Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា ប្រារព្ធទិវាមួយម៉ោង សម្រាប់ភពផែនដី ដើម្បីបំផុសចលនាបន្ថែម ពីភាពចាំបាច់ នៃការធ្វើសកម្មភាពស្ដារភពផនដី

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ទិវាមួយម៉ោង សម្រាប់ភពផែនដី ដែលបានប្រារព្ធឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ បានបង្ហាញពីសក្ខីកម្ម នៃការធ្វើសកម្មភាព រួមគ្នា ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរវិជ្ជមាន។

គួរបញ្ជាក់ថា នាឆ្នាំនេះដែរ កម្ពុជាបានប្រារព្ធទិវាមួយម៉ោង នៃភពផែនដី នៅរាត្រីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ឈានទៅមុខរួមគ្នា ស្តារភពផែនដី យើង ឱ្យស្រស់បំព្រងឡើងវិញ» ដែលប្រព្រឹត្តទៅ នៅ Factory Phnom Penh រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក៏មានការផ្តល់បណ្ណសរសើរ ដល់ប្រតិបត្តិករឆ្នើមៗ ក្នុងការជួយផ្សព្វ ផ្សាយ និងចូលរួមការពារបរិស្ថានផងដែរ និងទូទាំងពិភពលោក នឹងចូលរួមប្រារព្ធ ឆន្ទៈ មួយម៉ោង សម្រាប់ភពផែនដីយើង ។

ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីនេះឱ្យដឹងថា៖ “ក្នុងនាមជាប្រជាជននៃ ភពផែនដី យើងសូមឧទ្ទិសការដឹងគុណ ចំពោះភពផែនដី ដែលបានផ្ដល់ខ្យល់អុកស៊ីសែន ដល់យើង សម្រាប់ដកដង្ហើម ទឹក និង អាហារ សម្រាប់ទទួលទាន ទ្រទ្រង់ការសាយ ភាយលំអងរុក្ខជាតិច្រើនប្រភេទ ការពារមនុស្សជាតិ ពីគ្រោះធម្មជាតិនានា ព្រមទាំង ផ្តល់អត្ថប្រយោជន៍ ជាច្រើនផ្សេងទៀត ចាំបាច់ សម្រាប់គាំទ្រដល់ជីវិតមនុស្ស។ លក្ខណៈពិសេស នៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិ របស់ភពផែនដីទាំងអស់នេះ សរបញ្ជាក់ពីទំនាក់ទំនង របស់យើងទាំងអស់គ្នា ជាមួយភពផែនដី។”

លោក នេត្រ ភក្រ្ត បានបញ្ជាក់ឱ្យដឹងថា៖ “យើងត្រូវរួមគ្នាធ្វើសកម្មភាពពេលនេះ ជាងពេលណាៗទាំងអស់ ដើម្បីតបស្នង ដល់ភពផែនដីវិញ ក្នុងការរស់នៅប្រចាំថ្ងៃ តាមរយៈសកម្មភាពផ្សេងៗ រាប់ចាប់តាំងពីការកាត់បន្ថយ នូវធនធានដែលយើងមាន (Reduce) ការប្រើប្រាស់ឡើងវិញ ធនធានដែលយើងមាន (Reuse) និងការកែច្នៃឡើងវិញ ធនធានដែលយើងមាន (Recycle) ក៏ដូចជាការមិន បរិភោគ សាច់សត្វព្រៃ មិនជាវផលិតផលពីសត្វព្រៃ ដើម្បីកាត់បន្ថយហេតុប៉ះពាល់ អវិជ្ជមាន លើបរិស្ថានធម្មជាតិ រហូតដល់ការរួមចំណែកសកម្មភាពធំ ឧទាហរណ៍ ដូចជា ការវិនិយោគលើជម្រើសថាមពលកកើតឡើងវិញ ដើម្បីចូលរួមការពារ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីកម្ពុជា។»

ជាមួយគ្នានេះ លោកបានថ្លែង ដោយបញ្ជាក់ថា៖ ប្រជាជនគ្រប់រូប ត្រូវចូលរួម ចំណែក ក្នុងការបង្កើនឥទ្ធិពល នៃសកម្មភាពរួមជាវិជ្ជមាន សម្រាប់ភពផែនដី។ ទិវាមួយម៉ោងសម្រាប់ ភពផែនដី គឺជានិមិត្តរូបនៃការបង្រួបបង្រួម ហើយក្នុងឆ្នាំ ២០២៣ នេះ អំពាវនាវដល់ប្រជាជន ក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ឲ្យអនុវត្តសកម្មភាពវិជ្ជមាន បន្ថែមទៀត ដើម្បីស្ដារភពផែនដីឡើងវិញ សម្រាប់គាំទ្រ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយឡែក លោក តុប សុភ័ក រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើង ថា៖ “ វិធីសាស្ត្រនៃការអនុវត្តការងារ តាមទម្លាប់ចាស់ លែងគ្រប់គ្រាន់ទៀតហើយ ដូចនេះយើងទាំងអស់គា្ន ត្រូវតែចូលរួមបង្កើនសកម្មភាពបន្ថែមទៀត។ សុខភាព សាធារណៈ សង្គមប្រកបដោយបរិយាបន្ន និងការអភិរក្សជីវៈចម្រុះសុទ្ធសឹងជា ធាតុផ្សំដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា និងសង្គមជុំវិញពិភពលោក អនុវត្តក្នុង ការស្ដារភពផែនដីឡើងវិញ ប្រកបដោយភាពធន់នឹងរឹងមាំ ក្នុងន័យនេះ ការអនុវត្ត ស្តង់ដានៃគោលការណ៍ទេសចរណ៍ ប្រកបដោយការទទួលខុស ត្រូវអាចជួយដល់ ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងការស្តារវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង”។

ព្រឹត្តិការណ៍ចុងក្រោយមួយចំនួន ដែលបានកើតឡើង បានជំរុញឲ្យមនុស្សនៅជុំវិញ ពិភពលោក ងាកមកគិតគូរសារឡើងវិញ អំពីសារៈសំខាន់នៃធម្មជាតិ ទំនាក់ទំនង របស់ធម្មជាតិ ក្នុងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា និងកត្តាគំរាមកំហែង ដែល ធម្មជាតិ កំពុងប្រឈម។ លក្ខខ័ណ្ឌទាំងអស់នេះ បានបញ្ជាក់ឲ្យឃើញ អំពីទំនាក់ ទំនង ដែលមិនអាចកាត់ផ្តាច់បាន រវាងសុខភាពរបស់មនុស្ស និងសុខភាពរបស់ ភពផែនដី ដែលបច្ចុប្បន្ន សុទ្ធតែកំពុងស្ថិតក្រោមការគំរាមកំហែង ពីសកម្មភាព ផ្សេងៗ ។

លោក សេង ទៀក នាយកអង្គការ WWF បានឲ្យដឹងថា៖ “ធម្មជាតិ គឺជាសម្ព័ន្ធ មិត្តដ៏ចាំបាច់បំផុតមួយរបស់មនុស្ស ដើម្បីប្រយុទ្ធប្រឆាំងនឹងហេតុប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងកសាងអនាគតមួយ ប្រកបដោយនិរន្តរភាព ព្រោះធម្មជាតិ និងជីវៈចម្រុះ ជាអ្នកទ្រទ្រង់ជីវិតមនុស្ស និងសុខមាលភាព ក៏ដូចជា ផ្តល់អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ចសង្គម ។

លោកបានបន្តថា៖ “ ការស្ដារធម្មជាតិនិងជីវៈចម្រុះឡើងវិញ ជាដំណោះស្រាយ ឈ្នះឈ្នះ ដើម្បីសង្គ្រោះសុខមាលភាព បរិស្ថាន និងមនុស្សជាតិ ” ។

សូមបញ្ជាក់ថា នៅក្នុងទិវាមួយម៉ោង សម្រាប់ភពផែនដីឆ្នាំនេះ គ្រឹះស្ថានសាធារណៈ សហគមន៍ វិស័យឯកជន និងប្រជាជនគ្រប់រូបនៅគ្រប់ ទិសទីត្រូវបានលើកទឹកចិត្ត ឲ្យផ្ដល់ពេលវេលាចំនួនមួយម៉ោង សម្រាប់ភពផែនដី តាមរយៈការធ្វើសកម្មភាព វិជ្ជមាន ទោះតិចឬ ច្រើនក្តី សកម្មភាពតូចឬធំក្តី ដើម្បីស្ដារភពផែនដីឲ្យកាន់តែប្រសើរ ឡើងវិញ។

ក្រោមប្រធានបទ “ឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ” នេះគឺជា ខួបទី១៤ហើយដែលប្រទេសកម្ពុជាប្រារព្ធ ទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលប្រព្រឹត្តឡើងដោយមានការតាំងពិព័រណ៍សមិទ្ធផលការងារបរិស្ថាន ផលិតផល ការងារ សហគមន៍ វេទិការពិភាក្សា ព្រមទាំងការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ សំដៅបង្កើនការយល់ដឹងពីបរិស្ថានក៏ដូចជាសម្រាប់ការ កំសាន្តផងដែរ ” ។

សម្រាប់កម្មវិធីបិទភ្លើងមួយម៉ោងជានិមិត្តរូប នឹងត្រូវបានរៀបចំឡើង នៅវេលាម៉ោង ៨ៈ៣០ យប់នេះ។ ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក នឹងចូលរួម បង្ហាញឆន្ទៈចំពោះការការពារភពផែនដី ដោយបិទភ្លើង នៅតាមអគារ និងគេហដ្ឋាន ព្រមគ្នានៅពេលតែមួយ ខណៈដែលមនុស្សប្រមាណជាង ១ពាន់នាក់ នឹងចូលរួម បិទភ្លើងមួយម៉ោង នៅ FACTORY Phnom Penh ដែលមានទីតាំងស្ថិត នៅសង្កាត់ចាក់អង្រែលើ តាមបណ្ដោយផ្លូវជាតិលេខ២ រាជធានីភ្នំពេញ៕ V / N

Post navigation