ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​បាន​ចុះបង្ក្រាប​កន្លែង​លួច​បើក​ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង​។​នៅ​ចំណុច​ចម្ការ​ស្វាយ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កែវ​ចំរើន​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បានឱ្យដឹងថា ការបង្ក្រាប​កន្លែង​លួច​បើក​ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង​នេះ​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​។​ក្នុងនោះ​មានការ​សម្របសម្រួល​ពី​លោក​ទី​សុវិនថាល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្តថា​ភ្លាមៗ​នោះ​លោក​បាន​ដឹកនាំ​កម្លា​ង​ជំនាញ​ចុះទៅ​ដល់ទី​តាំង​ដោយ​មុខសញ្ញា​បាន​រត់គេចខ្លួន​អស់ហើយ​កម្លាំង​បាន​ដកហូត​សម្ភារ​និង​វត្ថុតាង​មួយចំនួន​រួមមាន​៖​មាន់​ជល់​ចំនួន​៦​ក្បាល​,​ឡាន​១០​គ្រឿង​,​ម៉ូតូ​១៣​គ្រឿង​និង​សម្ភារ​បម្រើ​ល្បែងស៊ីសង​មួយចំនួនទៀត​។​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/​