Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្មករ កម្មការរិនី រីករាយចំពោះការដំឡើងប្រាក់ឈ្នួលនិងថា”សំខាន់មានការងារធ្វើ”

Views: 1

ដោយៈបូព៌ព្រឹក្ស,ដេប៉ូ/ភ្នំពេញ៖ តាមរយៈនៃការជួបសម្ភាសន៍ដែលបង្ហាញដោយក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈបានឱ្យឃើញថា កម្មករ កម្មការិនីរោងចក្រកាត់ដេរនៅទូទាំងប្រទេសរីករាយ​និងសាទរចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាឆ្នាំ២០២៤ដែល​រដ្ឋាភិបាល​សម្រេចចិត្តបង្កើនចំនួន៤ដុល្លារបន្ថែម ដោយកម្មករនឹងទទួលបាន២០៤ដុល្លារចាប់ពីខែមករាឆ្នាំ២០២៤។

សម្រាប់កម្មករការដំឡើងប្រាក់ឈ្នួល​របស់រដ្ឋាភិបាល គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក​កំពុងរងផលប៉ះពាល់​ដោយវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី និងវិបត្តិដែលអូសបន្លាយដោយជំងឺកូវីដ១៩ដែលមិនទាន់បញ្ចប់នៅឡើយ ហើយអ្វីដែលសំខាន់មិនមានប្រទេសណាមួយនៅអាស៊ីដំឡើងប្រាក់ឈ្នួលឡើយនៅឆ្នាំ២០២៤នេះ។

កម្មការិនី ភន គឹមឡាំង កម្មករមកពីរោងចក្រSeduno Cambo Knitting Co.,Ltd នៅថ្ងៃទី២៩ ខែកញ្ញានេះ សប្បាយចិត្តជាខ្លាំង​បន្ទាប់ពី​ដឹងដំណឹងថា រដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤។ ការដំឡើងនេះ នឹងជួយសម្រួលបន្ថែមទៀត ហើយអ្វីដែលសំខាន់នោះ គឺការរក្សាបានការងារធ្វើ។ នេះបើតាមការបញ្ជាក់ដដែល។

ទន្ទឹមនឹងនេះ លោក សឿន ចិត្ត កម្មករមកពីរោងចក្រChing Sreng Industrial ក៏មិនខុសពីកម្មករដទៃទៀតដែរ សប្បាយចិត្តព្រោះ​បច្ចុប្បន្ន ការងារ​ចាប់ផ្តើមមាន​ធ្វើឡើងវិញច្រើន។ ប៉ុន្តែលោកក៏បានស្នើសុំឱ្យបញ្ចុះតម្លៃផ្ទះឈ្នួលដែលនឹងជួយ​សម្រាលបន្ទុកកម្មករ​បន្ថែម​ទៀត។

ដោយឡែក កម្មករិនី ស៊ុន គឹមអេង មកពីរោងចក្រVonammy (Cambodia) Garment Co.,Ltd បានសង្កត់ធ្ងន់ថា ការប្រកាសដំឡើង​របស់​រដ្ឋាភិបាល​នេះ គឺជាកម្លាំងចិត្តរបស់កម្មករគ្រប់រូបដើម្បីបន្តបំពេញការងារបន្ថែម។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ប្រាក់ឈ្នួលជូនកម្មករ​ចំនួន​៤ដុល្លារ បន្ថែមលើឆ្នាំចាស់ដែលមានចំនួន២០០ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បញ្ជាក់បន្ថែមថា លោកនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់​បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល នឹងបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ៕សរន

Post navigation