Views: 2
ដោយៈ ប.ខុន / ភ្នំពេញៈ ជំនន់ទឹកភ្លៀងនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ បន្ទាប់ពី បានជន់លិចកំណាត់ផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៥៣ និង ១៥៤ ដល់ កម្ពស់ ០,៦០ ម៉ែត្រ ក្រោយពីមានភ្លៀងធ្លាក់ ដល់កម្រិត ៣០០ មីលីម៉ែត្រ នៅតំបន់ភ្នំ ក្នុងរយៈពេល ពីរថ្ងៃមកនោះ ឥឡូវ ទឹកជំនន់បានចាប់ផ្តើមជន់លិចផ្លូវជាតិលេខ៤ នៅចំណុចស្ទឹងសំរោងមួយកន្លែងទៀត នាំឱ្យចរាចរនៅលើផ្លូវនេះ ត្រូវបានផ្អាកជា បណ្តោះអាសន្ន។
ភ្លៀងនៅតែបន្តមានធ្លាក់ច្រើន នៅខេត្តព្រះសីហនុ និងនៅយប់នេះ អាចរុញដល់ខេត្ត កំពង់ស្ពឺ និងរាជធានីភ្នំពេញ ក្នុងកម្រិតពីខ្សោយទៅបង្គួរ តែនៅខេត្តព្រះសីហនុ និងខេត្តកោះកុង នៅតែមានភ្លៀងច្រើន។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា ស្ថានភាពជំនន់ទឹកភ្លៀងលិចកំណាត់ ផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៥៣ និង ១៥៤ ដល់កម្ពស់ ០,៦០ ម៉ែត្រ ក្នុងភូមិសាស្ត្រឃុំស្ទឹងឆាយ ស្រុកកំពង់សីលា បន្ទាប់ពីភ្លៀង ដល់កម្រិតជាង ៣០០ មីលីម៉ែត្រ ក្នុងរយៈពេលពីរថ្ងៃមកនេះបានស្រកចុះបន្តិចទៅវិញហើយ តែចរាចរនៅតែ ផ្អាកការឆ្លងកាត់ដដែល។ នៅរសៀលថ្ងៃនេះ ផ្លូវជាតិលេខ៤ នៅស្ទឹងសំរោង កំពុងប្រឈមនឹងការលិចលង់ដែរ។
ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងផងដែរថា ពេលនេះ មេឃនៅតែបន្តធ្លាក់ភ្លៀង រលឹម ទាំងនៅកំពង់សីលា និងនៅក្រុងព្រះសីហនុ។ នៅក្រុងព្រះសីហនុ ទឹកភ្លៀងធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី ២៧ ខែកញ្ញា មានកម្រិតប្រមាណជា ១៤០ មីលីម៉ែត្រ។ ពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ តែមិនបណ្តាលឱ្យមានការលិចលង់ នៅក្រុងព្រះសីហនុទេ ដោយសារភ្លៀងធ្លាក់មិនគំហុក។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា ស្ថានភាពភ្លៀង ធ្លាក់នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ សម្រាប់យប់ថ្ងៃនេះ អស់ខ្លាំង ត្រឹមកម្រិតបង្គួរ ដោយសារមានភ្នំបាំង។ តែខេត្តព្រះសីហនុ និងខេត្តកោះកុង មានភ្លៀងធ្លាក់ច្រើន ជាពិសេស នៅម្តុំមុខភ្នំកំពង់សីលា និងនៅថ្ងៃទី ២៨ កញ្ញា ភ្លៀងធ្លាក់ច្រើន នៅខេត្តកោះ កុង ។ នៅបណ្តាខេត្តផ្សេងទៀត ក៏មានភ្លៀងធ្លាក់ដែរ តែក្នុងបរិមាណមិនច្រើនទេ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២៤ ខែកញ្ញា បានជូនដំណឹងថា ប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើង នឹងអូសកាត់លើព្រះរាជាណាចក្រកម្ពុជា ព្រមពេលជាមួយគ្នានេះ នៅក្នុងសមុទ្រចិនខាងត្បូង មានសម្ពាធទាបសកម្មមួយ នឹងរំកiលចូលមកតំបន់ព្រំប្រទល់កម្ពុជា ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា សម្ពាធទាបសកម្មនេះ នឹងបង្កឱ្យតំបន់ ខ្ពង់រាប ភាគឦសាន ខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្តាល ភាគពាយព្យ អាចមានភ្លៀង ពីបង្គួរទៅច្រើន នៅអំឡុងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា។
ឯនៅតំបន់មាត់សមុទ្រ នាអំឡុងពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ មានខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ក្នុងសេចក្តីជូនដំណឹង បានសរសេរដោយ អំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដូចបានជម្រាបជូនខាងលើ ព្រមទាំងបងប្អូនប្រជានេសាទសមុទ្រ និងអ្នកដំណើរ តាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕/V