Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជាផ្តល់ជំនួយមនុស្សធម៌ ៣ សែនដុល្លារ ជូនមីយ៉ាន់ម៉ា ដើម្បីដោះស្រាយ ផលប៉ះពាល់ នៃគ្រោះមហន្តរាយ នៃព្យុះស៊ីក្លូនម៉ូកា

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាស នៅល្ងាចថ្ងៃទី១ ខែមិថុនា នេះថាៈ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជំនួយ មនុស្សធម៌ ក្នុងទឹកប្រាក់ចំនួន ៣ សែនដុល្លារអាមេរិក ជូនដល់សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ដើម្បីរួមចំណែកដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយ នៃព្យុះស៊ីក្លូនម៉ូកា។

ក្រសួងការបរទេស បានបញ្ជាក់ថាៈ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំពិធី ប្រគល់-ទទួលកញ្ចប់ជំនួយមនុស្សធម៌ ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ដើម្បីរួមចំណែកដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយ នៃព្យុះស៊ីក្លូនម៉ូឆា ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា។

សូមរម្លឹកថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយព្យុះស៊ីក្លូន ម៉ូកា បានកើនឡើងដល់យ៉ាងហោចណាស់ ៨១ នាក់ កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ព្យុះម៉ូកា (Mocha) បានមកដល់ដីគោក កាលពីថ្ងៃទី១៤ ខែឧសភា ជាមួយនឹងល្បឿនខ្យល់បក់ រហូតដល់ ១៩៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយរំលំ បង្គោលភ្លើង និងវាយកម្ទេចទូកនេសាទឈើ ឱ្យបាក់ជាបំណែកៗ។

មេដឹកនាំក្នុងតំបន់ បានប្រាប់អ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុថាៈ យ៉ាងហោចណាស់មនុស្ស ៤៦ នាក់ បានស្លាប់នៅក្នុងភូមិប៊ូម៉ា (Bu Ma) នៃរដ្ឋរ៉ាក់ឃីន និងភូមិក្បែរខាង ខួងដូកេកា (Khaung Doke Kar) ជាកន្លែងរស់នៅរបស់ជនជាតិភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការធ្វើទុក្ខបុកម្នេញ។

យោងតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV មនុស្សចំនួន ១៣ នាក់ បានស្លាប់ នៅពេលដែលវត្តមួយ បានដួលរលំ នៅក្នុងភូមិមួយ ក្នុងសង្កាត់រ៉ាថេឌុង (Rathedaung) ភាគខាងជើង នៃទីក្រុងស៊ីតវេ (Sittwe) របស់រដ្ឋរ៉ាក់ឃីន ហើយស្ត្រីម្នាក់ បានស្លាប់ នៅពេលដែលអគារមួយ បានរលំនៅក្នុងភូមិជិតខាង៕ V / N

Post navigation