព្រោះ តាមបណ្ដាញសង្គមទាំងអស់ គេក៏និយាយថា អស្ចារ្យដែរ មិនមែនយើងជាអ្នកនិយាយទេ។ អ្វីដែលយើងឃើញជាវិជ្ជមាន ទាំងការដឹក ជញ្ជូន ការស្នាក់នៅ ហូបចុក ការរៀបចំការប្រកួត ពិសេសពិធីបើក-បិទ របស់យើង យើងមានទំនុកចិត្តថា សហព័ន្ធរបស់យើង មានភាពរឹងមាំ មានបទពិសោធន៍ អាចឈាន ទៅរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានហើយ។

ពិធីបើក បិទ ឆ្លងកាត់បទពិសោធន៍នេះ យើងនឹងធ្វើការជាមួយភាគីជំនាញបរទេស មួយចំនួនទៀត ដើម្បីធ្វើឲ្យអស្ចារ្យពីក្នុងទៅក្រៅប្រទេស ហើយធ្វើឲ្យអន្ដរជាតិ ចូលរួមពិធី បើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង គឺកាន់តែជាមរតកមួយ សម្រាប់ជាតិរបស់យើង»។

គិតត្រឹមថ្ងៃទី២ ធ្នូនេះ នៅសល់ជាង ១៥៤ ថ្ងៃទៀត នឹងដល់ព្រឹត្តិការណ៍ស៊ីហ្គេម ហើយ អ្វីៗក៏កំពុងតែប្រព្រឹត្តទៅដោយរលូន និងគ្រប់ជ្រុងជ្រោយ។ ជាក់ស្ដែង គ្រប់កម្មវិធីទាំងអស់ ស្ថាប័ន និងគណៈកម្មការជំនាញ កំពុងធ្វើ ហើយសង្ឃឹមថា នឹងបិទបញ្ចប់ការងារ​ក្នុងពេលឆាប់ៗ ។ ដូច្នេះអ្វីដែលត្រូវការពេលនេះ គឺថ្នាក់ដឹកនាំដ៏មានគុណធម៌ ភាពឈ្លាសវៃ ដើម្បីផ្ដល់ដំបូន្មានល្អៗ ដល់ក្រុមការងាររៀបចំពិសេស គណៈកម្មាធិការជាតិ CAMSOC ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ សម្ដេចតែងផ្ដល់នូវក្ដីសង្ឃឹម និងជំរុញការងារ ជាប្រចាំ ហើយលោកបណ្ឌិត ថោង ខុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍ បានចុះជាប់ ដើម្បីវាយតម្លៃ ពីមួយដំណាក់កាល ទៅមួយជំហាន ធ្វើឲ្យគ្រប់ការងារទាំងអស់ ដំណើរការដោយរលូន ប្រកបដោយផ្លែផ្កា។

លោក វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមថាៈ «ការរៀបចំកីឡាជាតិ និងកីឡាជាតិជនពិ ការឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំសហព័ន្ធកីឡាជាតិ ធ្វើកិច្ចការដ៏ល្អ​ប្រពៃមួយ គឺបានជោគជ័យ ក្នុងការរៀបចំការប្រកួត គ្រប់ប្រភេទកីឡាទាំងអស់។ យើងសង្ឃឹមហើយ សង្ឃឹមទៀតថា បទពិសោធន៍នេះ នឹងធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម របស់យើង នាឆ្នាំក្រោយ កាន់តែប្រសើរ និងទទួលបានជោគជ័យ ជាក់ជាមិនខាន»៕/V

Post navigation