Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជាត្រៀមជាស្រេច ក្នុងការចាប់ដៃគូ ជាមួយប៉ាគីស្ថាន បង្កើតគណៈកម្មាធិការរួមគ្នា សម្រាប់សភាពពាណិជ្ជកម្ម

Views: 3

ដោយ: ពៅនិមល / ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើង ថាៈ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភាគីប៉ាគីស្ថាន សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាន នូវសមិទ្ធផល ដែលចង់បាន ខណៈប្រទេសទាំងពីរ បានឯកភាពគ្នា ក្នុងការពិនិត្យលទ្ធភាព បង្កើតឱ្យមានគណៈកម្មាធិការរួមគ្នា រវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ការលើកឡើង ខាងលើនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានធ្វើ ឡើង ក្នុងឱកាសទទួលជួបលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ លើការជំរុញកំណើន ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

នៅក្រោយចប់ជំនួបការងារនេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថាៈ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងប៉ាគីស្ថាន នៅមានទំហំតិចតួចនៅឡើយ ប៉ុន្តែប្រទេសទាំងពីរ នៅតែមានវិស័យសក្តានុពល ជាច្រើន ដើម្បីធ្វើឱ្យរីកចម្រើន ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ។
ដោយទទួលស្គាល់ថា វិស័យឯកជន​ដើរតួនាទីយ៉ាងសំខាន់ ជាពិសេសតាមរយៈ​ សភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសទាំងពីរ លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យស្វែងរកពីលទ្ធភាព ក្នុងការពង្រឹងកំណើន នៃពាណិជ្ជកម្ម និងការវិនិយោគ ទ្វេភាគី ដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមាគមធុរកិច្ច និងក្រុមហ៊ុននៃប្រទេស ទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បីពង្រីកឱកាសបណ្តាញ អាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B រួមទាំងការផ្គូផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ ពីតម្រូវការ ទីផ្សារនាំចេញ និងជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានស្នើសុំលោកឯកអគ្គរដ្ឋទូត ជួយជំរុញវិស័យឯកជន ពីប្រទេសប៉ាគីស្ថាន មកស្វែងយល់ពី ឱកាសអាជីវកម្មនៅកម្ពុជា ក្នុងវិស័យឧស្សាហ កម្ម កែច្នៃម្ហូបអាហារ ជាពិសេសអាហារហាឡាល (Halal) ដើម្បីបម្រើទីផ្សារ ក្នុងស្រុក និងនាំចេញ និងចង់ឱ្យមានជើងហោះហើរត្រង់ ពីប៉ាគីស្ថាន មកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគ នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូន ចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលពីកម្មវិធីការងារ ដ៏មមាញឹកអនុញ្ញាតទទួលជួបនាឱកាសនេះ។ លោកបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ បន្ថែមពីនេះ លោកក៏បានចូលរួម អបអរសាទរ និងថ្លែងកោតសរសើរ ចំពោះការជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។

លោកឯកអគ្គរាជទូត បានជម្រាបជូនថាៈ ប៉ាគីស្ថាន មានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថាន បាននាំចូលប្រេងដូង យ៉ាងច្រើន ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។
បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាណផ្តល់ជំនួយបច្ចេកទេស ក្នុងការចិញ្ចឹម សត្វ បើកម្ពុជាមានតម្រូវការ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវ ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិ ការ ឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ V / N

លោក ប៉ាន សូរស័ក្តិ និងលោក Zaheeruddin Babar Thaheem ជួបពិភាក្សាការងារ លើការជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ (រូបភាព៖ ហ្វេសប៊ុក)

Post navigation