Views: 11
ដោយៈ ពៅនិមល / ភ្នំពេញ៖ សហគ្រិនខ្មែរ សហការជាមួយ Expert Leadership Innovation Exchange (ELIX) ដែលជាដៃគូអនុវត្ត គម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល របស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋ អាមេរិក (USAID) និងសាកលវិទ្យាល័យ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលមានឯកទេស ក្នុងការអប់រំសហគ្រិនភាព និងនវានុវត្តន៍ បានប្រកាសបើក ដំណើរការកម្មវិធីសហគ្រិនភាព ក្នុងគោលបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងនវានុវត្តន៍នៅកម្ពុជា។

នៅក្នុងកម្មវិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងសហគ្រិនខ្មែរ និងដៃគូ អនុវត្តគម្រោង កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាៈ គំនិតផ្តួចផ្តើម នេះ នឹងសហការរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សា ចំនួន៨ នៅទូទាំងប្រទេស រួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាស៊ី អាគ្នេយ៍ សាកលវិទ្យាល័យស្វាយរៀង វិទ្យាស្ថានពាណិជ្ជសាស្ដ្រ អេស៊ីលីដា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។
កម្មវិធី Entrepreneurship Lean Launchpad (ELL) នឹងបណ្ដុះ បណ្ដាលនិស្សិត តាមរយៈវិធីសាស្ដ្រ Lean Launchpad ដែលផ្តោតលើការ កំណត់បញ្ហា តាមរយៈការសម្ភាសន៍ អ្នកពាក់ព័ន្ធជាច្រើន បន្ទាប់មកបង្កើត និងធ្វើពាណិជ្ជកម្ម ដំណោះស្រាយបច្ចេកវិទ្យា ដែលដោះស្រាយបញ្ហាជាក់ស្តែង នៅក្នុងទីផ្សារកម្ពុជា។ កម្មវិធីនេះ ត្រូវបានសហការអនុវត្តដោយ អង្គការឯកទេស ភាពជាអ្នកដឹកនាំ នវានុវត្តន៍ បរិវត្តកម្ម (ELIX) ព្រមទាំង រំពឹងថា នឹងបង្កើតស្ថាបនិក បច្ចេកវិទ្យាវ័យក្មេង ចំនួន ៣០ នាក់។
ចំពោះកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR Program) គឺជាកម្មវិធីសហគ្រិនភាព ដែលគាំទ្រដល់និស្សិត សាកលវិទ្យាល័យ តាមរយៈការផ្ដល់ ជាឧបករណ៍ ការប្រឹក្សា និងការណែនាំ ដើម្បីប្រែក្លាយគំនិតចាប់ផ្តើម អាជីវកម្មរបស់ ពួកគេ ឲ្យក្លាយជាការពិត។ កម្មវិធីនេះត្រូវបានអនុវត្តដោយ Reactor School។ កម្មវិធីនេះ មានគោលបំណងបណ្តុះបណ្តាល និស្សិតសាកលវិទ្យាល័យប្រមាណ ១២០ នាក់ គាំទ្រក្នុងការបង្កើតគំនិតធុរកិច្ចថ្មី ដែលស្ថិតក្នុងដំណាក់កាលដំបូងចំនួន ៣០ និងបំពាក់បំប៉នគ្រូ ចំនួន ២០ នាក់ លើជំនាញ និងចំណេះដឹងសំខាន់ៗ ទាក់ទងនឹងសហគ្រិនភាព។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថាៈ កម្មវិធី Entrepreneurship Lean Launchpad និង កម្មវិធីសហគ្រិន មហាវិទ្យាល័យ ត្រូវបានរៀបចំឡើង ដើម្បីជំរុញសហគ្រិនជំនាន់ថ្មី តាមរយៈការលើក កម្ពស់ ការស្រាវជ្រាវ និងនវានុវត្តន៍ ដោយផ្អែកលើតម្រូវការ នៃឧស្សាហកម្ម ការផ្ទេរ បច្ចេកវិទ្យា និងការកសាងសមត្ថភាពសហគ្រិន ចំពោះនិស្សិតសាកលវិទ្យាល័យ។
សហគ្រិនខ្មែរ មានសេចក្ដីសោមនស្ស ក្នុងការសហការអនុវត្តកម្មវិធីទាំងពីរ ក្រោមភាពជាដៃគូ ជាមួយ ELIX និង Reactor School ដើម្បីនាំយកកម្មវិធី សហគ្រិនភាពកម្រិតសាកលវិទ្យាល័យ មកជួយសហគ្រិនវ័យក្មេង ក្នុងការបំប្លែងគំនិត ច្នៃប្រឌិតរបស់ពួកគេ ទៅជាដំណោះស្រាយសមស្រប ឆ្លើយតបតម្រូវការទីផ្សារ។
សូមបញ្ជាក់ថា កិច្ចសហការខាងលើនេះ នឹងផ្តល់ឲ្យអ្នកដែលមានបំណងក្លាយជា សហគ្រិន នូវលទ្ធភាពទទួលបានធនធាន និងការបង្ហាត់បង្រៀន ដែលមិនអាចកាត់ថ្លៃ បាន និងជួយជម្រុញពួកគេឲ្យប្រែក្លាយគំនិតច្នៃប្រឌិត ទៅជាអាជីវកម្មជោគជ័យ។ តាមរយៈការបណ្តុះស្មារតីនៃសហគ្រិនភាព និងជម្រុញការកសាងសហគមន៍គាំទ្រ សហគ្រិន ក៏នឹងបណ្តុះនូវវប្បធម៌នៃកិច្ចសហការ និងនវានុវត្តន៍ ដែលនឹងជំរុញការលូត លាស់ប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មីនៅកម្ពុជា បង្កើនឥទ្ធិពលនៃកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
សូមជម្រាបជូនថា សហគ្រិនខ្មែរ ទទួលការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើង ជាអង្គភាពអនុវត្ត ដើម្បីផ្តល់កម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជា មួយដៃគូ និងអ្នកទទួលផលនៃប្រព័ន្ធអេកូសហគ្រិននៅកម្ពុជា។ សហគ្រិនខ្មែរ មានគោលបំណងគៀរគរវិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកមួយ និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងក្រៅពីហិរញ្ញវត្ថុ ដល់អ្នកបង្កើតប្រព័ន្ធអេកូឡូស៊ី សហគ្រិន ពាក់ព័ន្ធទាំងអស់៕ V / N
