Views: 19
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯកជាតិ ឆ្នាំ២០២៣ លើវិញ្ញាសាបាល់ទះនារី បានបញ្ចប់ការប្រកួត ជាស្ថាពរហើយ។
ជាមួយនឹងការបញ្ចប់នេះ ក្រុមកីឡាការិនីខេត្តពោធិ៍សាត់ បានចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយមាស ១គ្រឿង ខេត្តកំពង់ធំ បានលេខ២ ដោយបានមេដាយ ប្រាក់ ១គ្រឿង និងខេត្តត្បូងឃ្មុំ បានលេខ៣ ដោយបានមេដាយសំរិទ្ធ ១គ្រឿង។
ការប្រកួតផ្ដាច់ព្រ័ត្រ ម្សិលមិញនេះ ខេត្តពោធិ៍សាត់ បានយកឈ្នះខេត្តកំពង់ធំ ៣សិតទល់០ ហើយបានក្លាយជាក្រុមជើងឯកតែម្ដង។
ការប្រកួតម្សិលមិញនេះដែរ វិញ្ញាសាបាល់ទះបុរស ខេត្តសៀមរាប បានយកឈ្នះ ខេត្តត្បូងឃ្មុំ ៣សិតទល់២សិត។ ចំពោះការប្រកួតបាល់បោះនារី ខេត្តកំពង់ឆ្នាំង ឈ្នះខេត្តសៀមរាប ៣៥ទល់៣០។
សម្រាប់ថ្ងៃទី៩ កញ្ញា នេះ វិញ្ញាសាបាល់បោះបុរស បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមខេត្តសៀមរាប ប្រកួតជាមួយរាជធានីភ្នំពេញ។ ចំពោះបាល់ទះបុរស ក៏ឈានដល់វគ្គផ្ដាច់ព្រ័ត្រដែរ ដោយក្រុមខេត្តត្បូងឃ្មុំ ប្រកួតជាមួយខេត្តព្រះវិហារ៕/V/r

