Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កីឡាកររបស់អង់គ្លេសបានរួមគ្នាជាមួយអ៊ុយក្រែនដើម្បីឈរនៅពីក្រោយទង់ជាតិនៃប្រទេសហែកហួរដោយសង្គ្រាមនេះ និងផ្ញើសារសន្តិភាព។
ជំនួបរបស់អង់គ្លេសជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 កាលពីថ្ងៃអាទិត្យបានកើតឡើងខណៈគូប្រជែងរបស់ពួកគេកំពុងប្រឈមមុខនឹងសង្គ្រាមជាបន្តជាមួយរុស្ស៊ីក្នុងប្រទេសរបស់ពួកគេ។
ក្រុមទាំងពីរបានរួមគ្នាឈរនៅពីក្រោយទង់ជាតិពណ៌ខៀវនិងលឿងដ៏ធំ ជាមួយនឹងពាក្យ “សន្តិភាព” សរសេរនៅលើនោះជាអក្សរពណ៌ខ្មៅធំ។
ទន្ទឹមនឹងនេះដែរ កីឡាកររបស់អ៊ុយក្រែននីមួយៗបានរុំជាមួយទង់ជាតិរបស់ពួកគេ ខណៈក្រុមឈរគោរពភ្លេងជាតិនៅមុនការប្រកួតចាប់ផ្តើមនៅម៉ោង ៥ ល្ងាចនៅភាគពាយព្យនៃទីក្រុងឡុងដ៍។
ការឈ្លានពានអ៊ុយក្រែនជាបន្តនេះបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនេះ ដោយការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានហាមឃាត់។ ដូចដែលសារព័ត៌មានSportsmail បានរាយការណ៍ពីមុន អ្នករៀបចំឈុតកីឡាករអ៊ុយក្រែននិងបុគ្គលិកមួយចំនួនផ្សេងទៀតត្រូវចាប់ផ្តើមការធ្វើដំណើររបស់ពួកគេប្រាំបីថ្ងៃមុនការប្រកួតកាលពីថ្ងៃអាទិត្យដោយត្រូវធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញតាមផ្លូវគោករបស់ពួកគេមុនជិះយន្តហោះទៅកាន់ប្រទេសអង់គ្លេស។
ថ្លែងទៅកាន់ប៉ុស្តិ៍លេខ ៤ មុនពេលចាប់ផ្តើមការប្រកួត អតីតខ្សែប្រយុទ្ធអ៊ុយក្រែន លោក អង់ដ្រេ សេវឆេនកូ (Andriy Shevchenko) បាននិយាយថា ការប្រកួតថ្ងៃអាទិត្យគឺ “លើសពីបាល់ទាត់”។
លោកក៏បានថ្លែងអំណរគុណផងដែរចំពោះរបៀបដែលចក្រភពអង់គ្លេសបានផ្តល់ការគាំទ្រដល់ប្រទេសកំណើតរបស់គាត់នៅគ្រាដ៏លំបាកនេះ។
លោកសេវឆេនកូក៏បានសាទរទាហាននៅសមរភូមិជួរមុខប្រឆាំងនឹងរុស្ស៊ីផងដែរ។ បុរសវ័យ ៤៦ ឆ្នាំរូបនេះបាននិយាយថា “យើងមានសំណាងណាស់សម្រាប់ការលះបង់របស់ពួកគេ ហើយក្រុមថ្ងៃនេះពិតជាសំណាងណាស់ព្រោះពួកគេអាចរក្សាភាពរឹងមាំដើម្បីសេរីភាពសម្រាប់អ៊ុយក្រែន”។
“ខ្ញុំគិតថាយើងមានស្មារតីរឹងមាំ ហើយយើងរួបរួមទាំងអស់គ្នា”៕




ក្រុមអង់គ្លេសនិងអ៊ុយក្រែនឈរក្រោយទង់ជាតិលឿងនិងខៀវដើម្បីបង្ហាញសាមគ្គីភាពនិងសន្តិភាព