Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា-កូវ៉ែត ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរ ថែមទៀត

Views: 4

ដោយៈនិមល / ភ្នំពេញៈ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ បានទទួលជួបលោក Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មី នៃរដ្ឋកូវ៉ែត ប្រចំាកម្ពុជា ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ ជុំវិញយន្តការ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អ ប្រសើរថែមទៀត។

ក្នុងជំនួបការងារនេះ លោករដ្ឋលេខាធិការប្រចាំការ បានបង្ហាញសុទិដ្ឋិនិយមថាៈ តាមរយៈបេសកកម្មការទូត ដ៏មានអត្ថន័យ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងពីរ កម្ពុជា និងកូវ៉ែត នឹងមានលទ្ធភាពបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែ ស៊ីជម្រៅ សមស្របនឹងកម្រិតទំនាក់ទំនងការទូត ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ ភាគីកូរ៉ែត បានគូសបញ្ជាក់ពីឆន្ទៈ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេស វិស័យពាក់ព័ន្ធ ការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ (soft loans)។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ ក្របខណ្ឌគតិយុត្តនានា ឱ្យអស់ពីលទ្ធភាព រួមមាន៖ កិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នា ដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ លោក បានស្នើឱ្យពិនិត្យ លទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកា ធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំ ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចឆ្លើយតប លោក កឹម ស៊ីថន បានបន្តជម្រាបជូនពីច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់ សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗរួមមានព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។ ក្នុងន័យនេះ លោកបាន លើកទឹកចិត្តវិនិយោគិនកូវ៉ែត ឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើត ផលិតកម្ម ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូលនូវ ផលិតផលកម្ពុជា ដែលមានគុណភាព និងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។

គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ម៉ឺនដុល្លារអាមេរិក លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ប៉ូលីមែរនៃអេទីឡែន, កែវនិងវត្ថុធ្វើពីកែវ ។ល។ ៕/V-PC

ចំណងជើងរូបភាព៖ លោក កឹម ស៊ីថន ទទួលជួបការងារ និងលោកឯកអគ្គរាជទូត តែងតាំងថ្មីនៃរដ្ឋកូវ៉ែត ប្រចំាកម្ពុជា ៣០ វិច្ឆកា ២០២២
រូបថត៖ ហ្វេសប៊ុក

Post navigation