Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជាចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែមីនានឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់ច្រើន

Views: 1

ដោយៈប.ខុន/ភ្នំពេញៈ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែមីនាអាចនឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យមចាប់ពីប៉ែកខាងលិចទន្លេមេគង្គរហូតដល់ភាគពាយព្យ ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយមួយអូសពីលើប្រទេសកម្ពុជា ព្រមពេលជាមួយមានភ្លៀងកក់ខែនេះបាតុភូតខ្យល់កន្ត្រាក់ក៏វាអាចនឹងកើតមានច្រើនជាពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ។

លោកចាន់ យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ថា ចាប់ពីថ្ងៃទី២៨ខែ មីនារហូតដល់ថ្ងៃទី៣០ខែមីនានឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម ជាពិសេសនៅប៉ែកខាងលិចទន្លេមេគង្គ។ជាមួយនឹងការធ្លាក់ភ្លៀងកក់ខែនេះ វាក៏អាចនឹងមានបាតុភូតខ្យល់កន្ត្រាក់កើតឡើងច្រើន ជាពិសេសនៅទំនាបកណ្តាល​​ភាគពាយព្យ។

អ្នកនាំពាក្យដដែលបញ្ជាក់ថា  មូលហេតុដែលនាំឱ្យមានភ្លៀងកក់ខែនេះ ដោយសារមានសម្ពាធទាបមួយនៅលើដាណាងដើរឡើងមកលើ គោកហើយជ្រលងរបស់សម្ពាធទាបខ្សោយនេះបានអូសនៅលើប្រទេសកម្ពុជា។

ក្រសួងធនធានទឹកនិងឧតុនិយមកាលថ្ងៃទី២១ខែមីនាបានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែមីនាថា នៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និង ខ្យល់បម្រែបម្រួលជាហេតុបង្កលក្ខណ:ងាយក្នុងការកកើតឡើងនូវស្រទាប់ កម្តៅ ( heat low pressure cell ) បណ្តាលឱ្យសីតុណ្ហភាពកើនឡើងនិងអាចមានភ្លៀងដោយអន្លើ

សេចក្តីជូនដំណឹងដដែលបន្តថាស្ថានភាពបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ  សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ

សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ

តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕សរន-PC

Post navigation