Views: 1
ដោយៈ សុផល / ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ បានអនុញ្ញាតឲ្យលោក Du TianQiao នាយកប្រតិបត្តិ សមាគមសហ ប្រតិបត្តិការធុរកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិន និងប្រតិភូ ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់់ប្តូរយោបល់សំដៅជំរុញលំហូរទេសចរ ចិន-កម្ពុជា ដើម្បីត្រៀមអបអរសាទរខួប លើកទី៦៥ នៃចំណងទំនាក់ទំនងការទូត កម្ពុជា-ចិន ពិសេសដើម្បីជំរុញ និងទាក់ទាញទេសចរចិន ឲ្យបាន ១ លាននាក់ នៅឆ្នាំ២០២៣ នេះ តាមការគ្រោងទុក។

ភាគីទាំងពីរ បានឯកភាពគ្នា ដើម្បីសហការលើការត្រៀមរៀបចំ ព្រឹត្តការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា ដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់ គុនសៅលិញ របស់សាកលវិទ្យាល័យសៅលិញ រួមជាមួយក្បាច់គុនល្បុក្កតោ របស់កម្ពុជា (ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២) នៅមុនព្រឹត្តការណ៍ SEA Games លើកទី៣២ នៅរាជធានីភ្នំពេញ ផងដែរ។
ប្រទេសទាំងពីរ ក៏បានយល់ស្រប បង្កើតវេទិកាធុរកិច្ច និងវិនិយោគទេសចរណ៍ កម្ពុជា-ចិន និងរៀបចំព្រឹត្តការណ៍តន្ត្រីកម្ពុជា-ចិន ដែលមានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម ដែលអាចទាក់ទាញទេសចរចិន មកទស្សនា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឲ្យសមាគមនេះ រៀបចំគំរោង ច្បាស់លាស់ និងផែនការលម្អិត ដើម្បីអាចឲ្យភាគីក្រសួងទេសចរណ៍កម្ពុជា ពិនិត្យនិង ឲ្យយោបល់ ព្រមទាំងបង្កើតក្រុមការងារ ក្នុងការរៀបចំព្រឹត្តការណ៍ទាំងនេះ ៕ V / N


