ដោយ: ពៅនិមល / ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងបានរៀបចំឯកសារដើម្បីដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ”ម្រេចកំពត” ជាអន្តរជាតិនៅបណ្តាប្រទេសចំនួន៥០ ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
នៅក្នុងពិធីប្រគល់ និងទទួលឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper កាលពីសប្តាហ៍កន្លងទៅនេះ នៅខេត្តកំពត លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការជ្រើសរើសនិងចុះបញ្ជី ម្រេចកំពត ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបង្អស់នៅក្នុងកម្ពុជា កាលពីឆ្នាំ២០១០ ដែលចាប់ផ្តើមដំបូងមានផលិតករចំនួន១១៨គ្រួសារ ក្រុមហ៊ុនចំនួន១២ និងផ្ទៃដីដាំដុះចំនួន១០ហិចតា ដែលអាចប្រមូលទិន្នផលបានតែ១០តោនប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០២០នេះ មានផលិតករសរុបចំនួន៤៥៥គ្រួសារ ក្រុមហ៊ុនចំនួន៣៨ និងផ្ទៃដីដាំដុះកើនឡើងដល់២៩០ហិចតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ចំនួន៨២,៧៨តោន និងមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប ដោយម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម្រេចកំពត ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយទទួលបានការការពារនៅប្រទេសថៃ វៀតណាម និងសហភាពអឺរ៉ុប។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងផលិតករម្រេចកំពតទាំងអស់ឱ្យបន្តសហការនិងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងសកម្មភាពលើកកម្ពស់ម្រេចកំពតកម្ពុជា និងបានផ្តល់អនុសាសន៍មួយចំនួន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណភាពនៃផលិតផលសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ដើម្បីបង្កើនទំនុកចិត្តចំពោះអ្នកប្រើប្រាស់ និងការស្វែងរកទីផ្សារបន្ថែម តាមរយៈការរៀបចំសន្និសីទប្រចាំឆ្នាំជាមួយនឹងសហព័ន្ធម្រេចកម្ពុជា និងសហគមន៍ម្រេចពិភពលោក (World Pepper Community) ព្រមទាំងពង្រឹងការអនុវត្តច្បាប់ដើម្បីលុបបំបាត់និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត”៕