Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា និងដូមីនីក ប្ដេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី

Views: 3

ដោយៈ ទេព មង្គល​ / ភ្នំពេញៈ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេសធុរកិច្ចអន្តរជាតិពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនដែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ច ផ្លូវការ នៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី២២២៤ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ហើយបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ មីនានេះ

ប្រភពដដែលនេះ បានពណ៌នាថាៈ ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ និងជារដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត វីន ហេនដឺ សាន់ បានអះអាងអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោករដ្ឋមន្ត្រីស្តីទី បានជម្រាបជូន អំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំង កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាព និងស្ថិរភាព ដែលរកបានយ៉ាងលំបាក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោកក៏បានជម្រាបជូនផងដែរ នូវមុខទំនិញ សក្ដានុពលមួយចំនួន សម្រាប់ការធ្វើ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជា ការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោ គិន នៅក្រោមច្បាប់វិនិយោគថ្មី របស់កម្ពុជា

លោករដ្ឋមន្រ្តី ហេនដឺសាន់ បានកោតសរសើរចំពោះកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាព និងស្ថិរភាព ដែលកម្ពុជាបានថែរក្សា។ លោករដ្ឋមន្រ្តី បានឯកភាពចំពោះគន្លឹះនៃការអភិវឌ្ឍ គឺសន្តិភាព និងស្ថិរភាព និងបញ្ហាប្រឈមនានា ដែលរដ្ឋតូចៗជួបប្រទះក្នុងបរិបទ ការប្រកួតប្រជែង រវាងមហាអំណាច។

ភាគីទាំងពីរ បានពិភាក្សា អំពីវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីស្វែងរកសក្តានុ ពល នានាក្នុងវិស័យមួយចំនួនដែលមានផលប្រយោជន៍រួម ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទេសចរណ៍ ធម្មជាតិ និងបដិសណ្ឋារកិច្ច ជាដើម។ ភាគីទាំងពីរ បានឯកភាពជាគោលការណ៍ អំពីលទ្ធភាពនៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ និងបានឯកភាពគាំទ្រគ្នា ទៅវិញទៅមក នៅក្នុងវេទិកាពហុភាគី ជាពិសេស ប្រព័ន្ធអង្គការសហប្រជាជាតិ។

បន្ទាប់ពីកិច្ចពិភាក្សា លោក អ៊ុច បូរិទ្ធ និងលោកបណ្ឌិត វីន ហេនដឺសាន់ បានចុះ ហត្ថលេខា លើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេស កុំមិនដែលដូមីនីក ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត វីន ហេនដឺសាន់ បានចូលជួប សម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោករដ្ឋមន្ត្រី ការបរទេស នាពេលនេះ ជាការចាប់ផ្តើមដ៏ល្អមួយ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិ ការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក បន្ទាប់ពីប្រទេសទាំងពីរ បានបង្កើត ទំនាក់ទំនងការទូត អស់រយៈពេល១៣ ឆ្នាំកន្លងមក។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដែលនឹងបើកផ្លូវឱ្យមាន កិច្ចសន្ទនាបន្ថែមទៀត ព្រមទាំងបានលើកឡើងពីវិស័យសំខាន់ៗមួយចំនួន នៃកិច្ចសហប្រតិបត្តិការ សក្តានុពល រួមមាន វិស័យកសិកម្ម នេសាទ និងទេសចរណ៍ ដែល ប្រទេសទាំងពីរ អាចផ្លាស់ប្តូរបទពិសោធន៍ រវាងគ្នា និងគ្នា។

ដោយស្ញប់ស្ញែងពីភាពរីកចម្រើនរបស់កម្ពុជា លោកបណ្ឌិត វីន ហេនដីសាន់ បានកោតសរសើរ សម្តេចតេជោ នាយករដ្ឋមន្រ្តីចំពោះភាពសាមញ្ញ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងបានសង្កត់ ធ្ងន់ថា សម្តេចតេជោ មានបទពិសោធន៍ជាច្រើន ដើម្បីចែករំលែកទៅកាន់ពិភព លោក។ លោករដ្ឋមន្ត្រីការបរទេស បានយល់ស្របចំពោះទស្សនវិស័យនៃ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យខាងលើ និងត្រៀមខ្លួនពង្រឹងទំនាក់ទំនង រវាង ប្រទេសទាំងពីរ ព្រមទាំងបានស្ម័គ្រចិត្ត ធ្វើជាច្រកទំនាក់ទំនង សម្រាប់កម្ពុជា ទៅកាន់ប្រទេសផ្សេងទៀត នៅតំបន់ការាបៀន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត វីន ហេនដឺសាន់ បានយល់ស្រប ចំពោះទស្សនៈ រដ្ឋតូចៗ ផ្តល់សារសំខាន់យ៉ាងខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលផ្អែក លើច្បាប់ និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេស នៅអង្គការសហប្រជាជាតិ៕/V-PC

Post navigation