Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្មករនិយោជិតជាង៧០ម៉ឺននាក់ ប្រឈមនឹងហានិភ័យក្នុងការធ្វើដំណើរប្រចាំថ្ងៃ

Views: 1

ដោយ:ពៅនិមល/ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគួពាក់ព័ន្ធនានាបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលនៅតាមរោងចក្រស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិត ស្បែកជើងដែលវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីបង្ការនិងបង្កើនការចូលរួមក្រោមការគាំទ្រថវិកាពី ក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation)

កម្មវិធីវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” នៅរាជធានីភ្នំពេញ (រូបភាព៖អង្គការ AIP)

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ស្តីពី វិធានការបង្ការគ្រោះថ្នាក់ ចរាចរណ៍ និងជំនាញសម្របសម្រួលដើម្បីអាចបង្រៀនបន្ត និងចែករំលែកចំណេះដឹងនេះដល់កម្មករនិយោជិត និងអ្នកបើកបរនៅក្នុងរោងចក្រសំដៅដល់ការលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរទៅមករបស់កម្មករនិយោជិត។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា វិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ មានកំណើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមាន គ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។

លោកបានបន្តថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជា មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០០.០០០នាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជាង ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងទាំងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំគឺជា ស្រ្តី។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី មានសេចក្តីរំពឹងទុកថា ជន បង្គោលសុវត្ថិភាពចរាចរណ៍ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនឹងបង្កើនចំណេះដឹងអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលមានសមត្ថភាពធ្វើការផ្សព្វផ្សាយអប់រំបណ្តុះបណ្តាល និងចែករំលែកបន្តយ៉ាងសកម្ម និងទូលំទំលាយដល់កម្មករនិយោជិតនៅរោងចក្ររបស់ពួកគេ។

សូមបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង ២៣ឆ្នាំមកនេះ អង្គការបានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក៕

កម្មវិធីវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” នៅរាជធានីភ្នំពេញ (រូបភាព៖អង្គការ AIP)

Post navigation