Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា ដឹកនាំកិច្ចប្រជុំ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់

Views: 7

ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ បានឱ្យដឹងថាៈ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាសហប្រធានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (Infrastructure & Regional Integration Technical working Group – IRITWG) រួមជាមួយលោកស្រី Kamei Haruko នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងជាប្រធានក្រុមសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការអញ្ជើញចូលរួម ផងដែរ ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង សា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងមន្ត្រី ជំនាញពាក់ព័ន្ធ ជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីឱ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ ដោយមានការជម្រាបជូន អំពីស្ថានភាពនៃការអនុវត្ត បញ្ហាប្រឈម និងសំណូមពរ នៃគម្រោងដែលខ្លួនបាន និងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទាន ពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួន រួមមាន JICA, ADB, AFD និង EDCF ជាដើម។

ក្នុងឱកាសនោះ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានចូលរួមធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ នៃគម្រោងដែលស្ថាប័ននីមួយៗ បាននិងកំពុងអនុវត្ត រួមមានដូចជា៖ គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ជនបទ វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យទូរគមនាគមន៍ បញ្ហាទឹកកខ្វក់ និងអនាម័យ ផែនការមេនៃការអភិវឌ្ឍថាមពល គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែន និង ការអភិវឌ្ឍវិស័យភស្តុភារកម្ម។

អង្គប្រជុំក៏មានការកត់សម្គាល់ និងវាយតម្លៃខ្ពស់ លើការធ្វើបទបង្ហាញ ព្រមទាំងមាន ការពិភាក្សា ប្រមែប្រមូលធាតុចូល និងផ្លាស់ប្តូរគំនិតយោបល់ យ៉ាងផុសផុល សំដៅឱ្យការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មក្នុងតំបន់ ប្រព្រឹត្តទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថាៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងពង្រីក និងលើកកម្ពស់គុណភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក កំពង់ផែ ព្រមទាំងមានគម្រោងសាងសង់ផ្លូវ ស្ពាន ជាពិសេសគម្រោងសាងសង់ ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅបាវិត ផ្លូវដែកពីភ្នំពេញ ទៅបាវិត ផ្លូវដែកពីភ្នំពេញ ទៅសៀមរាប និងពីសៀមរាប ទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយ​ប្រទេសជិតខាង ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្ម ត្រូវបានអភិវឌ្ឍផងដែរ។
លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីការប្រើប្រាស់យន្តការបច្ចេកវិទ្យា ព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) និងការជំរុញការប្រើប្រាស់យានយន្ត អគ្គិសនី ដើម្បីសម្រេចនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ឆ្នាំ២០៥០ ជាដើម៕ V / N

Post navigation