Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កំណែទម្រង់ការគ្រប់គ្រងមូលធនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បញ្ចេញទឹកប្រាក់ ១០០ ពាន់លានដុល្លារក្នុងការផ្តល់មូលនិធិថ្មី សម្រាប់ ទស្សវត្សរ៍ខាងមុខ ដើម្បីជួយដល់អាស៊ី និងប៉ាស៊ីហ្វិក

Views: 1

ដោយៈសុផល/ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣​បានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធន​ដែលបញ្ចេញទឹកប្រាក់ ១00 ពាន់លានដុល្លារ ជាទំហំនៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែល​កើតផ្ទួនៗ និងបន្ត បន្ទាប់គ្នាក្នុងតំបន់។ ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀតតាមរយៈការកៀងគរមូលធនឯកជន​និង​មូលនិធិ​ក្នុង​ស្រុកដើម្បីដំឡើងពីចំនួនពាន់លាន(billions) ទៅចំនួនពាន់ពាន់លាន(trillionsដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាស​ធាតុ។

កំណែទម្រង់ទាំងនេះត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Capital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មីប្រចាំឆ្នាំរបស់ADBដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើន​ឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0ភាគរយ។

ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADBជាមួយការរក្សាបាននូវហានិភ័យ​នានារបស់វា។ កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់ការផ្តល់កម្ចីដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច (Countercyclical Lending Buffer) ដើម្បីគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។

វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឱ្យ ADB ផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ ពាន់លានដុល្លារដល់ DMCs និងអតិថិជន​ផ្នែក​ឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បីធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាព​របស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។

កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការ​ថយចុះនៃដើមទុនក្នុងអំឡុងពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ ក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB នឹងត្រូវពិនិត្យឡើង​វិញ​រៀងរាល់បីឆ្នាំម្តង។

ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា «កំណែទម្រង់សំខាន់ៗទាំងនេះនឹងចូលរួមយ៉ាងខ្លាំងក្លាក្នុងការ​ពង្រីក​សមត្ថភាពរបស់ ADB ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សំខាន់ៗជាច្រើននៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមានធនធាន​សម្បទាន កាន់តែច្រើនសម្រាប់សមាជិកដែលងាយរងគ្រោះរបស់យើង ។ ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយ តបរបស់ ADB ចំពោះការអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) ជួយកាន់តែច្រើននិងលឿន ជាងមុនជាមួយនឹងធនធាន​របស់យើង ។ ធនធានទាំងនេះនឹងជួយតំបន់នេះគ្រប់គ្រងសំណុំស្មុគស្មាញ នៃវិបត្តិកើនឡើងផ្ទួនគ្នា ដោះស្រាយវិសមភាពយេនឌ័រ និងផ្តល់តម្រូវការជាមូលដ្ឋានក្នុងបរិបទបញ្ហា ប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទំហំនៃការផ្តល់ប្រាក់កម្ចីបន្ថែមនេះនឹងត្រូវបានពង្រីក បន្ថែមទៀត ដោយការខិតខំប្រឹងប្រែងបន្ថែមដើម្បីប្រមូលមូលធនឯកជន និងមូលធនក្នុងស្រុក និងដើម្បីបង្កើន ឥទ្ធិពលនៃការងាររបស់​យើង។»

ការកៀរគរមូលធនឯកជននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនមូលធនពី ចំនួនពាន់លាន(millions) ទៅពាន់ពាន់លាន (trillions) ដោយពង្រីកការចូលរួមរបស់វិស័យឯកជននៅក្នុងការងារ អភិវឌ្ឍន៍។ សកម្មភាពនៅថ្នាក់លើ នឹងជួយកែលម្អគោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ចនិងស្ថាប័ន និង បរិយាកាស អំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជន ដែលជំរុញឱ្យមានការកើនឡើងនៃការ វិនិយោគ​ក្នុងស្រុក និងបរទេស។ ជំនួយផ្នែកប្រឹក្សាសម្រាប់ថ្នាក់មធ្យម នឹងជួយបង្កើតគម្រោងត្រៀម និង រៀបចំគម្រោងដែលនឹង​ទទួល​បានជោគជ័យដើម្បីអាចទាក់ទាញការវិនិយោគពីវិស័យឯកជន។ ការផ្តល់ ហិរញ្ញប្បទាននៅថ្នាក់ក្រោម នឹងត្រូវបានរៀបចំឡើងដើម្បីប្រមូល​ផ្តុំ​មូលធនឯកជន សម្រាប់គម្រោង អភិវឌ្ឍន៍ រួមទាំងការកាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជនផងដែរ។ ការសម្រួលពីថ្នាក់លើ និងការ កៀរគរមូលធននិងការចូលរួមនៅថ្នាក់កណ្តាលនិងថ្នាក់ក្រោម នឹងបន្ថែមសមត្ថភាពគាំទ្ររបស់ ADB ដោយបង្កើនធនធានដែលមាន​សម្រាប់​គាំទ្រការអភិវឌ្ឍក្នុងតំបន់។

ប្រទេសនានាក៏ត្រូវតែកៀរគរចំណូលពន្ធបន្ថែម ធ្វើទំនើបកម្មអាជ្ញាធរពន្ធដារតាមរយៈឌីជីថលនីយកម្ម និងសហការដើម្បីធានាបាន​នូវ​ប្រព័ន្ធ​ពន្ធអន្តរជាតិដែលត្រឹមត្រូវនិងដំណើរការល្អ។ ការកៀរគរធនធានក្នុងស្រុក មានសារៈសំខាន់ណាស់ក្នុងកិច្ចខិតខំប្រឹងប្រែង​ដោះស្រាយ​បំណុលប្រកបដោយនិរន្តរភាព និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ADB បានបង្កើតមជ្ឈមណ្ឌល ពន្ធដារ​អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Tax Hub) នៅឆ្នាំ ២០២១ ដើម្បីផ្តល់នូវវេទិកាបើកចំហ និងដោយ បរិយាបន្នសម្រាប់ការសន្ទនា​គោល​​នយោបាយយុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹង និងការសម្រប សម្រួលអភិវឌ្ឍន៍ក្នុងចំណោម ADB ក៏ដូចជាសមាជិក និងដៃគូអភិវឌ្ឍន៍​របស់ខ្លួន។

ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅអាស៊ី និងប៉ាស៊ីហ្វិក ប្រឈមមុខនឹងវិបត្តិដែលកើនឡើង និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដែលបង្ក​គ្រោះថ្នាក់ដល់សុខភាព លទ្ធផលអប់រំ និងជីវភាពរស់នៅរបស់ពួកគាត់។ ប្រជាជនប្រមាណ ១៥៥ លាននាក់ ឬ ៣,៩ភាគរយ​នៃចំនួន​ប្រជាជនក្នុងតំបន់រស់នៅក្នុងភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២ ហើយមនុស្សជាច្រើន ជាពិសេសស្ត្រី ប្រឈមមុខនឹងវិបត្តិថ្លៃទ្រទ្រង់ជីវភាព​ដែលធ្វើឱ្យម្ហូបអាហារ ព្រមទាំងទំនិញនិងសេវាកម្មចាំបាច់ផ្សេងទៀតឡើងថ្លៃខ្ពស់។

CAF ដែលត្រូវបានធ្វើបច្ចុប្បន្នភាពគឺជាគំនិតផ្តួចផ្តើមថ្មីបំផុតរបស់ ADB ដើម្បីបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន។ កាលពីខែឧសភា ADB បានបង្កើត កម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុនៅអាស៊ីនិងប៉ាស៊ីហ្វិក (IF-CAP) ដែលអនុញ្ញាតឱ្យម្ចាស់ជំនួយនានា ធានាផ្នែកមួយចំនួននៃហិរញ្ញប្បទានអធិបតេយ្យក្នុងតារាងតុល្យការរបស់ ADB ដើម្បីពួកគេអាចបញ្ចេញដើមទុនសម្រាប់គម្រោង អាកាស​ធាតុថ្មីៗ។ ADB ក៏បានចូលរូមក្នុងកិច្ចព្រមព្រៀងចែករំលែកនិងរៀនសូតផ្នែករដ្ឋ (sovereign exposure exchange agreements) ជាមួយ MDBs ផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការ អនុវត្តគម្រោងដូចៗគ្នា ហើយ ADB ក៏ដឹកនាំការចូលរួមរបស់ MDBs នៅក្នុងគម្រោងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ការអប់រំ (International Finance Facility for Education)ផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជា​មួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕សរន

Post navigation