Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អំពីផែនការអនុវត្តគម្រោងលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារ នៅកម្ពុជា

Views: 1

ដោយ: ពៅនិមល / ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង អំពីផែនការអនុវត្ត គម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថាន សម្រាប់ ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ នៅកម្ពុជា។ គម្រោងនេះ មានថវិកា ប្រមាណជាង ២ លានដុល្លារអម៉រិក សម្រាប់បំពាក់ និងធ្វើការរៀបចំទៅជាវិទ្យាស្ថាន ដ៏ល្អមួយ ហើយភាគីកូរ៉េ ក៏បានឲ្យមន្ត្រីកម្ពុជា ទៅបន្តការសិក្សា រយៈពេល ២ឆ្នាំ នៅប្រទេសកូរ៉េ ដើម្បីពួកគេត្រឡប់មកជួយការងារ នៅកម្ពុជាវិញ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាល។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ រវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក LEE Jaewang ប្រធានមជ្ឈមណ្ឌល សហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាព ការងារកូរ៉េ កាលពីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

តាមលោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យ ដឹង នៅក្រោយពិធីចុះហត្ថលេខានេះថាៈ នេះជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងជំនួយអភិវឌ្ឍផ្លូវការ របស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំច្បាប់ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ។ មួយវិញទៀត ជួយដល់វិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារ ផងដែរ។ គម្រោងខាងលើនេះ មានរយៈពេល ៣ ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខ។

លោកបានបន្តថាៈ ស្របពេលដែលកម្ពុជា មានការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យការងារ កំពុងមានកំណើន គួរឲ្យកត់សម្គាល់នោះ ឱកាសនៃគ្រោះថ្នាក់ នៅកន្លែងធ្វើការ ក៏អាចនឹងមានខ្ពស់ ដែលចាំបាច់ត្រូវមានវិធានការ ក្នុងការបង្ការ ហើយវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយ បទដ្ឋានគតិយុត្តិ ដែលត្រូវរៀបចំឲ្យ មានច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារកម្មករ និយោជិករបស់ យើង។ កន្លងមក មានច្បាប់ស្ដីពីការងារ ហើយផ្នែកសុវត្ថិភាពការងារ គឺជាផ្នែកមួយ ក្នុងច្បាប់ការងារនេះ ដែលបច្ចុប្បន្ន កំពុងតែរៀបចំឲ្យមានច្បាប់គោលមួយ ដាច់ដោយ ឡែក អំពីសុខភាព និងសុវត្ថិភាពការងារនេះ។

លោកប្រធាននាយកដ្ឋានពេទ្យការងារ បានលើកឡើងថាៈ កន្លងមក យើងបានបណ្ដុះ បណ្ដាល រយៈពេលខ្លី ដល់មន្ត្រីរបស់យើង ឲ្យទៅជាគ្រូពេទ្យ នៅតាមរោងចក្រ សហគ្រាស ជួយដល់ការរួមចំណែក លើការការពារសុវត្ថិភាព។ ក្រៅពីនេះ ភាគីកូរ៉េ ក៏បានអញ្ជើញមន្ត្រីទៅរៀន នៅប្រទេសកូរ៉េ ហើយក៏បានបញ្ជូនមន្ត្រីរបស់គេ មកបង្រៀនដល់កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលនេះ គិតមកដល់ពេលនេះ មានមន្ត្រីថ្នាក់អនុបណ្ឌិត ចំនួន ៦នាក់ បានទៅរៀននៅកូរ៉េ និងមានជិត ១០០ នាក់ទៀត ទទួលបានការបណ្ដុះបណ្ដាល រយៈពេលខ្លី នៅក្នុងប្រទេស។

នាឱកាសនោះ លោក ហ៊ុយ ហានសុង បានបង្ហាញនូវការពេញចិត្ត ចំពោះការផ្ដល់នូវ ជំនួយផ្នែកសុវត្ថិភាព និងសុខភាពការងារ របស់ប្រទេសកូរ៉េ មកដល់កម្ពុជា។ លោកចាត់ ទុកថា នេះគឺជាការជ្រោមជ្រែងដ៏សំខាន់មួយ ក្នុងការទប់ស្កាត់អត្រាគ្រោះថ្នាក់ នៅកន្លែង ធ្វើការ ក៏ដូចជាផ្ដល់នូវចំណេះជំនាញដល់កម្មករ ឲ្យមានការការពារទុកជាមុន ក្នុងពេលបំពេញការងារ នៅតាមរោងចក្រ សហគ្រាស ផងដែរ។

លោកបានបន្តថាៈ ប្រទេសកូរ៉េ គឺជាប្រទេសដែលជួយកម្ពុជា លើការអភិវឌ្ឍផ្នែក សុវត្ថិភាព និងសុខភាពការងារច្រើនជាងគេ ទាំងធនធានមនុស្ស និងបច្ចេកទេស។
លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារ សុវត្ថិភាព និងសុខភាពការងារកូរ៉េ បន្តជួយបណ្ដុះបណ្ដាល មន្ត្រីជំនាញបន្ថែមទៀត ដើម្បីឲ្យការងារសុវត្ថិភាព និងសុខភាពការងារ កាន់តែមានភាពល្អប្រសើរឡើង មួយកម្រិតទៀត៕ V / N

Post navigation