កម្មករ-កម្មការិនីរោងចក្រស្បែកជើង ឈីមីងស៊ីន ហ្វេកធើរី កំពុងបារម្ភពីការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែ ក្រោយរោងចក្រនេះបានបដិសេធទទួលយកតំណាងសហជីព៥នាក់ឱ្យចូលធ្វើការងារវិញ។
អ្នកស្រី ខុន សុផាត អាយុ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រស្បែងជើង ឈីមីងស៊ីន ហ្វេកធើរី អស់រយៈពេល៧ខែមកហើយ បានលើកឡើងនៅថ្ងៃទី១ ខែមិថុនា ថាអ្នកស្រីកំពុងប្រឈមការលំបាកជាខ្លាំង ដោយសារតែរោងចក្រតែងតែរំលោភសិទ្ធិកម្មករនិងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ-កម្មការិនី ខណៈរោងចក្រនេះបានបញ្ឈប់កម្មករដែលជាថ្នាក់ដឹកនាំនិងសមាជិកសហជីពប្រចាំនៅរោងចក្រ។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «បើសិនជារោងចក្រហ្នឹងមានសហជីព ពួកខ្ញុំប្រាកដជាស្រួល ដោយសារអី គេនៅផ្ទាល់ហ្នឹង ពេលមានបញ្ហាអី វាដោះស្រាយលឿន ហើយមានអារម្មណ៍ថាកក់ក្ដៅ យើងធ្វើអីអត់មានការភ័យខ្លាច»។
ការលើកឡើងរបស់អ្នកស្រី ខុន សុផាត ធ្វើឡើងបន្ទាប់ពីភាគីថៅកែរោងចក្រមិនព្រមទទួលយកតំណាងសហជីព៥នាក់ឱ្យចូលធ្វើការងារឡើងវិញ បើទោះបីជាមានការបង្គាប់បញ្ជាពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
កម្មកររោងចក្រ ឈីមីងស៊ីន ម្នាក់ទៀត និងជាលេខាធិការសហព័ន្ធសហជីពឯករាជ្យ (INTUFE) លោក រឿន សុភា ចាត់ទុកករណីដែលរោងចក្រមិនព្រមទទួលយកពួកគាត់ចូលធ្វើការវិញនេះ ថាមិនអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង ដែលមន្ត្រីជំនាញគួរមានវិធានការបន្តលើករណីនេះ។
លោកអះអាងថា បើគ្មានសហជីពនៅក្នុងរោងចក្រទេ នោះកម្មករ-កម្មការិនីនឹងប្រឈមការពិបាកច្រើន ដូចជា ត្រូវបង្ខំឱ្យធ្វើការមុនម៉ោង និងរងការជេរស្ដីពីសំណាក់អ្នកគ្រប់គ្រង ជាដើម។
លោកនិយាយថា៖ «ខ្ញុំមិនដឹងនិយាយថាម៉េចទេ ពេលវាគាបសង្កត់ គឺយើងវាពិបាកទៅហើយ»។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ សហព័ន្ធសហជីពឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់ក្រសួងការងារ និងក្រុមហ៊ុន Walmart ដែលជាអ្នកបញ្ជាទិញ ជួយធ្វើកិច្ចអន្តរាគមន៍ទៅក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី ឯ.ក ទទួលយកថ្នាក់ដឹកនាំនិងស្ថាបនិកសហជីពចំនួន៥នាក់ចូលធ្វើការងារវិញ តាមសេចក្តីបង្គាប់របស់ក្រសួងការងារ ក្រោយក្រុមហ៊ុននេះបញ្ឈប់ពួកគេពីការងារ ក្រោយពីពួកគេបង្កើតសហជីពនៅក្នុងរោងចក្រ។
សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា រោងចក្រ ឈីមីងស៊ីន ហ្វេកធើរី ជារោងចក្រស្បែកជើង ស្ថិតនៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលដេរស្បែកជើងឱ្យក្រុមហ៊ុន Walmart បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន៥នាក់ រួមមាន អ្នកស្រី ដួង សុកណា ជាប្រធានសហជីព, លោក ឌួង តុលា ជាអនុប្រធាន, លោក រឿន សុភា ជាលេខាធិការសហជីព, លោក ចេង សិទ្ធ ជាហេរញ្ញិកសហជីព និងអ្នកស្រី ឡុង សុខលីន ជាស្ថាបនិកសហជីពប្រចាំរោងចក្រនេះ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារបានចេញសេចក្តីបង្គាប់មួយឱ្យក្រុមហ៊ុន ឈីមីងស៊ីន ទទួលយកថ្នាក់ដឹកនាំសហជីពទាំងនោះចូលធ្វើការងារ ដោយសងរម្លឹកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗឱ្យពួកគេវិញ ដោយគិតចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ ប៉ុន្តែសហព័ន្ធសហជីពឯករាជ្យអះអាងថា រហូតមកពេលនេះ ក្រុមហ៊ុនមិនបានទទួលយកកម្មករទាំងនោះចូលធ្វើការងារវិញឡើយ។
សហព័ន្ធសហជីពឯករាជ្យ បានលើកឡើងទៀតថា ក្រុមហ៊ុន ឈីមីងស៊ីន ជាក្រុមហ៊ុនបរទេសមួយដែលមិនគោរពច្បាប់កម្ពុជា និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់សហជីពឡើយ។
សហព័ន្ធសហជីពមួយនេះបានអំពាវនាវដល់ក្រសួងការងារត្រូវចាត់វិធានការក្រុមហ៊ុននេះឱ្យគោរពច្បាប់កម្ពុជា និងក្រុមហ៊ុន Walmart ត្រូវចាត់វិធានការលើរោងចក្រ ឈីមីងស៊ីន និងរោងចក្រផ្សេងទៀតដែលដេរឱ្យ Walmart ឱ្យគោរពតាមច្បាប់កម្ពុជា និងសិទ្ធិសេរីភាពរបស់កម្មករដែលបានធានាដោយច្បាប់ផងដែរ។
តែយ៉ាងណា ជំនួយការផ្នែករដ្ឋបាលនៅរោងចក្រ ឈីមីងស៊ីន ហ្វេកធើរី លោក ហាន សេងហុង បានច្រាលចោលចំពោះការលើកឡើងរបស់កម្មករ ដែលថាមានការគាបសង្កត់និងកេងប្រវ័ញ្ចកម្មករ ដោយថា រោងចក្រតែងតែអនុវត្តនិងគោរពទៅតាមច្បាប់ការងារ។ លោកបន្តថា ប្រសិនបើមានករណីនេះមែន កម្មករអាចពឹងពាក់សហជីពមួយទៀតដែលប្រចាំនៅរោងចក្រនេះឱ្យជួយសម្របសម្រួលរកដំណោះស្រាយ។
សម្រាប់កម្មករដែលរោងចក្របានបញ្ឈប់ទាំង៥នាក់នោះ លោកថា ខាងរោងចក្រមិនអាចទទួលយកពួកគេធ្វើការវិញបានទេ ដោយសារខាងរោងចក្រជួបបញ្ហាច្រើន និងមិនសូវមានការងារឱ្យកម្មករធ្វើ។
លោក ហាន សេងហុង បញ្ជាក់ថា៖ «ប្រធានខ្ញុំប្រាប់ខ្ញុំពីម្សិលមិញ [ថ្ងៃទី៣០ ខែឧសភា] ថាគាត់នឹងដោះស្រាយជាមួយពួកគាត់ [សហជីព] ប៉ុន្ដែដោះស្រាយដោយរបៀបណា ខ្ញុំមិនដឹងទេ! ខ្ញុំអាចប្រាប់បងបានតែប៉ុណ្ណឹងទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃនេះ។
ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា៖ «ក្នុងករណីនេះ ក្រុមហ៊ុនមានសិទ្ធិក្នុងការប្ដឹងទៅក្រសួងការងារ ក្នុងរយៈពេល២ខែ លើសេចក្ដីសម្រេច។ មកដល់ពេលនេះ ក្រុមហ៊ុនដូចជាមិនបានប្ដឹងទៅរដ្ឋមន្រ្ដីទេ។ អ៊ីចឹងក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការអនុវត្តទទួលយកថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការ ឬក៏ផ្ដល់នូវប្រាក់សំណង ប្រាក់រម្លឹក តាំងពីថ្ងៃឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ»៕
លោក សុខ មាន ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្ដាល