Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្លិបអ្នកកាសែតកម្ពុជា ប្រកាសរកអ្នកថតរូប​ជើងឯក ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយ ជួយទេសចរណ៍ខ្មែរ

ភ្នំពេញ៖ ជាលើកទី១ហើយ ដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួត​ប្រជែងរកជើងឯកផ្នែកថតរូប ស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់ នៅកម្ពុជា បញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់ រហូតដល់ ៣លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។

ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួនបី ក្នុងអណត្តិរាជរដ្ឋាភិបាលថ្មី ឆ្នាំ​២០២៣ គឺ ក្រសួង​ទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រកាសរៀបចំការប្រកួតរូបថត​ ក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស អំពីសម្រស់ធម្មជាតិរបស់កម្ពុជា។

តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់​បេក្ខជន ដោយមិនកែច្នៃ ឬរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត រួមទាំងតំបន់​អភិវឌ្ឍ ជាដើម។

ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផង។ អ្នកដែលមិនជាប់ជ័យលាភី ក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។

ក្លិបអ្នកកាសែតកម្ពុជា ប្រកាសថា រូបថត ដែលផ្ញើមកគណៈកម្មការកំណែ នឹងត្រូវដាក់តាំង​នៅឯពិធីប្រគល់រង្វាន់ បន្ទាប់មក នឹងយកទៅផ្សព្វផ្សាយ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យ និងល្អៗពីកម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។

ក្លិបអ្នកកាសែតកម្ពុជា បានប្រកាស អំពាវនាវដល់អ្នកថតរូប មេត្តារួសរាន់ ផ្ញើរូបថត ដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់ និងស្នាដៃឯក សម្រាប់ឆ្នា២០២៣នេះ។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ក៏បានប្រកាស​ ស្វាគមន៍ដល់ស្ថាប័នរដ្ឋ និងឯកជន ដែលមាន​បំណង​ចូលរួមតាមទម្រង់ផ្សេងៗ ដើម្បីធ្វើឱ្យការប្រកួតប្រជែងរកជើងឯក ផ្នែកថតរូបនេះ កាន់តែធំ និងទូលំទូលាយ សម្រាប់ជាតិយើង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ និងតេទ្បេក្រាម លេខ៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១៕