Views: 3
ដោយៈ យោធិន / កំពង់ស្ពឺៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កងកម្លាំងយោធាមួកខៀវ កម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើកវគ្គលំហាត់ហ្វឹកហ្វឺនដោះមីនពហុជាតិ នៃក្រុមជំនាញបោសសម្អាតមីន មនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន បូក ក្រោមប្រធានបទ “មាតុភូមិដ៏បវរ-២០២៣” កម្ពុជា-ចិន ជាសហប្រធាន ដែលប្រារព្ធធ្វើនៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) និងជានាយកសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) តំណាង នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក វរសេនីយ៍ឯកពិសេស យ៉ាង បីនបីន (Yang Bin Bin) នាយរងសេនាធិការ នៃអង្គភាពទ័ពលេខ ៧៥ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញជាអធិបតីក្នុងពិធីបើកលំហាត់ ហ្វឹកហ្វឺនដោះមីនពហុជាតិ នៃក្រុមជំនាញបោសសម្អាតមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក “មាតុភូមិដ៏បវរ-២០២៣” កម្ពុជា-ចិន ជាសហប្រធានខាងលើនេះ។
ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីន ដែលមានរយៈពេលជាង បី សប្តាហ៍ លោកឧត្តមសេនីយ៍ឯក ហួត គឹមសាន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ លើវិស័យកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន នារយៈកាលកន្លងទៅ និងនាពេលបច្ចុប្បន្ននេះ សម្រាប់វគ្គហ្វឹកហ្វឺននេះដែរ ភាគីកងទ័ពរំដោះប្រជាជនចិន បានផ្តល់នូវគ្រឿងបរិក្ខារសំដៅផ្តល់លទ្ធភាព ក្នុងដំណើរការហ្វឹកហ្វឺន សម្រេចបាន លទ្ធល្អប្រសើរផងដែរ៕ V / N





