ដោយ: សៅវ៉ាន់ឌី / ខេត្តព្រះវិហារ: កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ពេញមួយខែវិច្ឆិកា ឆ្នាំ២០២០នេះ មានឧបករណ៍នេសាទល្មើសច្បាប់ ចំនួន ២០ករណី វត្ថុតាងមួយចំនួន ត្រូវបានបង្ក្រាបនិងរឹបអូស នៅតាមដងស្ទឹងសែន។
ប្រធានមន្ទីររូបនេះ បានឱ្យដឹងទៀតថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្ត្រីខណ្ឌជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្ត្រីនគរបាលមូលដ្ឋាន ចុះធ្វើអធិការកិច្ចត្រួតពិនិត្យបង្ក្រាបទប់ស្កាត់បទល្មើសជលផលនៅតាមដងស្ទឹងសែន។ ក្នុងនោះ ធ្វើអង្កេតលើឧបករណ៍នេសាទ ដោយប្រើប្រាស់តាមកម្មវិធី SMART TOOLS។
លោក ពឹង ទ្រីដា បានបន្តថា ជាលទ្ធផលបានរកឃើញឧបករណ៍នេសាទមានលក្ខណស្របច្បាប់ចំនួន ១៤២ឧបករណ៍ ស្មើនឹង ៣៨ករណី និងឧបករណ៍នេសាទល្មើសច្បាប់ចំនួន ២២ឧបករណ៍ ស្មើនឹង ២០ករណី។ លោកបញ្ជាក់ថា ចំពោះឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ ត្រូវបានដកហូត និងយកទៅកម្ទេចចោល៕